Connect with us

ផ្លូវក្រវ៉ាត់ក្រុងទី៣ បានចាប់ផ្តើមសាងសង់ ដោយចំណាយថវិកាជិត ៣០០លានដុល្លាអាមេរិក

ភ្នំពេញ ៖ កម្ពុជា ចំណាយថវិកាជិត ៣០០លានដុល្លារសហរដ្ឋអាមេរិក ដើម្បីសាងសង់ផ្លូវក្រវ៉ាត់ ក្រុងទី៣ ដែលមានប្រវែងជាង ៥០គីឡូម៉ែត្រ ក្នុងគោលបំណងកាត់បន្ថយការកកស្ទះចរាចរក្នុង ទីក្រុង និងការធ្វើសមាហរណកម្មផ្ទៃក្នុង ។
ផ្លូវក្រវ៉ាត់ក្រុងទី៣នេះ ត្រូវបានបើកការដ្ឋានសាងសង់នៅថ្ងៃទី ១៤ ខែមករា ឆ្នាំ២០១៩ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និង ឯកអគ្គរដ្ឋ ទូតចិន ប្រចាំនៅកម្ពុជា ។
គម្រោងផ្លូវនេះ ចំណាយថវិកាសរុបប្រមាណ ២៧៣លានដុល្លារអាមេរិក ដែលជាហិរញ្ញប្បទានសម្បទានពីរដ្ឋាភិបាលចិន ហើយរាជរដ្ឋាភិបាលកម្ពុជា ចូលរួមថវិកាបដិភាគសម្រាប់ការដោះស្រាយផលប៉ះពាល់ ការបោសសម្អាតមីននិងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ពន្ធ និងសួយសារអាករ ។ ការស្ថាបនា នឹងប្រើរយៈពេល៤២ខែ ដែលគ្រោងបញ្ចប់នៅខែធ្នូ ឆ្នាំ២០២១។
បើលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា គម្រោងសាងសង់ផ្លូវក្រវាត់ក្រុងទី៣ តភ្ជាប់ពីផ្លូវជាតិលេខ៤ មកផ្លូវជាតិលេខ១ ស្ថិតនៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងខេត្តកណ្តាល ប្រវែងសរុបជិត៥៣គីឡូម៉ែត្រ ។ ផ្លូវនេះ មានទំហំទទឹងផ្លូវរហូតដល់ទៅ ២៧ម៉ែត្រ សម្រាប់ទីប្រជុំជន និង សម្រាប់ក្រៅទីប្រជុំជនវិញមានទំហំទទឹងផ្លូវ ២៥ម៉ែត្រ ។


លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានអោយដឹងថា ផ្លូវក្រវាត់ក្រុងទី៣នេះ នឹងមានសាងសង់ស្ពានអាកាសឆ្លងកាត់ចំនួន០៤កន្លែង (ឆ្លងកាត់ផ្លូវជាតិលេខ៤ លេខ៣ លេខ២ និង លេខ២១) ប្រវែងសរុប ១,០០០ម៉ែត្រ ។ សាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ ០២កន្លែង ត្រង់កោះអន្លង់ចិន ប្រវែងសរុប ៩៩៦ម៉ែត្រ ក្នុងនោះ ស្ពានបាសាក់ខាងកើតប្រវែង ៦៣០ម៉ែត្រ និង ស្ពានបាសាក់ខាងលិច ប្រវែង៣៦៦ម៉ែត្រ ។ ក្រៅពីនេះ មានការសាងសង់ស្ពានមធ្យម និងខ្លីចំនួន០៦កន្លែង និង លូគ្រប់ប្រភេទ ១១៣កន្លែង។
ផ្លូវក្រវាត់ក្រុងទី៣ គឺផ្លូវដ៏សំខាន់មួយជួយកាត់បន្ថយការកកស្ទះ និងគ្រោះថ្នាក់ចរាចរដែលធ្លាប់មានកន្លងមក និងជួយសម្រួលដល់ការធ្វើដំណើរ និងចរាចរក្នុងរាជធានីបន្ថែមទៀត។ លើសពីនេះទៀតការសាងសង់ផ្លូវក្រវាត់ក្រុងទី៣នេះ គឺជាការតភ្ជាប់ផ្ទៃក្នុង និងសមាហរណកម្មតំបន់ ពិសេស តភ្ជាប់ផ្លូវអាស៊ានហាយវ៉េ និងផ្លូវរបៀងសេដ្ឋកិច្ចសំខាន់ៗរបស់មហាអនុតំបន់មេគង្គ រួមចំណែកក្នុងការសម្រួលការដឹកជញ្ជូនឆ្លងកាត់ព្រំដែន ជំរុញពាណិជ្ជកម្មអន្តរជាតិ និង ភស្តុភារកម្មតំបន់ និងប្រែក្លាយទឹកដីដែលនៅសងខាងផ្លូវខ្សែក្រវាត់ក្រុងនេះ ទៅជាតំបន់អភិវឌ្ឍបូរីលំនៅដ្ឋាន តំបន់ភស្តុភារកម្ម និងឧស្សាហកម្ម ដ៏មានសក្តានុពល និងប្រសិទ្ធភាពសេដ្ឋកិច្ចរបស់កម្ពុជា ។

សូមបញ្ជាក់ បច្ចុប្បន្នផ្លូវក្រវាត់ក្រុងទី២ កំណាត់ទី២ របស់កម្ពុជាកំពុងដំណើរការសាងសង់ជិតនឹងបញ្ចប់ផងដែរ ។ ផ្លូវក្រវាត់ក្រុងទី២ តភ្ជាប់ពីផ្លូវមិត្តភាពកម្ពុជា-វៀតណាម តភ្ជាប់តាមបណ្តោយផ្លូវណ័ដប្រ៊ីដ ផ្លូវទ្រុងមាន់ ផ្លូវភូមិទួលពង្រ ផ្លូវទំនប់ ៧មករា ផ្លូវ ៦០ម៉ែត្រ ហៅមហាវិថីតេជោ តភ្ជាប់ទៅផ្លូវជាតិលេខ២ ត្រង់គីឡូម៉ែត្រលេខ ១៤+៤១៧ ចំណុចគល់ស្ពានព្រែកហូរ ផ្នែកខាងជើង នៅត្រង់ភូមិតាក្តុល សង្កាត់តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្តាល និង តភ្ជាប់ទៅផ្លូវលេខ១១៥ និងស្ពានមិត្តភាពកម្ពុជា-ចិន ក្រុងតាខ្មៅ ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម