Connect with us

ក្រុមធុរកិច្ចកាណាដា ស្នើអោយមានការិយាល័យសភាពាណិជ្ជកម្មកម្ពុជា នៅកាណាដា ដើម្បីងាយស្រួលទំនាក់ទំនង

ភ្នំពេញ៖ ប្រតិភូធុរកិច្ចកាណាដា បានស្នើសុំដល់សភាពាណិជ្ជកម្មកម្ពុជា ឲ្យបង្កើតតំណាងការិយាល័យសភាពាណិជ្ជកម្មកម្ពុជានៅក្រៅប្រទេស ជាពិសេស នៅប្រទេសកាណាដា ពីព្រោះថា កាណាដា មានប្រជាជនខ្មែររស់នៅទីនោះច្រើន រហូតដល់ប្រមាណជាង១០ម៉ឺនាក់ ដែលចំណុចនេះ និង ផ្តល់ភាពងាយស្រួល ក្នុងការធ្វើទំនាក់ទំនងរវាង ប្រទេសទាំងពីរ ។
ការស្នើសុំនេះ បានធ្វើឡើងខណៈ ប្រតិភូធុរកិច្ចមកពីប្រទេសកាណាដា ដឹកនាំដោយលោក ម៉ៃឃើ ចាន់ អតីតរដ្ឋមន្រ្តីពាណិជ្ជកម្មអន្តរជាតិ បានជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា ។


បើយោងតាមសភាពាណិជ្ជកម្មកម្ពុជា ជំនួបនេះ ធ្វើឡើងក្នុងគោលបំណងពិភាក្សា និងផ្លាស់ប្តូរយោបល់គ្នា ដើម្បីស្វែងយល់អំពីបរិយាកាសសេដ្ឋកិច្ច និងវិនិយោគនៃប្រទេសទាំងពីរ ក៏ដូចជាឱកាស សម្រាប់ធុរកិច្ចទាំងពីរប្រទេស បង្កើតទំនាក់ទំនងធុរកិច្ចល្អ និង ចាប់ដៃគូពាណិជ្ជកម្មជាមួយគ្នាក្នុងវិស័យអាទិភាពរៀងៗខ្លួន ។
សូមជម្រាបថា ប្រតិភូធុរកិច្ចកាណាដា មានចំនួនសរុប ១៦រូប មកពីវិស័យអប់រំ បច្ចេកវិទ្យា អចលនទ្រព្យ ហើយក្នុងចំណោមប្រតិភូធុរកិច្ចកាណាដា ក៏មានអ្នកវិនិយោគជាជនជាតិខ្មែរ ដែលរស់នៅកាណាដា ។
ក្នុងជំនួប អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានលើកឡើងអំពីការអភិវឌ្ឍន៍ឆាប់រហ័សលើគ្រប់វិស័យ និង បរិយាកាសសេដ្ឋកិច្ចកម្ពុជា ដែលមានកំណើនសរុប ៧.៦% រួមទាំងការអនុវត្តគោលនយោបាយដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេច តេជោនា យករដ្ឋមន្ត្រី ។
អ្នកឧកញ៉ា មានប្រសាសន៍ថា កម្ពុជា ទើបតែប្រារព្ធទិវាឈ្នះឈ្នះ ដែលបង្ហាញថា ប្រទេសកម្ពុជាទើបតែបញ្ចប់សង្រ្គាម ត្រឹមតែរយៈពេល ២០ឆ្នាំ ប៉ុណ្ណោះ តែមានការរីកចម្រើនខ្លាំងនៅក្នុងចំណោមប្រទេសក្នុងតំបន់អាស៊ី ។


ក្នុងជំនួបពិភាក្សានេះដែរ អ្នកឧកញ៉ា គិត ម៉េង បានស្វាគមន៍ចំពោះការលើកឡើង ស្តីពីការបង្កើតការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជា នៅក្រៅប្រទេសនេះ ហើយសភាពាណិជ្ជកម្ម នឹងស្នើទៅក្រសួងពាណិជ្ជកម្ម ដើម្បីរៀបចំទៅតាមនីតិវិធី និង សុំគោលការណ៍ឯកភាពពី សម្តេចតេជោ ហ៊ុន សែន ក្នុងការបង្កើតនេះ ។
ជាមួយគ្នានេះ អ្នកឧកញ៉ា គិតម៉េង ក៏បានស្នើដល់ប្រតិភូធុរកិច្ចកាណាដា ស្នើដល់រដ្ឋាភិបាល កាណាដា ជួយសម្របសម្រួល និងជំរុញ ឱ្យមានស្ថានទូតកាណាដា នៅកម្ពុជា ដើម្បីជួយសម្រួល និង ពន្លឿនការស្នើសុំទិដ្ឋាការរវាងប្រទេសទាំងពីរ និង ជំរុញឱ្យមានជើងហោះហើរត្រង់រវាងកម្ពុជា និង កាណាដា ដែលទាំងនេះជាកត្តាសំខាន់មួយ ក្នុងការជំរុញសកម្មភាព និងទំនាក់ទំនងរវាងកម្ពុជា-កាណាដា ក្នុងវិស័យនានា ដូចជា ពាណិជ្ជកម្ម ទេសចរណ៍ និង វប្បធម៌ ។
ជាការឆ្លើយតប លោក ម៉ៃឃើ ចាន់ បានវាយតម្លៃខ្ពស់ចំពោះសំណើរបស់អ្នកឧកញ៉ា និងសម្ដែងការគាំទ្រយ៉ាងពេញទំហឹង ក្នុងការជួយជំរុញយ៉ាងណាឱ្យសំណើនេះ លេចចេញជារូបរាងឡើង ពីព្រោះ វានឹងផ្ដល់អត្ថប្រយោជន៍យ៉ាងច្រើនសម្រាប់ប្រទេសទាំងពីរ ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម