Connect with us

រាជរដ្ឋាភិបាល ទុករយៈពេលមួយខែ ដើម្បីប្រមូលលិខិតឆ្លងដែនការទូត ដែលបានចេញដល់ទីប្រឹក្សាដែលគ្មានសញ្ជាតិខ្មែរពីកំណើត

ភ្នំពេញ ៖ ក្រសួងការបរទេស បានស្នើក្រសួងមហាផ្ទៃ និង ក្រសួងពាក់ព័ន្ធនានា ឲ្យប្រមូលលិខិតឆ្លងដែនការទូត សម្រាប់ទីប្រឹក្សាដែលគ្មានសញ្ជាតិខ្មែរពីកំណើត អោយអស់ក្នុងរយៈពេល ១ខែ ។
ការស្នើប្រមូលនេះ បានធ្វើឡើងក្រោយពេលដែលប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានចេញសារាចរណែនាំមួយ ស្តីពីការផ្តល់លិខិតឆ្លងដែនការទូតដល់ជនបរទេស ដែលត្រូវបានតែងតាំងធ្វើជាទីប្រឹក្សា ឬ ជំនួយការសម្រាប់ឥស្សរជននយោបាយ និង ស្ថាប័ននានា ។


លោក កេត សុផាន់ អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានថ្លែងប្រាប់អ្នកសារព័ត៌មានថា ក្រសួងការបរទេស បានស្នើសុំទៅរាជរដ្ឋាភិបាល ឲ្យចេញសារាចរណែនាំនេះ ។ ជាមួយគ្នានេះ ក្រសួងការបរទេស ក៏បានស្នើដល់ក្រសួងពាក់ព័ន្ធ ប្រមូលលិខិតឆ្លងដែនការទូតសម្រាប់ទីប្រឹក្សាដែលគ្មានសញ្ជាតិខ្មែរពីកំណើត អោយអស់ក្នុងរយៈពេល ១ខែ ។
ទោះយ៉ាងណា អ្នកនាំពាក្យ មិនបានថ្លែងប្រាប់លម្អិតពីនីតិវិធី ដែលនឹងត្រូវអនុវត្តក្រោយពេល ប្រមូលលិខិតឆ្លងដែនកាទូតទាំងនេះ នោះទេ ។
បើយោងតាមសារាចរណែនាំរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាក់ថា កន្លងមករាជរដ្ឋាភិបាល សង្កេតឃើញថា ឥស្សរជន និងក្រសួង ស្ថាប័នមួយចំនួន បានតែងតាំងបុគ្គលដែលជាពលរដ្ឋបរទេស ឲ្យធ្វើជាទីប្រឹក្សា និងជំនួយការ ហើយក្នុងចំណោមបុគ្គលទាំងនោះ មានខ្លះបានចូលសញ្ជាតិខ្មែរ និង បានដាក់ពាក្យសុំប្រើប្រាស់លិខិតឆ្លងដែនការទូតនៃព្រះរាជាណាចក្រកម្ពុជា ។
ដើម្បីបង្ការទប់ស្កាត់ការប្រើប្រាស់លិខិតឆ្លងដែនការទូតមិនត្រឹមត្រូវទៅតាមបេសកកម្មស្របតាមអនុក្រឹត្យចុះថ្ងៃទី ៣ ខែធ្នូ ឆ្នាំ ២០០៨ នោះ សម្តេចតេជោ បានណែនាំថា លិខិតឆ្លងដែនការទូតនៃព្រះរាជាណាចក្រកម្ពុជា មិនត្រូវផ្តល់ជូនទីប្រឹក្សា ឬ ជំនួយការដែលគ្មានសញ្ជាតិខ្មែរពីកំណើតនោះទេ លើកលែងតែក្នុងករណីដែលរាជរដ្ឋាភិបាលយល់ថា ចាំបាច់បំផុត ។


ជាមួយនេះ សម្តេចតេជោ បានណែនាំក្រសួងស្ថាប័នមានភារកិច្ច ប្រមូលលិខិតឆ្លងដែនការទូតដែលក្រសួងស្ថាប័ននោះ បានស្នើសុំជូនទីប្រឹក្សា និងជំនួយការរបស់ខ្លួន ដែលពុំមានសញ្ជាតិខ្មែរពីកំណើត ហើយប្រគល់ជូនក្រសួងការបរទេសនិងសហប្រតិបត្ដិការអន្តរជាតិ មិនឲ្យហួសរយៈពេល ១ ខែគិតចាប់ពីថ្ងៃចុះហត្ថលេខាលើសារាចរនេះ ។
បើតាមសារាចររបស់សម្តេចតេជោ គឺ ក្រសួងការបរទេស និងសហប្រតិបត្ដិការអន្ដរជាតិ មានភារកិច្ចពិនិត្យ និង ធ្វើមោឃភាពលិខិតឆ្លងដែនការទូតទាំងនោះ ដែលកន្លងមកត្រូវបានផ្តល់ជូនបុគ្គលដែលគ្មានសញ្ជាតិខ្មែរពីកំណើត ។
សារាចរណែនាំ ក៏បានបង្គាប់ឲ្យក្រសួងមហាផ្ទៃទប់ស្កាត់ការប្រើប្រាស់លិខិតឆ្លងដែនការទូតទាំងនោះ សម្រាប់ការចេញចូលនៅតាមច្រកទ្វារព្រំដែននានានៃព្រះរាជាណាចក្រកម្ពុជាដែរ ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម