Connect with us

ទីបំផុត គណកម្មការអឺរ៉ុប កំណត់យកពន្ធលើការនាំចូលអង្ករពីកម្ពុជា ចាប់ពីឆ្នាំ២០១៩នេះ

ភ្នំពេញ ៖ នៅថ្ងៃទី ១៨ ខែមករា ស្អែកនេះ វិធានការការពាររបស់សហភាពអឺរ៉ុប លើការនាំចូលអង្ករពីប្រទេសកម្ពុជា និង សហភាពមីយ៉ាន់ម៉ា នឹងត្រូវចាប់ផ្តើមអនុវត្ត ដែលនឹងធ្វើអោយវិស័យស្រូវអង្ករកម្ពុជា ជួបនូវបញ្ហាប្រឈមមួយចំនួន ។
វិធានការនេះ ត្រូវបានអនុម័តដោយគណកម្មការអ៊ឺរ៉ុប នៅថ្ងៃទី ១៦ ខែមករា ហើយដែលនឹងចូល ជាធរមាននៅថ្ងៃទី ១៨ ខែមករា ។ វិធានការនេះ ត្រូវបានសម្រេច ក្រោយមានការតវ៉ាពីសំណាក់ ប្រទេសផលិតស្រូវអង្ករ នៅប្លុកអឺរ៉ុប ដែលនាំមុខដោយប្រទេសអ៊ីតាលី ។
វិធានការការពាររបស់សហភាពអឺរ៉ុប បានកំណត់យកពន្ធនាំចូលរយៈពេល៣ឆ្នាំ លើការនាំចូល អង្ករពីកម្ពុជា និងសហភាពមីយ៉ាន់ម៉ា ដោយនៅឆ្នាំទី១ គឺ ឆ្នាំ២០១៩នេះ កំណត់យកពន្ធ ១៧៥អឺរ៉ូ ក្នុងមួយតោន (១៩៩ ដុល្លាសហរដ្ឋអាមេរិក), ឆ្នាំទី២ កំណត់យកពន្ធ ១៥០អឺរ៉ូ ក្នុងមួយតោន និង ឆ្នាំទី៣ កំណត់យកពន្ធ ១២៥ អឺរ៉ូ ក្នុងមួយតោន ។


គួររំលឹកថា រដ្ឋាភិបាលអ៊ីតាលី បានផ្តួចផ្តើមស្នើអោយមានវិធានការការពារនេះឡើង នៅខែកុម្ភៈ ឆ្នាំ២០១៨ ដែលគាំទ្រដោយបណ្តាប្រទេសផលិតស្រូវដទៃទៀតក្នុងសហភាពអឺរ៉ុប ដែលមានដូចជា អេស្ប៉ាញ បារាំង ព័រទុយហ្គាល ក្រិក ហុងគ្រី រ៉ូម៉ានី និង ប្រទេសប៊ុលហ្គារី ។ នៅខែមីនា ឆ្នាំ ២០១៨ គណកម្មការអឺរ៉ុប បានបើកការស៊ើបអង្កេត និងបានរកឃើញថា ការអនុគ្រោះពន្ធនាំអង្ករចូលពីកម្ពុជា និងមីយ៉ាន់ម៉ា បានធ្វើឲ្យប៉ះពាល់ដល់ដំណើរការផលិតអង្ករក្នុងតំបន់ ស្របពេលបច្ចុប្បន្ន ប្រទេសចំនួន៨ នៅភាគខាងត្បូងអឺរ៉ុប ផលិតអង្ករកើនឡើង ។
ការកំណត់យកពន្ធពីការនាំចូលអង្ករពីកម្ពុជានេះ នឹងធ្វើអោយតម្លៃអង្ករកម្ពុជា មានតម្លៃថ្លៃជាង អង្ករដែលផលិតក្នុងតំបន់អឺរ៉ុប ខណៈដែលមុនពេលយកពន្ធ គឺ តម្លៃអង្ករកម្ពុជា មានតម្លៃទាបជាងគេ ក្នុងទីផ្សារអ៊ឺរ៉ុប ។


លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានប្រាប់ឲ្យដឹងថា កម្ពុជាពុំមានអ្វីទើសទាល់ទេចំពោះការយកពន្ធនាំចូលអង្ករពីកម្ពុជា ទៅក្នុងសហភាពអឺរ៉ុបនោះទេ ។ លោកថា កម្ពុជាក៏អាចមានលទ្ធភាពក្នុងការចាត់ចែងបង់ពន្ធបាន ម្យ៉ាងកម្ពុជា ក៏មិនចង់នៅតែជាប្រទេសមួយដែលត្រូវបានគេចិញ្ចឹមរហូតនោះទេ។
តាមរបាយការណ៍ បង្ហាញថា ការនាំចេញអង្ករកម្ពុជា ក្នុងរយៈពេល ១១ខែឆ្នាំ ២០១៨ មានប្រមាណជិត ៥០ម៉ឺនតោន ពោលគឺធ្លាក់ចុះ ១៣,១០ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៧ ។
ក្នុងចំណោមប្រទេសជាង៦០ ដែលទិញអង្ករពីកម្ពុជា គឺប្រទេសចិន ជាប្រទេសដែលទិញអង្ករពីកម្ពុជាច្រើនជាងគេ មានចំនួនជាង ១៣ម៉ឺនតោន តាមពីក្រោយដោយប្រទេសបារាំង ចំនួនជាង៧ម៉ឺនតោន និងម៉ាឡេស៊ីចំនួនជិត ៤ម៉ឺនតោន។
អង្ករកម្ពុជា ដែលនាំចេញ ជិត៥០ភាគរយ ត្រូវបាននាំចូលទៅអឺរ៉ុប ដោយទទួលបានការអនុគ្រោះពន្ធ ដែលភាគច្រើន គឺ អង្ករក្រអូប។ នៅរយៈពេល ១១ខែ ឆ្នាំនេះ អឺរ៉ុបទិញអង្ករកម្ពុជាជាង ២៣ម៉ឺនតោន។
កាលពីឆ្នាំ ២០១៧កន្លងទៅ ប្រទេសកម្ពុជា នាំចេញអង្ករសរុបប្រមាណ ៦៣ម៉ឺនតោនទៅកាន់ទីផ្សារក្រៅប្រទេស ក្នុងនោះ មួយចំណែកធំស្រូបយកដោយទីផ្សារសហភាពអឺរ៉ុប ៕

 

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម