Connect with us

សមាគមពាណិជ្ជកម្មធំៗនៅកម្ពុជាប្រមាណ៤០ ស្នើឲ្យសហភាពអឺរ៉ុប ដែលជាទីផ្សារដ៏ធំបំផុតមួយ កុំដកប្រព័ន្ធអនុគ្រោះពន្ធ EBA

ភ្នំពេញ ៖ សភាពាណិជ្ជកម្មកម្ពុជា ដឹកនាំដោយអ្នកឧកញ៉ា គិត ម៉េង រួមនឹងសមាគមពាណិជ្ជកម្មធំៗនៅកម្ពុជា បានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមមួយ ផ្ញើទៅស្នងការពាណិជ្ជកម្មអឺរ៉ុបលោកស្រី Cecilia Malmstrom ដោយបង្ហាញពីការព្រួយបារម្ភយ៉ាងខ្លាំង និងបានស្នើឲ្យសហភាពអឺរ៉ុប ដែលជាទីផ្សារដ៏ធំបំផុតមួយរបស់កម្ពុជា កុំដកប្រព័ន្ធអនុគ្រោះពន្ធ EBA ។
នៅក្នុងសេចក្តីថ្លែងការណ៍រួម ចុះថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩ ក្រុមអ្នកវិនិយោគ និងសហជីពធំៗនៅកម្ពុជា ចំនួនប្រមាណ ៤០ បានអះអាងថា បើសិនជាមានការសម្រេចដក EBA មែននោះ វានឹងបង្កការខូចខាតសេដ្ឋកិច្ចធ្ងន់ធ្ងរ និងប៉ះពាល់ដល់កម្មករខ្មែរ រាប់លាននាក់ រួមទាំងក្រុមគ្រួសាររបស់ពួកគាត់ និងជាពិសេស គឺ កម្មការនី ដែលមកពីបណ្តាខេត្ត ។


អ្នកឧកញ៉ា គិត ម៉េង បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍រួម ថា ៖ «នេះជាការព្រួយបារម្ភបំផុតសម្រាប់ស្រ្តីនៅជនបទដែលមានចំនួន ៨៥% នៃកម្មករកាត់ដេរចំនួន ៧សែននាក់ ហើយដែលហាក់ដូចជា ពួកគាត់ នឹងទទួលរងផលប៉ះពាល់ខ្លាំងបំផុតពីការប្រែប្រួលសង្គម និងសេដ្ឋកិច្ច»។ អ្នកឧកញ៉ា គិត ម៉េង សូមអំពាវនាវដល់គណៈកម្មការអឺរ៉ុប និង រដ្ឋជាសមាជិកសហភាពអឺរ៉ុប ឱ្យបន្តការគាំទ្រឥតឈប់ឈររបស់ខ្លួន ចំពោះការអភិវឌ្ឍន៍របស់កម្ពុជា ដោយមិនធ្វើសកម្មភាពណាមួយ ដែលនឹងធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍ និងជីវភាពរបស់ប្រជាជនកម្ពុជា ។
សេចក្តីថ្លែងការណ៍ដដែល បានបន្តថា ការដក EBA នឹងគំរាមកំហែងដល់ការរកប្រាក់ចំណូលរបស់មនុស្ស ៣លាននាក់ផ្សេងទៀត រួមទាំងអ្នកពឹងលើបងប្អូនដែលមានប្រាក់ខែពីរោងចក្រ អ្នកផ្តល់សេវាបដិសណ្ឋារកិច្ច ការដឹកជញ្ជូន និងកន្លែងស្នាក់អាស្រ័យ ជាដើម។
សភាពាណិជ្ជកម្មកម្ពុជា សភាពាណិជ្ជកម្មអឺរ៉ុប សមាគមរោងចក្រកាត់ដេរនៅកម្ពុជា សភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា សភាពាណិជ្ជកម្មបារាំង អ៊ីតាលី អាល្លឺម៉ង់ ហុល្លង់ អង់គ្លេស សមាគមធនាគារនៅកម្ពុជា សមាគមសណ្ឋាគារកម្ពុជា ភោជនីយដ្ឋាន និងសហជីពមួយចំនួន គឺស្ថិតក្នុងចំណោមសមាគមពាណិជ្ជកម្ម និងធុរកិច្ច ដែលបានហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមនេះ ។
តាមរយៈ Twitter លោកស្រី Cecilia Malmstrom ស្នងការពាណិជ្ជកម្មអឺរ៉ុប បាននិយាយថា លោកស្រី បានពិភាក្សាអំពីកិច្ចព្រមព្រៀង EBA ជាមួយរដ្ឋមន្រ្តីការបរទេសកម្ពុជា លោក ប្រាក់ សុខុន ហើយលោកស្រីបន្តថា សហភាពអឺរ៉ុបនៅបន្តរក្សាដំណើរការសន្ទនាឲ្យបើកចំហ ។


សូមជម្រាបថា ប្រព័ន្ធអនុគ្រោះពន្ធ «អ្វីៗគ្រប់យ៉ាងលើលែងតែអាវុធ (EBA)» ត្រូវបានអនុម័តដោយវិធានរបស់ក្រុមប្រឹក្សាសហភាពអឺរ៉ុប លេខ No.416/2001 ចុះថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០០១។ EBA គឺជាគំនិតផ្តួចផ្តើមរបស់សហភាពអឺរ៉ុប ដែលអនុញ្ញាតឱ្យការនាំចូលទំនិញទាំងអស់ លើកលែងតែសព្វាវុធ ទៅសហភាពអឺរ៉ុប ពីប្រទេសអភិវឌ្ឍន៍តិចតួច ទទួលនូវការអនុគ្រោះដោយមិនជាប់ពន្ធនាំចូល និង កូតា នេះបើតាមក្រសួងពាណិជ្ជកម្មកម្ពុជា។
EBA គឺជាផ្នែកនៃប្រព័ន្ធអនុគ្រោះទូទៅរបស់សហភាពអឺរ៉ុប ដែលបានចូលជាធរមានចាប់តាំងពីថ្ងៃទី០៥ ខែមីនា ឆ្នាំ២០០១មកម្ល៉េះ និងគ្មានកំណត់ពេលវេលាបញ្ចប់នោះទេ ។ ប្រទេសអភិវឌ្ឍន៍តិចតួចចំនួន៤៨ រួមទាំងកម្ពុជាផងដែរ ទទួលបានការអនុគ្រោះពីគំនិតផ្តួចផ្តើមនេះ៕

    Loading...

    ពេញនិយម