Connect with us

គោលនយោបាយពិពិធកម្មឧស្សាហកម្ម កំពុងផ្លាស់ប្តូរសេដ្ឋកិច្ចកម្ពុជា ងាកចេញពីការពឹងផ្អែក លើវិស័យវាយនភណ្ឌកាត់ដេរ

ភ្នំពេញ ៖ ថ្វីដ្បិតថា ឧស្សាហកម្មវាយនភណ្ឌកាត់ដេរ បានរួមចំណែកធំជាងគេក្នុងការជំរុញសេដ្ឋកិច្ចកម្ពុជា ឲ្យសម្រេចបានអត្រាកំណើន ៧,៣ភាគរយ នៅឆ្នាំ២០១៨ ប៉ុន្តែក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ផលិតផលផ្សេងៗទៀត កំពុងជំនួសការពឹងផ្អែកផលិតផលសម្លៀកបំពាក់តាមរយៈគោលនយោបាយពិពិធកម្មវិស័យឧស្សាហកម្មរបស់រដ្ឋាភិបាល។


យោងតាមរបាយការណ៍ពីក្រសួងសដ្ឋកិច្ច និងហិរញ្ញវត្ថុបង្ហាញថា ការចូលរួមចំណែករបស់វិស័យឧស្សាហកម្មក្នុងផលិតផលសរុបក្នុងស្រុក (ផសស) មានការកើនឡើងជារៀងរាល់ឆ្នាំ ពោលគឺ បានកើនឡើងពី ២៣ភាគរយ ក្នុងឆ្នាំ ២០១៣ រហូតដល់ ៣២,៨ភាគរយ ក្នុងឆ្នាំ ២០១៨។
លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានប្រសាសន៍ កាលពីសប្តាហ៍មុនថា ការរីកចម្រើននៃវិស័យឧស្សាហកម្ម បានធ្វើឲ្យវិស័យនេះ ក្លាយទៅជាវិស័យចម្បង ក្នុងការជម្រុញកំណើនសេដ្ឋកិច្ច ដោយប្រែក្លាយសេដ្ឋកិច្ចកម្ពុជា ទៅជាសេដ្ឋកិច្ចឧស្សាហកម្ម និងបានរួមចំណែកក្នុងការអភិវឌ្ឍន៍វិស័យគាំទ្រផ្សេងទៀត ដូចជា វិស័យធនាគារ វិស័យឡូជីស្ទីក និងវិស័យសេវាកម្ម ។
លោក ថ្លែងថា ការអភិវឌ្ឍន៍វិស័យឧស្សាហកម្ម បាននាំមកនូវការធ្វើពិពិធកម្មនៃប្រភេទផលិតផល ដែលផលិតបាននៅក្នុងប្រទេសកម្ពុជា ដែលឆ្លុះបញ្ចាំងតាមរយៈទំហំនៃការនាំចេញ សម្លៀកបំពាក់ ធៀបទៅការនាំចេញសរុប បានថយចុះពី ៨២ភាគរយ ក្នុងឆ្នាំ ២០១២ មកត្រឹម ៧៤ភាគរយ ក្នុងឆ្នាំ ២០១៨ ស្របពេលដែលការនាំចេញផលិតផលផ្សេងទៀត ដូចជា គ្រឿងបង្គុំអេឡិចត្រូនិក កង់ គ្រឿងសង្ហារឹម និងឧស្សាហកម្មដំឡើងយានយន្ត មានការកើនឡើងគួរឲ្យកត់សម្គាល់។


ទន្ទឹមនឹងនេះ លោកឧបនាយករដ្ឋមន្រ្តី ក៏សង្កេតឃើញថា ឧស្សាហកម្មក្នុងស្រុកបាន និងកំពុងជំនួសឲ្យការនាំចូល ដូចជា ឧស្សាហកម្មផលិតគ្រឿងសំណង់ ឧស្សាហកម្មផលិតភេសជ្ជៈ ឧស្សាហកម្មបង្គុំយានយន្ត និងការកែច្នៃផលិតផលកសិកម្ម ជាដើម ។
បើតាមលោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បានឲ្យដឹងថា ទោះបីជាវិស័យឧស្សាហកម្ម មានការរីកចម្រើនគួរឲ្យកត់សម្គាល់ក៏ដោយក្តី ប៉ុន្តែវិស័យនេះ នៅតែជួបបញ្ហាប្រឈមស្មុគស្មាញជាច្រើន ដែលទាំងវិស័យរដ្ឋ និងទាំងឯកជន ព្រមទាំងមជ្ឈដ្ឋានធុរកិច្ចដទៃទៀត ត្រូវបន្តយកចិត្តទុកដាក់ និងខិតខំប្រឹងប្រែងជម្នះ ដើម្បីរិះរកវិធានការដោះស្រាយ ប្រកបដោយភាពប្រទាក់ក្រឡាគ្នា ដើម្បីធានាប្រសិទ្ធភាពខ្ពស់ ៕

    Loading...

    ពេញនិយម