Connect with us

យុវជនកម្ពុជា ២១រូប នឹងធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសជប៉ុន រយៈពេល៩ថ្ងៃ

ភ្នំពេញ ៖ តាមរយៈការអញ្ជើញរបស់ក្រសួងការបរទេសជប៉ុន យុវជនកម្ពុជាចំនួន២១រូប នឹងធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសជប៉ុន ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩ ក្រោមកម្មវិធីបណ្តាញផ្លាស់ប្តូរសិស្សនិស្សិត និងយុវជនរវាងប្រទេសជប៉ុន និងបណ្តាប្រទេសអាស៊ីខាងកើត ដែលហៅកាត់ថា JENESYS 2018 ។

យោងតាមសេចក្តីប្រកាសព័ត៌មានពីស្ថានទូតជប៉ុន ប្រចាំនៅកម្ពុជា បានអោយដឹងថា អ្នកចូលរួមទាំងអស់ គឺចេញមកពីការប្រកួតជ្រើសរើសបេក្ខជន ចូលរួមកម្មវិធីផ្លាស់ប្តូរយុវជនទៅប្រទេសជប៉ុន ដែលបានរៀបចំឡើងកាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) ។

ជាក់ស្តែង ក្នុងការប្រកួតផ្តាច់ព្រ័ត្រ មានបេក្ខជន សរុបចំនួន៤៨រូប ស្មើនឹង១២ក្រុម បានធ្វើបទបង្ហាញក្រោមប្រធានបទ «អនាគតកម្ពុជា៣០ឆ្នាំក្រោយ» ដោយគោរពតាមគោលការណ៍ភាពច្នៃប្រឌិត ភាពទាក់ទាញ និងសាមគ្គីភាពក្នុងក្រុម។

អ្នកចូលរួមទាំង១២រូប នឹងទៅទស្សនកិច្ចនៅទីក្រុងកូម៉ាត្សឹ នៅខេត្តអ៊ីស៊ីកាវ៉ា ដែលជាទីក្រុងត្រូវបានចុះអនុស្សារណៈយោគយល់មិត្តភាព និងសហប្រតិបត្តិការជាមួយខេត្តសៀមរាបកាលពីឆ្នាំ២០១៦ ។

កំឡុងពេលទស្សនកិច្ចនៅទីក្រុងកូម៉ាត្សឹ ពួកគាត់នឹងជួបពិភាក្សាផ្លាស់ប្តូរជាមួយនឹងនិស្សិតសាកលវិទ្យាល័យនៅទីនោះ និងធ្វើបទបង្ហាញជាក្រុម ទាក់ទងនឹងប្រធានបទដែលពួកគាត់បានប្រកួតប្រជែង។ ពួកគាត់ក៏នឹងចូលជួបសម្តែងការគួរសមជាមួយនឹងអភិបាលក្រុងកូម៉ាត្សឹ ព្រមទាំងទទួលយកបទពិសោធន៍វប្បធម៌ជប៉ុនផងដែរ ។

សូមបញ្ជាក់ថា កម្មវិធីJENESYS មានគោលបំណងជម្រុញការយល់ដឹង និងការកសាងទំនុកចិត្តទៅវិញទៅមក ក្នុងចំណោមប្រជាជនជប៉ុន និងបណ្តាប្រទេសចូលរួម និងដើម្បីកសាងមូលដ្ឋានគ្រឹះនៃកិច្ចសហប្រតិបត្តិការ និងចំណងមិត្តភាពនាពេលអនាគត ។ តាមរយៈកម្មវិធីនេះ ក្រសួងការបរទេសជប៉ុន បានអញ្ជើញយុវជនកម្ពុជា ជាង២០០០នាក់ហើយ តាំងពីឆ្នាំ២០០៧មក។

ស្ថានទូតជប៉ុន សង្ឃឹមថា អ្នកចូលរួមនឹងអាចយល់ដឹងអំពីប្រទេសជប៉ុនកាន់តែស៊ីជម្រៅថែមទៀត ព្រមទាំងចែករំលែកនូវបទពិសោធន៍របស់ខ្លួនឲ្យបានទូលំទូលាយទៅកាន់ប្រជាជនកម្ពុជា បន្ទាប់ពីវិលត្រលប់មកវិញ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម