Connect with us

ប្រទេសចំនួន៤ រួមគ្នាពង្រឹងការត្រួតពិនិត្យគ្រឿងញៀនឆ្លងកាត់ព្រំដែន និងការប្រើប្រពន្ធ័ GPS ដើម្បីបង្រ្កាបបទល្មើស

ខេត្តព្រះសីហនុ៖ ក្រោមការសម្របសម្រួលពីអង្គការសហប្រជាជាតិ ទទួលបន្ទុកការងារគ្រឿងញៀន និងឧក្រឹដ្ឋកម្ម នៅថ្ងៃទី ១៤ ខែមករា មន្រ្តី នៃស្ថាប័នត្រួតពិនិត្យគ្រឿងញៀន ចំនួន ៤ ប្រទេស រួមមាន កម្ពុជា ថៃ ឡាវ និង ប្រទេសវៀតណាម បានជួបប្រជុំគ្នាលើការងារសម្របសម្រួលឆ្លងកាត់ព្រំដែន ជូនដល់មន្រ្តីទំនាក់ទំនងព្រំដែន BLO ឈរជួរមុខ ។
លោក អ៊ីហ្គរ កុងដ្រាតយ៉េវ (Igor Kondratyev) តំណាងអង្គការ UNODC ទទួលបន្ទុកសម្របសម្រួលកិច្ចការការិយាល័យទំនាក់ទំនងព្រំដែន BLO បានមានប្រសាសន៍ថា គោលបំណងនៃជំនួបនេះ គឺ ដើម្បីពង្រឹងសមត្ថភាពមន្រ្តីសម្របសម្រួលជួរមុខតាមព្រំដែន ក្នុងការបង្ការទប់ស្កាត់បទល្មើសគ្រឿងញៀនឆ្លងកាត់ព្រំដែន ។
ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានចាត់ទុកជំនួបនេះ ថាមានសារៈសំខាន់ណាស់ ក្នុងការជួយដល់មន្រ្តីអនុវត្តច្បាប់ ត្រួតពិនិត្យគ្រឿងញៀននៃប្រទេសចំនួន៤ បង្កើនប្រសិទ្ធភាព ក្នុងការសហការផ្តល់ព័ត៌មាន វិភាគព័ត៌មាន ឆ្ពោះទៅធ្វើការបង្រ្កាបបទល្មើសគ្រឿងញៀនឆ្លងកាត់ព្រំដែន និងបំផ្លាញអង្គការចាត់តាំងក្រុមឧក្រឹដ្ឋជនជួញដូរគ្រឿងញៀន ។
ក្រៅពីនេះ ក៏មានការពង្រឹងនូវការអនុវត្តវិធានប្រគល់ ដោយមានការឃ្លាំមើលមុខសញ្ញាជួញដូរគ្រឿងញៀន ដោយប្រើប្រពន្ធ័ GPS ដើម្បីបង្រ្កាប និង ឃាត់ខ្លួនអ្នកដែលជាប់ពាក់ព័ន្ធនៅប្រទេសទាំងសងខាង ។
សូមបញ្ជាក់ថា កិច្ចប្រជុំពីការសម្របសម្រួលការឆ្លងកាត់ព្រំដែន សម្រាប់មន្ត្រីសម្របសម្រួលជួរមុខតាមបណ្តោយព្រំដែន ប្រារព្ធធ្វើឡើងរយ:ពេលបីថ្ងៃ ពីថ្ងៃទី១៤ ដល់ថ្ងៃទី ១៧ ខែមករា ឆ្នាំ២០១៩ នៅខេត្តព្រះសីហនុ នៃព្រះរាជាណាចក្រកម្ពុជា ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម