Connect with us

អ្នកជំនាញវិស័យដឹកជញ្ជូន ៖ ការផ្លាស់ប្តូរទំនិញធុនធ្ងន់ គួររំកិលទៅក្រៅក្រុង ស្របនិងការអភិវឌ្ឍន៍ទីក្រុង

ភ្នំពេញ ៖ អ្នកជំនាញក្នុងវិស័យដឹកជញ្ជូន ចង់ឃើញការដឹកជញ្ជូនទំនិញ ដោយប្រភេទរថយន្តធុនធ្ងន់ គួររៀបចំទីតាំងផ្លាស់ប្តូរទំនិញនៅក្រៅក្រុង ។ ជាមួយនេះ ក៏អាចជាបណ្តើរៗ គួររៀបចំទីតាំងនៅតាមផ្លូវក្រវ៉ាត់ក្រុងទី២ ឬ ទី៣ ដែលប្រមុខរាជរដ្ឋាភិបាល គ្រោងបញ្ចប់ការសាងសង់ និង ផ្តើមសាងសង់ថ្មី ដើម្បីបញ្ជៀសផលប៉ះពាល់សង្គម ខណៈការបើកបរចូលក្រុង អាចបង្កហានិភ័យច្រើន ។


នៅក្នុងកិច្ចសម្ភាសន៍ផ្តាច់មុខជាមួយស៊ីធីអិន លោក ស៊ិន ចន្ធី ប្រធានសមាគមភ្នាក់ងារបញ្ជូនទំនិញកម្ពុជា ហៅកាត់ថា (CAMFFA) បានគាំទ្រដល់ការសម្រេចចិត្តរបស់រាជរដ្ឋាភិបាល ដែលអភិវឌ្ឍន៍ផ្លូវក្រវ៉ាត់ក្រុង ជាបន្តបន្ទាប់ ដើម្បីបង្កើនឱកាសអភិវឌ្ឍន៍ផង និង បញ្ជៀសការកកស្ទះក្នុងក្រុងភ្នំពេញផង ។
បើតាមលោក ស៊ិន ចន្ធី កន្លងមក ការធ្វើចរាចរណ៍ក្នុងក្រុងភ្នំពេញ ហាក់មិនបានបែងចែកច្បាស់លាស់ សម្រាប់ផ្លូវដឹកទំនិញធុនធ្ងន់ និង ផ្លូវសម្រាប់រថយន្តធុនស្រាល ឬ រថយន្តគ្រួសារនោះទេ ដែលជាហេតុបង្កបញ្ហា ដូចជាគ្រោះថ្នាក់ចរាចរណ៍ ការខូចខាតផ្លូវ និង បំពុលបរិស្ថាន។


កាលពីថ្ងៃទី១៤ មករា កន្លងទៅនេះ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី បានអញ្ជើញជាអធិបតីសម្ពោធបើកការដ្ឋានសាងសង់ផ្លូវក្រវាត់ក្រុងទី៣ ដែលតភ្ជាប់រាជធានីភ្នំពេញ និងខេត្ត កណ្តាល ដែលមានប្រវែងសរុបប្រមាណជា ៥២.៩៨៣គីឡូម៉ែត្រ ។
ផ្លូវមួយខ្សែនេះ គឺមានទំហំទទឹងផ្លូវរហូតដល់ទៅ ២៧ម៉ែត្រសម្រាប់ទីប្រជុំជន និងទំហំទទឹងផ្លូវ ២៥ម៉ែត្រសម្រាប់ទីតាំងផុតពីទីប្រជុំជន ដែលការសាងសង់ នឹងត្រូវប្រើប្រាស់ហិរញ្ញប្បទានសម្បទានពីរដ្ឋាភិបាលចិន ប្រមាណ ២៧៣លានដុល្លារអាមេរិក ។
សម្តេចតេជោ ហ៊ុនសែន បានឲ្យដឹងថា ផ្លូវមួយខ្សែនេះ គឺនឹងផ្តល់ផលប្រយោជន៍យ៉ាងច្រើនជូនប្រជាពលរដ្ឋ ជាពិសេសអ្នកដែលរស់នៅតាមបណ្តោយគម្រោងផ្លូវក្រវាត់ក្រុងទី៣។
គម្រោងសាងសង់នេះ គឺនឹងប្រើប្រាស់រយៈពេលប្រហែល ៤២ខែ ចាប់ពីខែធ្នូ ឆ្នាំ២០១៨ ដល់ ខែធ្នូ ឆ្នាំ២០២១៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម