Connect with us

ទីបំផុត រដ្ឋមន្រ្តីសុខាភិបាល សម្រេចបិទមន្ទីរពេទ្យ វ៉ិចតូរៀ តែម្តង ក្រោយរឿងអាស្រូវបង្ខំអ្នកជម្ងឺឲ្យវះកាត់

ភ្នំពេញ៖ នៅទីបំផុត រដ្ឋមន្រ្តីក្រសួងសុខាភិបាលកម្ពុជា បានសម្រេចបិទមន្ទីរពេទ្យវ៉ិចតូរៀ តែម្តងក្រោយចាប់បង្ខំនារីម្នាក់ឲ្យវះកាត់ និងបង្ខាំងម្ដាយនារីរងគ្រោះ ព្រោះគ្មានប្រាក់បង់ថ្លៃព្យាបាល ដែលធ្វើឲ្យមានការរិះគន់ និងកក្រើកនៅតាមបណ្តាញសង្គម Facebook ។
ការសម្រេចបិទមន្ទីរពេទ្យនេះ គឺក្រោយពេលដែលក្រុមការងារក្រសួង បានបញ្ចប់ការស្រាវជ្រាវ ជុំវិញហេតុការណ៍ដែលផ្ទុះឡើងកាលពីយប់ថ្ងៃទី ១៣ ខែមករា នៅមុខមន្ទីរពេទ្យ វ៉ិចតូរៀ ដែលស្ថិតនៅផ្លូវលេខ ៣១៥ សង្កាត់បឹងកក់២ ខណ្ឌទួលគោក ។


រដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង តាមរយៈសេចក្តីសម្រេច នៅរសៀលថ្ងៃទី១៤ ខែមករានេះ បានលើកឡើងថា សម្រេចបិទមន្ទីរពេទ្យឯកជនឈ្មោះ វ៉ិចតូរៀ ដែលជារបស់លោកស្រី វេជ្ជបណ្ឌិត សៀង សុគន្ធ ជាអ្នកទទួលខុសត្រូវ ដោយមូលហេតុគ្មានការគោរពតាមលិខិតបទដ្ឋានរបស់ក្រសួងសុខាភិបាល ។
សូមជម្រាបថា កាលពីយប់មិញ ស្ថិតនៅមន្ទីរពេទ្យវ៉ិចតូរៀ មានហេតុការណ៍នារីម្នាក់ បានទៅមន្ទីរពេទ្យនេះ ជាមួយម្ដាយ ដើម្បីមកពិនិត្យជំងឺរោគស្ត្រី ។ បន្ទាប់ពីបានពិនិត្យរួច ស្រាប់តែខាងមន្ទីរពេទ្យ បានប្រាប់ឲ្យនារីរងគ្រោះ ត្រូវតែវះកាត់ បើមិនវះកាត់ទេអាចនឹងស្លាប់ ។ ភ្លាមៗនោះ នារីរងគ្រោះ បាននិយាយថា គ្មានប្រាក់ទេ និងបានសុំអង្វរចេញទៅក្រៅវិញ តែបែរជាខាងមន្ទីរពេទ្យបង្ខិតបង្ខំឲ្យនារីរងគ្រោះ ត្រូវតែធ្វើការវះកាត់ជាបន្ទាន់ ហើយថែមទាំង មិនប្រាប់ពីតម្លៃនៃការវះកាត់ទៀតផង ។
ជាមួយនេះ មន្ទីរពេទ្យ បានយកក្រដាស១សន្លឹក មិនដឹងថា ជាសរសេរអ្វីខ្លះនោះទេ បានឲ្យម្ដាយរបស់នារីរងគ្រោះ ផ្ដិតមេដៃ។ លុះក្រោយធ្វើការវះកាត់រួច មន្ទីរពេទ្យបានយកវិក័យប័ត្របង់ថ្លៃវះកាត់មកឲ្យគាត់ ដោយអស់ប្រាក់ចំនួន ២,០០០ដុល្លារ ថ្លៃពិនិត្យ១០ដុល្លារ ថ្លៃពិសោធន៍៤៦ដុល្លារ ហើយការវះកាត់នេះ មិនទាន់ដឹងថា ជាជំងឺអ្វីឲ្យប្រាកដនោះទេ ។
ពេលនោះ ម្ដាយរបស់នារីរងគ្រោះ គាត់មានប្រាក់តែ៦០០ដុល្លារទេ សល់ប៉ុន្មានគាត់សុំរំលួស ម្ដង១០០ដុល្លារ តែករណីនេះខាងមន្ទីរពេទ្យមិនព្រមទេ ទាល់តែមាន៥០០ដុល្លារទៀត ហើយខាងសន្តិសុខពេទ្យ ក៏យកច្រវាក់មកចាក់ទ្វារ មិនឲ្យក្រុមគ្រួសាររបស់គាត់ចេញឡើយ ។
ក្រោយការវះកាត់ នារីរងគ្រោះ បានមានអាការៈឈឺចុកចាប់ខ្លាំង ត្រូវក្រុមគ្រួសារហៅម៉ូតូកង់បី ដឹកយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យរដ្ឋវិញ ហើយករណីនេះ ក៏បានបង្កឲ្យមានការភ្ញាក់ផ្អើល ដល់សាធារណៈជន ក្រោយមានការផ្សព្វផ្សាយផងដែរ ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម