Connect with us

រដ្ឋបាលជលផល ហាមឃាត់ការនេសាទត្រីកាម៉ុង ឬ ត្រីប្លាធូ ក្នុងរយៈ ពេល ៧៦ ថ្ងៃ

ភ្នំពេញៈ រដ្ឋបាលជលផលនៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្តីជូនដំណឹងដល់ប្រជានេសាទសមុទ្រ ដោយបានហាមឃាត់ការនេសាទត្រីកាម៉ុង ឬ ត្រីប្លាធូ ក្នុងរយៈ ពេល ៧៦ ថ្ងៃដោយសាររដូវពងកូនរបស់វាបានមកដល់ ។
យោងតាមសេចក្តីជូនដំណឹង ការហាមឃាត់នេះ គឺ គិតចាប់ពីថ្ងៃទី ១៥ ខែមករា ម្សិលម៉ិញ រហូត ទៅដល់ថ្ងៃទី ៣១ ខែមីនា ឆ្នាំ២០១៩ ខាងមុខ ។ ដកស្រង់សម្តីដោយសារព័ត៌មានក្នុងស្រុក លោក ហុង ហី ប្រធាននាយកដ្ឋានរដ្ឋបាល នៃរដ្ឋបាលជលផល បានបញ្ជាក់ថា ដើម្បីធានានូវនិរន្តរភាពធនធានជលផលសមុទ្រនៅកម្ពុជា ជារៀងរាល់ឆ្នាំ ក្នុងចន្លោះពេលនេះ រដ្ឋបាលជលផល តែងចេញសេចក្តីជូនដំណឹងស្ដីពីការហាមឃាត់ការនេសាទត្រីកាម៉ុង ឬ ត្រីប្លាធូនេះ ដល់ប្រជានេសាទសមុទ្រ ។


តាមមន្ត្រីជំនាញជលផល បានថ្លែងថា ត្រីកាម៉ុង ឬ ត្រីប្លាធូជាប្រភេទត្រីបំផ្លាស់ទី ដែលពួកវាចូលចិត្តរស់នៅជាហ្វូង ក្នុងជម្រៅទឹកជាមធ្យមចន្លោះពី ៣០ ម៉ែត្រ ទៅ ៤០ ម៉ែត្រ ហើយចូលចិត្តស៊ីរុក្ខជាតិសមុទ្រ និង ប្លុងតុងជាអាហារ។ ជាទូទៅនៅចន្លោះពាក់កណ្ដាលខែមករា រហូតដល់ដំណាច់ខែមីនា ពួកវាតែងតែឡើងមកតំបន់ក្បែរមាត់ឆ្នេរ ដើម្បីបង្កាត់ពូជ ។
បើតាមលោក ឯក ភា នាយខណ្ឌរដ្ឋបាលជលផលខេត្តព្រះសីហនុ បានប្រាប់សារព័ត៌មានក្នុងស្រុកថា ត្រីកាម៉ុង មានច្រើននៅតំបន់កោះសេះ កោះប៉ូលូវ៉ៃ កោះព្រីង និងប្រជុំកោះរ៉ុង ។ ក្នុង ១ ឆ្នាំៗ ខេត្តព្រះសីហនុ ប្រមូលផលត្រីសមុទ្រចម្រុះ បានជាង ៤០០០ តោន ក្នុងនោះ មានត្រីកាម៉ុង ប្រមាណជាង ៥០០ តោន ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម