Connect with us

ក្រុមហ៊ុនចំនួន៦ ដែលប្រកបអាជីវកម្មល្បែងស៊ីសងឆ្លងប្រទេស ត្រូវបានបិទ ក្រោយការបង្រ្កាបពីសមត្ថកិច្ចចិន និងកម្ពុជា

ប្រទេសចិន ៖ កាលពីពេលថ្មីៗនេះ ប៉ូលិសចិន និងនគរបាលកម្ពុជា បានបង្ក្រាបក្រុមអ្នកបើកបនល្បែងអនឡាញឆ្លងប្រទេសមួយក្រុម ដោយបានចាប់ខ្លួនជនសង្ស័យ សរុបចំនួន១៦០នាក់បើគិតមកដល់បច្ចុប្បន្ននេះ ។

ដោយចេញបញ្ជាពីក្រសួងសន្តិសុខសាធារណៈចិន ប៉ូលីសនៅខេត្តគ័ងតុង ភាគខាងត្បូងប្រទេសចិន សហការជាមួយនឹងប៉ូលិសនៅបណ្ដាខេត្តចំនួន៦ផ្សេងទៀតនៅប្រទេសចិន ព្រមទាំងនគរបាលកម្ពុជាផងនោះ បានចេញប្រតិបត្តិការបង្ក្រាបក្រុមអ្នកបើកបនល្បែងតាមអនឡាញដោយបានឃាត់ខ្លួនជនសង្ស័យជាមេក្លោង២នាក់ និង មនុស្សចំនួន១៥៨នាក់ផ្សេងទៀត ។

បើគិតមកដល់បច្ចុប្បន្ន មានថវិកាប្រមាណ ១លាន ៩សែនដុល្លារអាមេរិក ជាថវិកាដែលបានមកពីល្បែង និងថវិកាផ្សេងទៀត ត្រូវបានរឹបអូស និងបង្កកដោយប៉ូលិស ហើយអចលនទ្រព្យចំនួន២២កន្លែង ត្រូវបានរឹបអូស ។ ជាមួយគ្នានេះ ក្រុមហ៊ុនចំនួន៦ផ្សេងទៀត ដែលប្រកបអាជីវកម្មដែលពាក់ព័ន្ធនឹងល្បែងស៊ីសង ត្រូវបានបិទឈប់ឱ្យដំណើរការ។

លោក ចាង ជួរលាំង អនុប្រធានរដ្ឋបាលសន្តិសុខ ក្រសួងសន្តិសុខសាធារណៈចិន បានិយាយថា “ការបង្រ្កាបមួយករណីនេះ គឺជាការផ្ដល់សញ្ញាអំពីការបង្ក្រាបជាទ្រង់ទ្រាយធំមួយចំពោះភាពក្អេងក្អាងរបស់ក្រុមដែលបើកបនល្បែងឆ្លងប្រទេស ។ ការបង្ក្រាបនេះ ក៏រួមចំណែកដល់ការការពារស្ថិរភាពសេដ្ឋកិច្ច និងសន្តិសុខសង្គមជារួមរបស់ប្រទេសចិនដែរ ។”

នាប៉ុន្មានឆ្នាំចុងក្រោយនេះ បន្ទាប់ពីមានការបង្ក្រាបយ៉ាងខ្លាំងក្លាទៅលើបនល្បែងជាប្រព័ន្ធនៅទូទាំងប្រទេសចិន បនល្បែងជាច្រើន បានប្តូរទីតាំងទៅប្រទេសផ្សេងទៀតនៅទ្វីបអាស៊ី ដើម្បីបន្តប្រព្រឹត្តទង្វើខុសច្បាប់របស់ពួកគេ។

ឆ្លើយតបនឹងការប្ដូរទីតាំងនេះ អាជ្ញាធរផ្នែកសន្តិសុខសាធារណៈចិន បានខិតខំបន្ថែមលើការងារបង្ក្រាបឆ្លងប្រទេស ចំពោះសកម្មភាពបនល្បែងទាំងឡាយ ដែលមានលក្ខណៈអន្តរជាតិ។ ចាប់តាំងពីឆ្នាំ២០១៨មក អាជ្ញាធរចិន បានបង្ក្រាបបទល្មើសលេងល្បែងអនឡាញបានជាង ៨១០០ករណីមកហើយ ដោយបានបង្កកប្រាក់ល្បែងចំនួន ៣១៨០លាន ដុល្លារអាមេរិក ៕

 

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម