Connect with us

រដូវធ្វើត្រីប្រហុកលើកទី២ ត្រីប្រមូលបានច្រើន តែតម្លៃត្រី នៅតែថ្លៃ ជាងឆ្នាំមុន

ភ្នំពេញ ៖ ប្រធានរដ្ឋបាលជនលផល បានអះអាងថា ការប្រមូលផលត្រីក្នុងរដូវធ្វើត្រីប្រហុកលើកទី២ មានចំនួនច្រើន ខណៈប្រជាពលរដ្ឋ ដែលចុះទៅប្រមូលទិញ ក៏មានចំនួនច្រើនដែរ ។ ថ្លែងប្រាប់អ្នកសារព័ត៌មាន លោក អេង ជាសាន ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកប្រធានរដ្ឋ បាលជលផល បានឲ្យដឹងថា ត្រីបានចាប់ផ្តើមសម្រុកចុះពីបឹងទន្លេសាប នៅចន្លោះពីថ្ងៃទី១១ ដល់ថ្ងៃទី១៧ ខែមករា ។
លោក អេង ជាសាន បានអះអាងថា ការប្រមូលផលត្រីនៅឆ្នាំនេះ មានភាពល្អប្រសើរជាងឆ្នាំកន្លងទៅ ដោយសារតែឆ្នាំ២០១៨កន្លងទៅ ទឹកធំតាំងពីដើមរដូវវស្សា ដែលជារដូវហាមឃាត់នេសាទ ហើយត្រីមានលំហរទឹកច្រើនអាចបំលាស់ទីក្នុងការកកើតកូន។ លោក ក៏បានអោយដឹងផងដែរថា ប្រជាពលរដ្ឋជាច្រើន បានចាប់ផ្តើមទៅទិញត្រីធ្វើប្រហុក ផ្អកទុកសម្រាប់បរិភោគផងដែរ ។


សូមបញ្ជាក់ភូមិសាស្ត្រតាមបណ្តោយដងទន្លេសាបក្នុងស្រុកពញាឭ ខេត្តកណ្តាល និងរាជធានីភ្នំពេញ ជាកន្លែងដាក់ដាយចាប់យកត្រីនោះ គឺជាទីតាំងប្រមូលផ្តុំមួយ សម្រាប់ប្រជាពលរដ្ឋនាំគ្នាមកទិញត្រីធ្វើប្រហុក ផ្អក ក្នុងអំឡុងចុងខែធ្នូ និង ដើមខែមករា ដែលជាពេលមួយ ត្រីចាប់ផ្តើមបំលាស់ទីចេញពីបឹងទន្លេសាប ។
ទោះយ៉ាងណា កាលពីរដូវកាលធ្វើត្រីប្រហុក លើកទី១ ពលរដ្ឋដែលមកប្រមូលទិញត្រី បាន សម្តែងការខកចិត្តខ្លះ ដោយសារតែតម្លៃត្រីថ្លៃជាងឆ្នាំមុន ហើយផលត្រីដែលប្រមូលបាននៅទីតាំងធ្វើប្រហុកផ្អក ទាំង៦ ក្នុងរាជធានីភ្នំពេញ មានចំនួនតិច មិនអាចប្រមូលទិញតាមផែនការ ។
យោងតាមក្រុមអាជីវករមួយចំនួន បានអោយដឹងថា តម្លៃត្រីសម្រាប់ធ្វើប្រហុក មួយគីឡូក្រាម មានតម្លៃចន្លោះពី ២៥០០ ទៅ ៣០០០រៀល ខណៈដែលកាលពីឆ្នាំ២០១៧ មានតម្លៃថ្លៃបំផុតត្រឹមតែ ១៥០០រៀលប៉ុណ្ណោះ ។ ដោយឡែក បើតាមប្រភពពីប្រជាពលរដ្ឋដែលមកធ្វើត្រីប្រហុក ផ្អក លើកទី២នេះ ក៏បានរអ៊ូរទាំពីបញ្ហាត្រីនៅឆ្នាំនេះ ដែលមានតម្លៃខ្ពស់ជាងឆ្នាំទៅផងដែរ ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម