Connect with us

ធនាគារកណ្តាលកម្ពុជា និងឡាវ សហការគ្នាពង្រឹងលើវិស័យហិរញ្ញវត្ថុ នៃប្រទេសទាំងពីរ

ភ្នំពេញ ៖ ថ្នាក់ដឹកនាំនៃធនាគារកណ្តាលកម្ពុជា និងឡាវ បានជួបប្រជុំគ្នា នៅរាជធានីភ្នំពេញ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យហិរញ្ញវត្ថុ ក៏ដូចជាប្រព័ន្ធធនាគារនៃប្រទេសទាំងពីរឲ្យកាន់តែប្រសើរឡើងថែមទៀត ។
កិច្ចប្រជុំទ្វេភាគីនេះ ដឹកនាំដោយ លោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា និងលោក Sonexay SITPHAXAY ទេសាភិបាលធនាគារកណ្តាលឡាវ ដែលទើបតែតែងតាំងថ្មី ។ ក្នុងកិច្ចប្រជុំនោះ ភាគីទាំងពីរ បានផ្លាស់ប្ដូរមតិយោបល់អំពីវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរ ស្ថានភាពរីកចម្រើននៃវិស័យសេដ្ឋកិច្ច និងធនាគារ ក៏ដូចជាទិសដៅការងារដែលមន្ដ្រីខ្លួន ត្រូវបន្ដកិច្ចសហប្រតិបត្តិការ នាពេលអនាគត។


លោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានអបអរសាទរចំពោះរដ្ឋាភិបាលសាធារណរដ្ឋ ប្រជាធិបតេយ្យប្រជាមានិតឡាវ ជាពិសេសធនាគារកណ្តាលឡាវ ដែលសម្រេចបានការអភិវឌ្ឍន៍វិស័យធនាគារ ប្រកបដោយភាពរឹងមាំ ក្នុងស្ថានភាពល្អប្រសើរនៃម៉ាក្រូសេដ្ឋកិច្ច និងស្ថិរភាពហិរញ្ញវត្ថុ ជាមួយនិងទស្សនវិស័យវិជ្ជមាន នៅឆ្នាំ២០១៩។
លោក បានថ្លែងថា តាមរយៈការផ្លាស់ប្តូរយោបល់គ្នានេះ ឃើញថា វិស័យធនាគារក្នុងប្រទេសទាំងពីរ មានបញ្ហាប្រឈមប្រហាក់ប្រហែលគ្នាមួយចំនួនធំ ជាពិសេស លើការពង្រឹងសមត្ថភាពធនធានមនុស្ស ក្របខណ្ឌច្បាប់ កំណែទម្រង់វិធីសាស្ត្រនៃការត្រួតពិនិត្យ ការអនុវត្តគោលនយោបាយរូបិយវត្ថុ និងប្តូរប្រាក់ ដើម្បីគាំទ្រស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ក៏ដូចជាកំណើនសេដ្ឋកិច្ច ។ ស្ថិតក្នុងបរិការណ៍នេះ ការបន្តផ្លាស់ប្តូរចំណេះដឹង និងបទពិសោធន៍ ជាពិសេសតាមរយៈទស្សនកិច្ចទៅវិញទៅមក នៅតែមានសារៈសំខាន់ សម្រាប់មន្ត្រីជំនាញរបស់ធនាគារកណ្តាលទាំងពីរ។
លោក បានបន្ថែមថា កិច្ចសហប្រតិបត្តិការគ្នានេះ ពិតជាបាន រួមចំណែកយ៉ាងសំខាន់នៅក្នុងការអភិវឌ្ឍន៍វិស័យធនាគារ រឹតចំណងមិត្តភាពល្អប្រសើរ និង ពង្រឹងសមត្ថភាពមន្រ្តីជំនាញរបស់ធនាគារកណ្តាលទាំងពីរ ក៏ដូចជាគាំទ្រដល់ការអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុ និង សេដ្ឋកិច្ចជាតិទាំងមូល៕

 

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម