Connect with us

ក្រសួងសេដ្ឋកិច្ច ៖ មន្រ្តីគយ នឹងទទួលបន្ទុកទៅលើកិច្ចការត្រួតពិនិត្យទំនិញចេញ-ចូល តាមច្រកព្រំដែន រួមទាំងការត្រួតពិនិត្យលើគុណភាព

ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច ប្រាប់ពលរដ្ឋ កុំឲ្យបារម្ភពីសុវត្ថិភាព និងគុណភាពទំនិញ ក្រោយពេលដែលប្រមុខរាជរដ្ឋាភិបាល ប្រកាសឲ្យដកមន្ត្រីកាំកុងត្រូល រួមនឹងមន្រ្តីស្ថាប័នផ្សេងទៀតចេញពីច្រកទា្វរព្រំដែនធ្វើពាណិជ្ជកម្មរបស់កម្ពុជា ដោយទុកតែមន្រ្តីគយ និង មន្រ្តីអន្តោប្រវេសន៍ ។
លោក វង្សី វិស្សុត រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើកឡើងថា មន្ត្រីជំនាញគយ នឹងត្រូវទទួលបន្ទុកទៅលើកិច្ចការត្រួតពិនិត្យទំនិញចេញចូល ដែលរួមទាំង ត្រួតពិនិត្យគុណភាពនេះ ផងដែរ ។


លោក វង្សី វិស្សុត បានថ្លែងថា វាជារឿងដែលត្រូវត្រេកអរទៅវិញទេ ចំពោះវិស័យឯកជន ក្រុមពាណិជ្ជករ និង អ្នកវិនិយោគ ក្នុងពេលដែលរាជរដ្ឋាភិបាល ព្យាយាមធ្វើឲ្យការធ្វើពាណិជ្ជកម្ម និងធុរកិច្ចរបស់ខ្លួនកាន់តែចំណាយអស់តិច និង ងាយស្រួលជាងមុន។
គួររំលឹកថា កាលពីសប្តាហ៍មុន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានប្រកាសឲ្យដកស្ថាប័នជំនាញពាក់ព័ន្ធមួយចំនួនចេញពីបណ្តាច្រកទ្វារព្រំដែន ដោយទុកតែមន្ត្រីជំនាញស្ថាប័នគយ និង នគរបាលអន្តោប្រវេសន៍ ដែលធ្វើឲ្យមានការសាទរពីមជ្ឈដ្ឋានទូទៅ ជាច្រើន រួមទាំងអ្នករកស៊ី និងអ្នកសេដ្ឋកិច្ចផងដែរ ។
សម្តេចតេជោ បានថ្លែងថា ការសម្រេចឲ្យដកស្ថាប័ន្ធពាក់ព័ន្ធមួយចំនួនដែលប្រចាំការនៅតាមច្រកទ្វារព្រំដែន ដូចជា មន្ត្រីជំនាញស្ថាប័នកាំកុងត្រូល គឺជាទិសដៅកំណែទម្រង់របស់រាជរដ្ឋាភិបាល ដើម្បីធ្វើឲ្យការធ្វើពាណិជ្ជកម្ម និងធុរកិច្ចនៅកម្ពុជា កាន់តែងាយស្រួល ក្នុងគោលបំណង បង្កើនការទាក់ទាញវិនិយោគិនឲ្យកាន់តែច្រើនមកបណ្តាក់ទុននៅកម្ពុជា ហើយវាក៏ជាផ្នែកមួយដ៏សំខានដែលធ្វើឲ្យកម្ពុជាឈានទៅរកឯករាជ្យភាពសេដ្ឋកិច្ចរបស់ខ្លួនផងដែរ ។


តាមសេចក្តីរាយការណ៍ មន្ត្រីជំនាញដែលប្រចាំការជាអចិន្ត្រៃយ៍នៅតាមច្រកទ្វារព្រំដែន ក៏ដូចជាច្រកចេញ-ចូលរបស់កម្ពុជា មានដូចជា មន្ត្រីជំនាញគយ, មន្ត្រីនគរបាលអន្តោប្រវេសន៍, មន្ត្រីជំនាញកាំកុងត្រូល និងមន្ត្រីជំនាញថ្នាក់ខេត្តជាដើម ។
លោក ម៉ី កល្យាណ ទីប្រឹក្សាជាន់ខ្ពស់នៃឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ និងជាប្រធានក្រុមប្រឹក្សាភិបាលសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានគាំទ្រចំពោះចំណាត់ការរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី ហើយថា នឹងជួយពង្រឹងសមត្ថភាពផលិតកម្មក្នុងស្រុក ជាពិសេស កាត់បន្ថយការចំណាយរបស់ពាណិជ្ជករ និង វិនិយោគិន។
ក្រោយពីសម្តេចតេជោនាយករដ្ឋមន្ត្រី បានប្រកាសឲ្យដកស្ថាប័នជំនាញមួយចំនួនចេញពីបណ្តាច្រកទ្វារដឹកជញ្ជូនទំនិញរបស់កម្ពុជា សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) ក៏បានចេញសេចក្តីថ្លែងការណ៍គាំទ្រចំពោះការសម្រេចនេះ ដោយលើកឡើងថា កន្លងមករាល់ការអធិការកិច្ចរបស់កាំកុងត្រូល ត្រូវចំណាយប្រមាណ ២៥ម៉ឺនរៀល ក្នុងមួយទូកុងតឺន័រ (តែតម្លៃធ្លាក់ចុះ នៅកុងតឺន័រទី ២និងទី ៣) ខណៈការចំណាយសម្រាប់អធិការកិច្ចរបស់គយអស់ប្រមាណ ៦ម៉ឺនរៀល ក្នុងមួយកុងតឺន័រ ៕

 

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម