Connect with us

វិនិយោគិនក្នុងស្រុក ៖ ក្រុមហ៊ុនបរទេសចុះបញ្ជីកាន់តែច្រើន ធ្វើឲ្យការប្រកួតប្រជែងនៅកម្ពុជា កាន់តែខ្លាំង

ភ្នំពេញ ៖ ការរីកចម្រើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ បានបង្កើនឱកាសជាច្រើនដល់ប្រជាជនកម្ពុជា ជាពិសេស អ្នកប្រកបរបរអាជីវកម្មទាំងជាតិ និងអន្តរជាតិ ដោយផ្សាភ្ជាប់សេដ្ឋកិច្ចកម្ពុជា ទៅកម្រិតតំបន់ និងពិភពលោក។
សេដ្ឋកិច្ចរីកចម្រើន ជាការបង្កើតឱកាសដោយពិត ហើយវាក៏ជាកត្តាទាក់ទាញវិនិយោគិនបរទេសមកបណ្តាក់ទុនជាបន្តបន្ទាប់ ព្រោះគ្រប់ក្រុមហ៊ុន អ្នកប្រកបរបរអាជីវកម្ម សុទ្ធតែត្រូវការនូវប្រាក់ចំណេញ ពីការរីកចម្រើននេះ ។ ប៉ុន្តែ ក្រុមហ៊ុន ដែលបង្កើតឡើងមានមូលដ្ឋាននៅប្រទេសកម្ពុជា ដែលជាប្រទេសធ្លាប់តែមានភាពអន់ថយផ្នែកសេដ្ឋកិច្ច ក៏ប្រឈមការប្រកួតប្រជែងថ្មីៗ ជាមួយអ្នកវិនិយោគិនខ្លាំងៗមកពីបរទេស ។
យោងរបាយការណ៍របស់ក្រសួងពាណិជ្ជកម្ម ដែលចេញផ្សាយក្នុងសន្និបាតប្រចាំឆ្នាំរបស់ខ្លួន បានអោយដឹងថា ក្រុមហ៊ុនបរទេស ដែលបានចុះបញ្ជីពាណិជ្ជកម្មថ្មីនៅប្រទេសកម្ពុជា បានកើនឡើង ៦៣.២២% ក្នុងរយៈពេល១១ខែ ឆ្នាំ២០១៨ ដែលមានចំនួន១៤២ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៧ ដែលមានចំនួនត្រឹមតែ ៨៧ក្រុមហ៊ុន។
លោក ស៊ិន ចន្ធី នាយកគ្រប់គ្រងនៃក្រុមហ៊ុនដឹកជញ្ជូនទំនិញ Linehaul Express (Cambodia) Co., Ltd បានរៀបរាប់ថា ការរីកចម្រើនផ្នែកសេដ្ឋកិច្ចរបស់កម្ពុជាក្នុងរយៈពេលកន្លងមកនេះ បានទាក់ទាញវិនិយោគិនបរទេសជាច្រើន ឲ្យមកបង្កើតក្រុមហ៊ុននៅកម្ពុជា និង ប្រតិបត្តិផ្ទាល់នៅទីផ្សារកម្ពុជា ដែលធ្វើឲ្យការប្រកួតប្រជែងកាន់តែខ្លាំងឡើងៗ ហើយជំរុញវិនិយោគិនក្នុងស្រុក ឲ្យខិតខំវិវត្តខ្លួនជាមួយគេ ដែលមានបទពិសោធន៍យូរឆ្នាំ ទាំងធនធានហិរញ្ញវត្ថុ ធនធានមនុស្ស បច្ចេកវិទ្យា និង ទំនាក់ទំនង ។
លោក ស៊ិន ចន្ធី ក៏ជាប្រធានសមាគមភ្នាក់ងារបញ្ជូនទំនិញកម្ពុជា ហៅកាត់ថា (CAMFFA) បានបន្តថា ការចូលមករបស់វិនិយោគិនបរទេសកាន់តែច្រើន និងធ្វើប្រតិបត្តិការកាន់តែទូលំទូលាយ បានធ្វើឲ្យការប្រកួតប្រជែងក្នុងការផ្តល់សេវាកាន់តែចង្អៀត។
កាលពីពេលកន្លងទៅ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានលើកឡើងពីកិច្ចប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដើម្បីបើកទីផ្សារថ្មីៗ ការកៀងគរវិនិយោគ ដើម្បីពិពិធកម្មវិស័យការងារ និងការដាក់ចេញគោលនយោបាយ ដើម្បីលើកកម្ពស់បរិយាកាសធុរកិច្ច និង កិច្ចសម្រួលពាណិជ្ជកម្ម នៅកម្ពុជា។
លោក ធ្លាប់បានលើកឡើងពីអត្ថប្រយោជន៍នៃគោលនយោបាយគាំពារវិនិយោគរបស់កម្ពុជា ចំនួន ៦ចំណុចគឺ ៖ មិនរើសអើងជាតិសាសន៍ មិនរឹបអូសទ្រព្យ មិនត្រូវការដៃគូក្នុងស្រុក មិនកំណត់តម្លៃទំនិញ និងសេវាកម្ម មិនកំហិតរូបិយប័ណ្ណបរទេស និង មិនត្រួតត្រាទុនវិនិយោគ៕

    Loading...

    ពេញនិយម