Connect with us

ប្រមុខនៃរាជរដ្ឋាភិបាល ណែនាំអោយរក្សាទឹកទុក ខណៈកម្ពុជា នឹងមានសភាពក្តៅហួតហែងខ្លាំង នៅខែមេសា និងឧសភា

ភ្នំពេញ ៖ ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ចេញសារាចរណែនាំប្រជាកសិករអោយធ្វើស្រែប្រាំង តែមួយដងប៉ុណ្ណោះ ដើម្បីរក្សាទឹកទុកប្រើប្រាស់ក្នុងអំឡុងពេលដែលកម្ពុជារងឥទ្ធិពលបាតុភូត អែលនីណូ (El Nino) ។


បើតាមសារាចរណែនាំស្តីពីការចាត់វិធានការថែរក្សាទឹក ដែលបានចេញនៅថ្ងៃទី ១៧ ខែមករា នេះ សម្តេចតេជោ នាយករដ្ឋមន្រ្តី បានលើកឡើងថា យោងតាមការព្យាកររបស់ក្រសួងធនធានទឹក និងឧតុនិយម បានបង្ហាញថា នៅដើមឆ្នាំ២០១៩នេះ ព្រះរាជាណាចក្រកម្ពុជា នឹងទទួលរង(ដោយប្រយោល) ពីឥទ្ធិពលបាតុភូត អែលនីណូ(El Nino) ។
ឥទ្ធិពលបាតុភូតនេះ នឹងបង្កឲ្យធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា នារដូវប្រាំងនេះ (ពិសេសក្នុងខែមេសា និង ខែឧសភា) មានសភាពក្តៅហួតហែង សីតុណ្ហភាពអតិបរមា នៅពេលខ្លះអាចហក់ឡើងខ្ពស់ ៤០-៤២សង្សាសេ ។ ក្រៅពីនេះ មានភ្លៀងកក់ខែតិច មានបាតុភាពផ្គរ រន្ទះ និង ខ្យល់កន្ត្រាក់កើតឡើងច្រើន ខណៈរដូវវស្សា មកដល់យឺតជាងបណ្តាឆ្នាំកន្លងទៅ ។


យោងលើស្ថានភាពអាកាសធាតុដូចជាព្យាករនេះ សម្តេចតេជោ បានធ្វើការណែនាំ ថា ការងារបង្កបង្កើនផលស្រូវប្រាំងនៅក្នុងឆ្នាំ ២០១៩ នេះ គឺអាចធ្វើបានតែមួយដងប៉ុណ្ណោះ ដោយមិនអាចធ្វើស្រូវប្រាំងលើកទី២ បានទេ បើទោះបីជា ទឹកនៅតាមបណ្ដាអាងដែលបានរក្សាទុក និងកន្លែងមួយចំនួនដែលមានទឹកជាធម្មជាតិក៏ដោយ គួរគប្បីរក្សាទឹកទាំងនោះ សម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ និងការដាំដំណាំរួមផ្សំផ្សេងទៀតក្រៅពីស្រូវ ។
សម្តេចតេជោ ក៏បានណែនាំ ក្រសួងស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ត្រូវចូលរួមចាត់វិធានការថែរក្សាទឹកទុកឲ្យបានល្អ ដើម្បីផ្គត់ផ្គង់សម្រាប់តែការប្រើប្រាស់ប្រចាំថ្ងៃតែប៉ុណ្ណោះរហូតដល់ពេលមានភ្លៀងធ្លាក់ជាធម្មតាឡើងវិញ ។
ក្រៅពីនេះ ក្រសួងស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ត្រូវត្រៀមលក្ខណៈជួយ សង្គ្រោះប្រជាពលរដ្ឋ ដែលរងគ្រោះដោយគ្រោះធម្មជាតិនានា ដូចជាខ្យល់កន្រ្តាក់ជាដើម ។
គួររំលឹកថា កាលពីពេលកន្លងមកនេះ លោក កែវ វី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានអោយដឹងថា គ្រោះរាំងស្ងួត បានអូសបន្លាយតាំងពីពាក់កណ្តាលរដូវវស្សា រហូតមកដល់ពេលនេះ បានបង្កអោយមានផលប៉ះពាល់ដល់ខេត្តចំនួន១៣ ក្នុងនោះ ខេត្តកំពង់ចាម រងគ្រោះខ្លាំងជាងគេ បន្ទាប់មកគឺខេត្តបាត់ដំបង ត្បូងឃ្មុំ និងខេត្តកំពង់ធំ ។


បើតាម លោក កែវ វី បានអោយដឹងថា ចាប់តាំងពីពាក់កណ្ដាលរដូវវស្សា ទឹកភ្លៀងបានចុះថមថយមកវិញ និង មានភាពរាំងស្ងួតដោយកន្លែង ពិសេសនៅចុងរដូវវស្សានេះ អាកាសធាតុចាប់ផ្ដើមប្រែប្រួល ឡើងកម្តៅភ្លាមៗដែលធ្វើឲ្យមានការរីងហួតទឹកពីបឹងបួយ៉ាងឆាប់រហ័ស ។
មកទល់ពេលនេះ ក្រសួងធនធានទឹក និងមន្ទីរជំនាញពាក់ព័ន្ធ កំពុងបន្តជីកស្ដារប្រព័ន្ធស្រោចស្រព និងបូមទឹកពីអាងស្តុកទឹកធំៗដើម្បីនាំទឹកទៅជួយសង្គ្រោះស្រូវដែលកំពុងជួបគ្រោះរាំងស្ងួតទាំងនោះ ៕

 

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម