Connect with us

រដ្ឋមន្រ្តីការងារ ណែនាំគ្រឹះស្ថានសហគ្រាស ត្រៀមទប់ទល់នឹងអាកាសធាតុក្តៅហួតហែងខ្លាំង

ភ្នំពេញ ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី ១៨ ខែមករានេះ បានចេញការណែនាំមួយដល់សហគ្រាស និងគ្រឹះស្ថានទាំងអស់ អោយត្រៀមវិធានការមួយចំនួន សម្រាប់ ពេលដែលប្រទេសកម្ពុជា ជួបនូវសភាពក្តៅហួតហែងខ្លាំង ។
ការណែនាំនេះ បានធ្វើឡើងមួយថ្ងៃ ក្រោយពេលដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានចេញសារាចរណែនាំ ស្ដីពីការចាត់វិធានការថែរក្សាទឹកទុក ដោយយោងតាមការព្យាកររបស់ក្រសួងធនធានទឹក និងឧតុនិយម បង្ហាញថា នៅដើមឆ្នាំ២០១៩នេះ ព្រះរាជាណាចក្រកម្ពុជា នឹងទទួលរង(ដោយប្រយោល) ពីឥទ្ធិពលបាតុភូត អែលនីណូ(El Nino) ។ ឥទ្ធិពលបាតុភូតនេះ នឹងបង្កឲ្យធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា នារដូវប្រាំងនេះ (ពិសេសក្នុងខែមេសា និង ខែឧសភា) មានសភាពក្តៅហួតហែង សីតុណ្ហភាពអតិបរមា នៅពេលខ្លះអាចហក់ឡើងខ្ពស់ ៤០-៤២សង្សាសេ ។


តាមរយៈលិខិត រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានណែនាំដល់ម្ចាស់ និងនាយកសហគ្រាស-គ្រឹះស្ថាន ជាពិសេស រោងចក្រសហគ្រាសផ្នែកវាយនភ័ណ្ឌកាត់ដេរ និង ផលិតស្បែកជើងទាំងអស់ ត្រូវអនុវត្តឲ្យបានហ្មត់ចត់នូវវិធានការមួយចំនួន ដូចជាការរក្សាទឹកទុកឲ្យបានគ្រប់គ្រាន់ ដើម្បីធានាដល់ការប្រើប្រាស់ជាប្រចាំនៅក្នុងសហគ្រាសគ្រឹះស្ថាន ។
ជាមួយនេះ ត្រូវដាក់ឲ្យមានឧបករណ៍វាស់ស្ទង់កំដៅសីតុណ្ហភាពនៅកន្លែងធ្វើការ ដើម្បីងាយស្រួលក្នុងការតាមដានវិវត្តនៃកំដៅ រួមទាំងត្រូវពិនិត្យថែទាំជាប្រចាំ និងបើកឱ្យដំណើរការប្រព័ន្ធបញ្ចេញបញ្ចូលខ្យល់នៅតាមអគារផលិតកម្មទាំងអស់ ឱ្យបានយ៉ាងហោចមួយម៉ោងមុនពេលអនុញ្ញាតឱ្យកម្មករនិយោជិតចូលបម្រើការងារ ។
ក្រសួងការងារ ក៏បាណែនាំរៀបចំឲ្យមានប្រព័ន្ធស្រោចស្រពទឹកនៅលើដំបូលអាគារផលិតកម្មអោយបានយ៉ាងហោចណាស់ពីរដងក្នុងមួយថ្ងៃ ឬ បន្ថែមសំណាញ់នៅលើដំបូលអគារផលិតកម្មដើម្បីបន្ថយកំដៅ ព្រមទាំងត្រូវទុកដាក់វត្ថុធាតុដើម និងកំទេចក្រណាត់ ដាច់ដោយឡែក និងឆ្ងាយពីអាគារផលិតកម្ម ឬ ក្នុងឃ្លាំងសហគ្រាសគ្រឹះស្ថាន ដើម្បីកុំឱ្យសាយភាយក្លិន ចូលក្នុងប៉ុស្តិ៍ការងាររបស់កម្មករនិយោជិត ។


ទន្ទឹមគ្នានេះ ត្រូវពិនិត្យ និងថែទាំជាប្រចាំនូវប្រព័ន្ធបង្ការអគ្គិភ័យ និងសម្ភារៈការពាររួមនៅក្នុងអាគារនៃគ្រឹះស្ថានសហគ្រាស ឲ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេសដោយធានាថាប្រព័ន្ធនិងឧបករណ៍ទាំងនោះ អាចដំណើរការបាននៅពេលមានអាសន្នកើតឡើង ព្រមទាំងអនុវត្តតាមការណែនាំរបស់ក្រុមអធិការកិច្ចការងារ ។
ក្រៅពីនេះ ត្រូវរៀបចំឱ្យមានប្លង់សម្រាប់ជម្លៀសខ្លួន សញ្ញាកាសសុខភាព និងសុវត្ថិភាពការងារនិង ការអប់រំបណ្តុះបណ្តាលកម្មករនិយោជិត ។ ដោយឡែក សម្រាប់ គ្រឹះស្ថានសហគ្រាសដែលមានការប្រើប្រាស់សារធាតុងាយឆាបឆេះ ត្រូវរៀបចំឲ្យមានប្រព័ន្ធឆ្លើយតបគ្រោះអាសន្ន និងរក្សាទុកដាក់សារធាតុទាំងនោះ ឱ្យបានដាច់ដោយឡែកពីគ្នា និងដាច់ឆ្ងាយពីអាគារផលិតកម្ម៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម