Connect with us

វីង និង អម្រឹត ចាប់ដៃគូគ្នា ក្នុងការផ្តល់សេវាដាក់ប្រាក់ និងផ្ទេរប្រាក់ សម្រាប់អតិថិជន

ភ្នំពេញ ៖ ធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីត សហការជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត ដើម្បីដាក់ឲ្យដំណើរការនូវសេវាដាក់ប្រាក់ និងផ្ទេរប្រាក់ រវាងគណនី និងគណនី ដើម្បី ផ្តល់ភាពងាយស្រួលមួយកម្រិតថែមទៀតដល់អតិថិជន នៃគ្រឹះស្ថានហិរញ្ញវត្ថុទាំង២ ។
តាមរយៈភាពជាដៃគូនេះ អតិថិជនរបស់វីង និងអម្រឹត នឹងអាចធ្វើការផ្ទេរប្រាក់ ពីគណនីអម្រឹតទៅគណនីវីង ឬ ពីគណនីវីង ទៅគណនីអម្រឹត តាមរយៈកម្មវិធីស្មាតហ្វូនវីង ឬ USSD *989# ។ លើសពីនេះទៀត អតិថិជនរបស់អម្រឹត អាចដាក់ប្រាក់ទៅក្នុងគណនីអម្រឹតរបស់ពួកគេ ដោយគ្រាន់តែទៅកាន់ភ្នាក់ងារវីងជាង ៦០០០ កន្លែង នៅទូទាំងប្រទេស ។


ការដាក់ឲ្យដំណើរការនៃសេវាទាំងពីរនេះ នឹងជំនួសឲ្យទម្លាប់ជាទូទៅ នៃការដាក់ប្រាក់របស់អតិថិជនអម្រឹតរាប់ពាន់នាក់ ដែលជាទូទៅពួកគាត់ ត្រូវធ្វើដំណើរទៅកាន់សាខាណាមួយរបស់អម្រឹត ដើម្បីធ្វើប្រតិបត្តិការនេះ។ ផ្ទុយទៅវិញ តាមរយៈសេវាថ្មីនេះ ពួកគាត់អាចចូលទៅក្នុងកម្មវិធី Wing Money ឬ USSD *989# ដើម្បីធ្វើការផ្ទេរប្រាក់ ឬ ទៅភ្នាក់ងារវីងណាមួយ ដើម្បីធ្វើការដាក់ប្រាក់ទៅក្នុងគណនីអម្រឹត ដែលភាពងាយស្រួលនេះ នឹងអាចជួយបង្កើនផលបត្រហិរញ្ញវត្ថុរបស់ពួកគាត់ ក្នុងការប្រើប្រាស់នាពេលអនាគត ឬ ការបង់ប្រាក់សងត្រលប់ នៃប្រាក់កម្ចីប្រចាំខែរបស់ពួកគាត់ ។
ខណៈពេលចូលរួមនៅក្នុងពិធីដាក់ឲ្យដំណើរការ នៅឯការិយាល័យកណ្តាលរបស់អម្រឹត លោក ចូចូ ម៉ាឡូឡូស អគ្គនាយកធនាគារឯកទេសវីង បានមានប្រសាសន៍ថា ភាពជាដៃគូរវាង វីង និង អម្រឹត ត្រូវបានធ្វើឡើងក្នុងការប្តេជ្ញាចិត្តរួមគ្នា នៅក្នុងការដាក់បញ្ចូលហិរញ្ញវត្ថុ ទៅដល់អ្នកមិនមានគណនីធនាគារ និង មិនស្ថិតក្នុងបណ្តាញធនាគារ ក្នុងការប្រើប្រាស់សេវាហិរញ្ញវត្ថុ និង ចូលរួមចំណែកដល់ការរីកចម្រើននៃសេដ្ឋកិច្ចជាតិ។
លោក ចូចូ ម៉ាឡូឡូស បន្តទៀតថា “ជាមួយនឹងការចាប់ផ្តើមនេះ យើងបានឈានដល់ដំណាក់កាលមួយផ្សេងទៀតនៅក្នុងបេសកកម្មរបស់យើង ដើម្បីផ្ដល់សេវាផ្ទេរប្រាក់ និង តម្រូវការដាក់ប្រាក់ របស់អតិថិជនរបស់យើង។ មិនថាជាការធ្វើប្រតិបតិ្តការហិរញ្ញវត្ថុប្រចាំថ្ងៃ ការបង្វិលប្រាក់សម្រាប់ធ្វើការវិនិយោគ ក្នុងរយៈពេលវែង ឬ ការដាក់ប្រាក់បញ្ញើជាសាច់ប្រាក់ភ្លាមៗ គឺវាស្ថិតនៅក្នុងដៃរបស់អតិថិជន វីង និង អម្រឹត តាមរយៈសេវាកម្មផ្ទេរប្រាក់ ពីគណនីទៅគណនី និងការដាក់ប្រាក់បញ្ញើជាសាច់ប្រាក់ រួមជាមួយនឹងការផ្ដល់ជូននូវលទ្ធភាពជាច្រើនផ្សេងទៀត។”

លោក ជា ផល្លារិន អគ្គនាយកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត បានមានប្រសាសន៍ថា គោលបំណងធំបំផុត នៃការចាប់ផ្តើមដំណើការរបស់គ្រឹះស្ថានហិរញ្ញវត្ថុទាំងពីរនេះ គឺដើម្បីបំពេញតម្រូវការសេវាហិរញ្ញវត្ថុរបស់អតិថិជន និង ធានាថា ពួកគាត់មានឧបករណ៍ដើម្បីសម្របសម្រួល ក្នុងការសម្រេចចិត្តផ្នែកហិរញ្ញវត្ថុ ក្នុងរយៈពេលខ្លី និង រយៈពេលវែង ដែលពួកគាត់ត្រូវធ្វើ។
លោក បានបន្តទៀតថា៖ “ឈ្មោះរបស់យើង “អម្រឹត” មានន័យថា ចម្រើនរុងរឿង។ យើង [អម្រឹត] ផ្តល់ជូននូវសេវាហិរញ្ញវត្ថុ និងដំណោះស្រាយ ដោយផ្ដោតទៅលើចំណាប់អារម្មណ៍របស់អតិថិជន សម្រាប់សេវាហិរញ្ញវត្ថុក្នុងរយៈពេលវែង ។ ភាពខ្លាំងនៃអាជីវកម្មរបស់យើង [អម្រឹត] គឺជាលទ្ធផលដោយផ្ទាល់ពីជំនឿចិត្ត និងទំនុកចិត្តរបស់អតិថិជន ដែលមានចំពោះយើង [អម្រឹត] ហើយក៏ដូចជាជំនឿចិត្ត និងទំនុកចិត្តដែលយើង [អម្រឹត] មាន ចំពោះដៃគូរបស់យើង [អម្រឹត] មានដូចជា វីង ជាដើម។”
ភាពជាដៃគូនេះ នឹងអនុញ្ញាតឱ្យគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត ឈានទៅដល់អតិថិជនគោលដៅរបស់ខ្លួន ដែលមានទីតាំងស្ថិតនៅក្នុងតំបន់ ដែលមានវត្តមានភ្នាក់ងារវីងនៅទីនោះ បន្ថែមទៅលើសេវាកម្មបង់ត្រលប់នៃប្រាក់កម្ចី ដែលស្ថាប័នទាំងពីរ បានផ្ដល់ជូនកាលពី ២ ឆ្នាំមុន។


បន្ថែមពីលើភាពងាយស្រួល នៃការផ្ទេរប្រាក់រវាងគណនីនិងគណនី អតិថិជនរបស់អម្រឹត ក៏អាចរីករាយជាមួយនឹងសេវាកម្មហិរញ្ញវត្ថុចល័តថ្មី ដែលផ្តល់ជូននៅក្នុងកម្មវិធីស្មាតហ្វូនវីង រួមមាន សេវាផ្ទេរប្រាក់ក្នុងស្រុក និងអន្តរជាតិ ការបញ្ចូលទឹកប្រាក់ទូរស័ព្ទ ការទូទាត់វិក្កយបត្រ ទូទាត់តាមអ៊ិនធឺណែត និង QR កូដ និង ប្រតិបត្តិការជាច្រើនទៀត។
ដើម្បីអបអរសាទរចំពោះភាពជាដៃគូនេះ ចាប់ពីថ្ងៃទី ១ ខែមករា ដល់ថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០១៩ អតិថិជនដែលធ្វើប្រតិបត្តិការផ្ទេរប្រាក់រវាងគណនីវីង និងអម្រឹត និងពីគណនីអម្រឹតទៅគណនីវីង នឹងមិនត្រូវបានគិតថ្លៃសេវានោះទេ។ ការមិនគិតកម្រៃនេះ ផ្ដល់ជូនចំពោះតែអតិថិជន ដែលធ្វើប្រតិបត្តិការតាមរយៈកម្មវិធី Wing Money ឬ USSD *989# តែប៉ុណ្ណោះ៕

សូមទស្សនាវិដេអូ៖

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម