Connect with us

ក្រុមហ៊ុនឯកជនមួយ ចុះកិច្ចសន្យាប្រមូលទិញស្ករត្នោត ៥៣តោន ពីសហគមន៍ឈូកសាមគ្គីមានជ័យ នៅស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ

កំពង់ធំ ៖ ក្រុមហ៊ុន Signatures of Asia ដែលជាអ្នកផ្គត់ផ្គង់ស្ករត្នោតនាំមុខគេទាំងក្នុង និង ក្រៅប្រទេស បានចុះហត្ថលេខាទទួលទិញស្ករត្នោត ចំនួន៥៣តោន ពីសហគមន៍ឈូកសាមគ្គីមានជ័យ ដែលមានទីតាំងនៅស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ដើម្បីផ្គត់ផ្គង់ចូលទីផ្សារដែលកំពុងមានតម្រូវការខ្ពស់ ពីអ្នកប្រើប្រាស់ទាំងក្នុង និងក្រៅប្រទេស ។
ពិធីចុះហត្ថលេខានេះ បានធ្វើឡើងដោយមានការអញ្ជើញចូលរួមពីតំណាងក្រសួងកសិកម្ម អាជ្ញាធរខេត្តកំពង់ធំ និង អាជ្ញាធរនៅមូលដ្ឋាន រួមជាមួយនឹងខាងក្រុមហ៊ុន ។
ការចុះហត្ថលេខានេះ គឺក្នុងក្របខ័ណ្ឌផលិតកម្មកសិកម្ម តាមកិច្ចសន្យា ដែលនាំផលប្រយោជន៍ដល់កសិករ ដែលជាអ្នកផលិតស្ករត្នោត លក់បានតម្លៃខ្ពស់សមរម្យ និងធានាបានដល់អ្នកប្រើប្រាស់ស្ករត្នោតសុទ្ធ ពិតប្រាកដ មិនក្លែងក្លាយ ។
បើតាមលោក ចាន់ ពេជ្រ អ្នកគ្រប់គ្រងទូទៅក្រុមហ៊ុន Signatures of Asia បានថ្លែងថា កន្លងមកក្រុមហ៊ុនធ្លាប់តែនាំចេញ ស្ករត្នោតដែលមានគុណភាពខ្ពស់ទៅកាន់ទីផ្សារអឺរ៉ុប ។ តែដោយមើលឃើញថា អ្នកបរិភោគក្នុងស្រុក កំពុងជួបប្រទះបញ្ហាស្ករត្នោតក្លែងក្លាយ ទើបក្រុមហ៊ុនលោក មកពង្រីកផលិតកម្មស្ករត្នោតនៅខេត្តកំពង់ធំនេះ ដែលធានាបាននូវស្តង់ដារផលិតផលដូចគ្នានឹងផលិតផលនាំចេញ ដើម្បីចូលរួមលើកកម្ពស់ជីវភាពកសិករនៅទីនេះផង និងធ្វើការផ្គត់ផ្គង់ស្ករត្នោតគុណភាពល្អទាំងនេះ ទៅកាន់អ្នកប្រើប្រាស់ក្នុងស្រុកផង។


សូមជម្រាបថា សហគមន៍ឈូកសាមគ្គីមានជ័យ មានសមត្ថភាពផលិត និងផ្គត់ផ្គង់ស្ករត្នោតធម្មជាតិរបស់ខ្មែរ ទៅអោយក្រុមហ៊ុន ដើម្បីចែកចាយទៅកាន់ទីផ្សារទាំងក្នុងស្រុក និងក្រៅប្រទេសដោយមានការជួយសម្របសម្រួលពីគម្រោងអភិវឌ្ឍន៍អាជីវកម្ម ប្រកបដោយនិរន្តភាពនៅកម្ពុជា នៃអង្គការទស្សនៈពិភពលោកកម្ពុជា ។ គម្រោងនេះ បានទទួលជំនួយពីរដ្ឋាភិបាលអូស្ត្រាលី (Australian Aid) ដែលមានគោលដៅបង្កើនប្រាក់ចំណូលដល់សមាជិកសហគមន៍កសិកម្ម ដើម្បីឆ្លើយតបជាមួយសុខុមាលភាពនៅក្នុងខេត្តកំពង់ធំ កណ្តាល និងខេត្តព្រះវិហារ៕

 

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម