Connect with us

សេដ្ឋកិច្ចកម្ពុជាឆ្នាំ ២០១៨ សម្រេចបានកំណើនលើសពីការរំពឹងទុក គឺ នាំមុខដោយវិស័យកាត់ដេរ

ភ្នំពេញ ៖ យោងតាមរបាយការណ៍ចេញផ្សាយជាផ្លូវការដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបង្ហាញថា ប្រទេសកម្ពុជា សម្រេចបានកំណើនសេដ្ឋកិច្ចក្នុងអត្រា ៧,៣ភាគរយ នៅឆ្នាំ ២០១៨ ក្នុងនោះ វិស័យនាំមុខ គឺ វាយនភណ្ឌកាត់ដេរ ដែលឈរនៅលំដាប់ទី ១ បន្ទាប់មក គឺ វិស័យសំណង់លេខរៀងទី២ ខណៈវិស័យលក់ដុំ និងរាយ ស្ថិតនៅលំដាប់ទី ៣ និង វិស័យ សណ្ឋាគារ និងភោជនីយដ្ឋាន ស្ថិតលំដាប់ទី ៤ ដែលជំរុញឲ្យមានកំណើនខ្ពស់នេះ ។
លោក ឈាង វណ្ណារិទ្ធ អគ្គនាយករងនៃអគ្គនាយកដ្ឋានគោលនយោបាយ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឲ្យដឹងនៅក្នុងបទបង្ហាញក្នុងវេទិកាសាធារណៈ ស្តីពី«ការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុឆ្នាំ ២០១៩» ថា ឆ្នាំ ២០១៨ កម្ពុជា សម្រេចបានកំណើនសេដ្ឋកិច្ច ក្នុងអត្រា ៧,៣ភាគរយ ដែលលើសការរំពឹងទុក ហើយកំណើននេះ នឹងបន្តរឹងមាំនៅឆ្នាំ ២០១៩នេះ ក្នុងអត្រា ៧,១ភាគរយ ។
លោក ថ្លែងថា វិស័យវាយនភណ្ឌកាត់ដេរ បានរួមចំណែកច្រើនជាងគេ នៅក្នុងផលទុនជាតិសរុបរបស់កម្ពុជាក្នុងឆ្នាំ ២០១៨កន្លងទៅនេះ ជាមួយអត្រាកំណើន ៧,៨ភាគរយ ដែលវ៉ាដាច់ វិស័យសំណង់ ជាមួយកំណើន ១៨,១ភាគរយ ដែលធ្លាប់ជាវិស័យនាំមុខកាលពីឆ្នាំ ២០១៧ ។
លោក បានគូសបញ្ជាក់ថា ការកើនឡើងខ្លាំងនៃវិស័យកាត់ដេរ គឺ ដោយសារតែប្រភេទផលិតផលនេះ ត្រូវបានធ្វើពិពិធកម្ម ជាពិសេសផលិតផលកាបូបធ្វើដំណើរ និងស្បែកជើង ។ ចំពោះវិស័យសំណង់វិញ ត្រូវបានកត់សម្គាល់ថា បានបន្តកើនឡើងនៃទុនវិនិយោគផ្ទាល់ពីបរទេស បើទោះបីជាឥណទានវិស័យនេះ មានការថមថយក្តី ។
លោក បានឲ្យដឹងទៀតថា វិស័យកាត់ដេរ នឹងមានកំណើនថមថយវិញនៅឆ្នាំ ២០១៩នេះ ក្នុងរង្វង់អត្រាកំណើន ៦,២ភាគរយ ចំណែកវិស័យសំណង់ ក៏នឹងមានអត្រាកំណើនស្រុតចុះជាងមុនដែរ ពោល គឺប្រមាណ ១៧,៣ភាគរយ ។
កាលពីដើមឆ្នាំ ២០១៨កន្លងទៅ ក្រសួងសេដ្ឋកិច្ច បានព្យាករថា សេដ្ឋកិច្ចកម្ពុជា ក្នុងឆ្នាំ ២០១៨ នឹងមានអត្រាកំណើនក្នុងរង្វង់ប្រមាន ៧ភាគរយប៉ុណ្ណោះ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម