Connect with us

ដូណាល់ត្រាំ ចេញលុយហោប៉ៅទិញហាំប៊ឺហ្គឺរាប់រយកញ្ចប់ ជប់លៀងក្រុមកីឡាករបាល់ឱប

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានបញ្ជាទិញហាំប៊ឺហ្គឺរាប់រយកញ្ចប់ សម្រាប់ពិធីទទួលទានអាហារជុំគ្នាមួយនៅឯសេតវិមាន ដោយសារតែខ្វះបុគ្គលិកផ្នែកចុងភៅ ខណៈស្ថាប័នរដ្ឋាភិបាលផ្នែកខ្លះបានកំពុងបិទទ្វារនៅឡើយ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅរសៀលថ្ងៃអង្គារ ទី១៥ ខែមករា ឆ្នាំ២០១៩។

លោក ដូណាល់ ត្រាំ បានរៀបចំពិធីទទួលទានអាហារនេះឡើង ដើម្បីស្វាគមន៍ជើងឯកបាល់ឱបតាមមហាវិទ្យាល័យថ្នាក់ជាតិ គឺក្លឹប Clemson Tigers ជាមួយហាំប៊ឺហ្គឺច្រើនជាង ៣០០កញ្ចប់ ព្រមទាំងដំឡូងបារាំង និងភីហ្សាផងដែរ។ ប៉ុន្តែទន្ទឹមគ្នានេះ លោកក៏បានអះអាងដែរថា ការបញ្ជាទិញអាហារទាំងនេះ គឺដោយសារតែកង្វះខាតបុគ្គលិកផ្នែកចុងភៅនៅឯសេតវិមាន ហើយបញ្ហានេះទៀតសោត ត្រូវបានបង្កឡើងដោយការបិទរដ្ឋាភិបាលមួយផ្នែករបស់លោក។
លោក ដូណាល់ ត្រាំ បានគូសបញ្ជាក់ប្រាប់អ្នកសារព័ត៌មានដូច្នេះថា «ដោយសារតែរដ្ឋាភិបាលបិទទ្វារ… យើងបានបញ្ជាទិញអាហារស្រាប់ (fast food) ហើយខ្ញុំគឺជាអ្នកចំណាយ»។

គួរបញ្ជាក់ថា បុគ្គលិករដ្ឋាភិបាលសហព័ន្ធអាមេរិកជាង ៨០០,០០០នាក់ ក្នុងនោះរួមមានទាំងបុគ្គលិកសេតវិមានផង បានទទួលរងផលប៉ះពាល់ពីការបិទរដ្ឋាភិបាលនេះ ដោយពួកគេខ្លះដាក់ពាក្យសម្រាកពីការងារជាបណ្ដោះអាសន្ន និងខ្លះទៀតកំពុងបន្តការងារដោយមិនទាន់ប្រាក់ខែបើក។

ការបិទរដ្ឋាភិបាលអាមេរិកកើតមានឡើងបន្ទាប់ពី លោក ដូណាល់ ត្រាំ បានបដិសេធអនុម័តកញ្ចប់ថវិកា សម្រាប់រដ្ឋាភិបាលសហព័ន្ធ ដោយសារតែសភាមិនព្រមអនុម័តសំណើសុំកញ្ចប់ថវិកាជាង ៥.៧ពាន់លានដុល្លារយកទៅសង់ជញ្ជាំងព្រំដែនជាមួយម៉ិចស៊ីកូ។ សូមបញ្ជាក់ថា បច្ចុប្បន្នសភាអាមេរិកកំពុងស្ថិតក្រោមការដឹកនាំ នៃបក្សប្រជាធិបតេយ្យ ដែលសមាជិកសភាបក្សនេះទាំងអស់មិនគាំទ្រនយោបាយលោក ត្រាំ ដែលមកពីគណបក្សសារធារណៈរដ្ឋឡើយ៕

 

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម