Connect with us

មន្ត្រីអគ្គនាយកដ្ឋានកាំកុងត្រូល នៅតែបន្តយុទ្ធនាការត្រួតពិនិត្យតម្លៃប្រេងឥន្ធនៈទូទាំងប្រទេស

(ភ្នំពេញ)៖ នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៨នេះ យុទ្ធនាការត្រួតពិនិត្យតម្លៃប្រេងឥន្ធនៈនៅតាមបណ្ដាស្ថានីយ និងដេប៉ូលក់ ប្រេងឥន្ធនៈនានា នៅតែបន្តធ្វើឡើងដោយមន្ត្រីរបស់អគ្គនាយកដ្ឋានកាំកុងត្រូល នៃក្រសួងពាណិជ្ជកម្ម ដើម្បីពង្រឹងប្រសិទ្ធភាព នៃការអនុវត្តន៍បទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបានឯកភាពឲ្យមានការបញ្ចុះតម្លៃប្រេងឥន្ធនៈ ១៦០រៀល/លីត្រ ពោលគឺ ៣,៩៥០រៀល សម្រាប់ប្រេងសាំងធម្មតា និង៣,៧៥០រៀល សម្រាប់ប្រេងម៉ាស៊ូត។

មន្ត្រីអគ្គនាយកដ្ឋានកាំកុងត្រូល បានឱ្យដឹងថា សម្រាប់ថ្ងៃទី១១ នៃយុទ្ធនាការនេះ មន្ត្រីរបស់អគ្គនាយកដ្ឋានកាំកុងត្រូល បានចុះទៅកាន់ស្ថានីយ និងដេប៉ូលក់ប្រេងឥន្ធនៈចំនួន ៣៧ ស្ថានីយទូទាំងប្រទេស ដែលមានដូចជា៖

-ខេត្តព្រៃវែង៖ មន្ត្រីសាខាកាំកុងត្រូលខេត្តព្រៃវែង បានចុះទៅកាន់ស្ថានីយប្រេងបានចំនួន ០៤ទីតាំង។
-ខេត្តរតនគិរី៖ មន្ត្រីសាខាកាំកុងត្រូលខេត្តស្ទឹងត្រែង បានចុះទៅត្រួតពិនិត្យ និងណែនាំស្ថានីយប្រេងបានចំនួន ០៥ទីតាំង។
-ខេត្តស្វាយរៀង៖ មន្ត្រីសាខាកាំកុងត្រូលខេត្តស្វាយរៀង បានចុះទៅត្រួតពិនិត្យ និងណែនាំស្ថានីយប្រេងបានចំនួន ០៥ទីតាំង។
– រាជធានីភ្នំពេញ៖ មន្ត្រីសាខាកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញ និងសាខាកំពង់ផែអន្តរជាតិភ្នំពេញ បានចុះទៅត្រួតពិនិត្យ និងណែនាំស្ថានីយប្រេងបានចំនួន ២៣ទីតាំង នៅក្នុងខណ្ឌមួយចំនួន នៃរាជធានីភ្នំពេញ។

មន្ត្រីអគ្គនាយកដ្ឋានកាំកុងត្រូល បានបន្ថែមទៀតថា ចំពោះស្ថានីយ និងដេប៉ូលក់ប្រេងឥន្ធនៈ ដែលបានរកឃើញមានបញ្ហា ជាមួយ តម្លៃប្រេង មន្ត្រីរបស់អគ្គនាយកដ្ឋានកាំកុងត្រូល បានធ្វើការសម្របសម្រួល និងណែនាំដល់ម្ចាស់ស្ថានីយទាំងអស់នោះ ធ្វើការកែប្រែតម្លៃប្រេងភ្លាមៗ ទៅតាមបទបញ្ជារបស់ ប្រមុខរាជរដ្ឋាភិបាល និងសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម ដើម្បីរួមចំណែកដោះស្រាយការលំបាក និងជួយសម្រួល ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋទូទាំងប្រទេស៕

    Loading...

    ពេញនិយម

    WP2Social Auto Publish Powered By : XYZScripts.com