Connect with us

អាជ្ញាធរទុកពេល១០ថ្ងៃ សម្រាប់ម្ចាស់ស៊ង និងស្រះចិញ្ចឹមត្រី លើផ្ទៃបឹងសំរោង ក្នុងការរើចេញ

ភ្នំពេញ ៖ អាជ្ញាធរខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ បានអះអាងថា នឹងធ្វើការស្តារបឹងសំរោងឡើង វិញ និងបានតម្រូវអោយម្ចាស់ស៊ង និងស្រះចិញ្ចឹមត្រីទាំងអស់ ត្រូវរុះរើចេញអោយអស់ ក្នុងរយៈ ពេល១០ថ្ងៃ ។
សេចក្តីជូនដំណឹងរបស់រដ្ឋបាលខណ្ឌព្រែកព្នៅ ចុះថ្ងៃទី ១៤ មករា លើកឡើងថា ដើម្បីការពារផ្ទៃបឹងសំរោងទំហំ ៣៣៦ ហិកតា ជាសម្បត្តិសាធារណៈរបស់រដ្ឋ និងថែរក្សាមុខងារបឹងជាអាងស្តុកទឹក ដែលជាប្រព័ន្ធរំដោះទឹកជន់លិច ១ភាគពីក្នុងរាជធានីភ្នំពេញ និង ១ ភាគពីបណ្តាខេត្តនានានោះ អាជ្ញាធរ នឹងចាត់ឲ្យមន្ត្រីជំនាញពាក់ព័ន្ធ ធ្វើការស្តារបឹងនេះ ឡើងវិញ។


យោងតាមលិខិតនេះ ក៏បានលើកឡើងថា កន្លងមក បឹងនេះ ត្រូវបានរងនូវការទន្ទ្រានកាន់កាប់ ការសាងសង់ទំនប់លើផ្ទៃបឹង ធ្វើឲ្យផ្ទៃបឹងគោករាក់ និងរួមតូចទៅៗ លែងបំពេញមុខងាររបស់ខ្លួនតទៅទៀតបាន ។ រដ្ឋបាលខណ្ឌ សង្ឃឹមជឿជាក់ថា អ្នកពាក់ព័ន្ធ នឹងចូលរួមជាមួយរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីអនុវត្តការស្តារបឹងសំរោងនេះ ឲ្យមានប្រសិទ្ធភាពខ្ពស់ ។ ក្នុងករណីដែលមិនអនុវត្តតាមការណែនាំនេះ អាជ្ញាធរ មិនទទួលខុសត្រូវចំពោះការខូចខាតឡើយ ។


តាមអនុក្រឹត្យលេខ៦៥ ចុះថ្ងៃទី ៩ ខែមិថុនា ឆ្នាំ ២០០៨ បានកំណត់ផ្ទៃបឹងសំរោង ដែលពីមុនស្ថិតក្នុងឃុំសំរោង ស្រុកពញាឮ ខេត្តកណ្តាល ក្រោយមកផ្ទៃបឹងនេះ ត្រូវបានកាត់ចេញពីខេត្ត កណ្តាលឲ្យស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញវិញ នៅឆ្នាំ ២០១៤ ថា ទុកជាសម្បត្តិសាធារណៈរបស់រដ្ឋ ។
អាជ្ញាធរខណ្ឌព្រែកព្នៅ ក៏បានណែនាំចំពោះម្ចាស់ស៊ង និងម្ចាស់ស្រះចិញ្ចឹមត្រីដែលមានត្រីធំ ត្រូវលក់ឲ្យហើយ ចំណែកឯម្ចាស់ស៊ង និងម្ចាស់ស្រះដែលមានត្រីនៅតូចៗ ត្រូវទំនាក់ទំនងមករដ្ឋបាលខណ្ឌព្រែកព្នៅ ដើម្បីស្នើសុំដោះស្រាយគោលនយោបាយនៃផលប៉ះពាល់នេះ ជាមួយ មន្ត្រី ទទួលបន្ទុករដ្ឋបាលខណ្ឌព្រែកព្នៅ។
ទោះយ៉ាងណា ចំពោះការទុករយៈពេល១០ថ្ងៃ ក្នុងការរុះរើនេះ ម្ចាស់ស៊ង និងស្រះចិញ្ចឹមត្រី ថា ឱសានវាទនេះ ហាក់ដូចជាសម្លាប់ពួកខ្លួន ព្រោះវាលឿនពេក ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម