Connect with us

អភិបាលរាជធានីភ្នំពេញ ៖ រោងចក្រវាយនភណ្ឌក្នុងទីក្រុង នឹងត្រូវរើទៅកាន់ផ្លូវក្រវ៉ាត់ក្រុងទី៣

ភ្នំពេញ ៖ អភិបាលរាជធានីភ្នំពេញ អះអាងថា កំពុងរៀបចំគម្រោងឲ្យឃ្លាំងផ្ទុកទំនិញ និងរោង ចក្រវាយនភណ្ឌទាំងអស់ ត្រូវប្តូរទីតាំងទៅតាមផ្លូវបណ្តោយក្រវ៉ាត់ក្រុងទី៣វិញ ដើម្បីកាត់បន្ថយ ការកកស្ទះចរាចរណ៍ និង គ្រោះថ្នាក់ចរាចរណ៍ ។
ការរៀបចំបែបនេះ ក៏ស្របគ្នានឹងការចង់បានពីសមាគមភ្នាក់ងារបញ្ជូនទំនិញកម្ពុជា ហៅកាត់ថា (CAMFFA) ដែលបានស្នើឲ្យមានការរៀបចំឃ្លាំងផ្ទេរទំនិញធុនធ្ងន់ នៅខាងក្រៅទីក្រុង ដើម្បីឲ្យ ស្របនឹងការរីកចម្រើនរបស់រាជធានីភ្នំពេញ ។


ថ្លែងប្រាប់សារព័ត៌មានក្នុងស្រុក លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានលើកឡើងថាបច្ចុប្បន្ន នៅមានរថយន្តធុនធំមួយចំនួន អាចបើកបរចូលក្នុងក្រុងស្ថិតក្នុងម៉ោងហាមឃាត់ដដែល បើទោះបីជាមានការដាក់បម្រាមក្ដី ។ ករណីនេះ កើតឡើងតិចតួចប៉ុណ្ណោះ ហើយក្នុងនោះក៏មានរថយន្តធំមួយចំនួន ត្រូវបង្ក្រាបបានជាបន្តបន្ទាប់ដែរ ។
លោកបន្តថា នៅពេលខាងមុខ អាជ្ញាធរ អាចនឹងទប់ស្កាត់បាន ១០០ ភាគរយចំពោះរថយន្តដឹកទំនិញធំៗដែលលួចបើកចូលក្រុង ក្រោយពីមានការរៀបចំឲ្យឃ្លាំងផ្ទុកទំនិញ និងរោងចក្រវាយនភណ្ឌទាំងអស់ ប្ដូរទីតាំងពីក្នុងក្រុងទៅនៅតាមបណ្ដោយផ្លូវក្រវាត់ក្រុងទី ៣ នៅពេលដែលផ្លូវ នេះសាងសង់រួចរាល់ ។
ថ្លែងកាលពីសប្តាហ៍មុន លោក ស៊ិន ចន្ធី ប្រធានសមាគមភ្នាក់ងារបញ្ជូនទំនិញកម្ពុជា ហៅកាត់ថា (CAMFFA) ចង់ឃើញការដឹកជញ្ជូនទំនិញ ដោយប្រភេទរថយន្តធុនធ្ងន់ គួររៀបចំទីតាំងផ្លាស់ប្តូរទំនិញនៅក្រៅក្រុង ។ ក្នុងនោះ លោក បានអោយយោបល់ថា គួរអាចជាបណ្តើរៗ តាមទីតាំងនៅតាមផ្លូវក្រវ៉ាត់ក្រុងទី២ ឬ ទី៣ ដែលប្រមុខរាជរដ្ឋាភិបាល គ្រោងបញ្ចប់ការសាងសង់ និង ផ្តើមសាងសង់ថ្មី ដើម្បីបញ្ជៀសផលប៉ះពាល់សង្គម ខណៈការបើកបរចូលក្រុង អាចបង្កហានិភ័យច្រើន ។


បើតាមលោក ស៊ិន ចន្ធី កន្លងមក ការធ្វើចរាចរណ៍ក្នុងក្រុងភ្នំពេញ ហាក់មិនបានបែងចែកច្បាស់លាស់ សម្រាប់ផ្លូវដឹកទំនិញធុនធ្ងន់ និង ផ្លូវសម្រាប់រថយន្តធុនស្រាល ឬ រថយន្តគ្រួសារនោះទេ ដែលជាហេតុបង្កបញ្ហា ដូចជាគ្រោះថ្នាក់ចរាចរណ៍ ការខូចខាតផ្លូវ និង បំពុលបរិស្ថាន។
កាលពីថ្ងៃទី១៤ មករា កន្លងទៅនេះ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី បានអញ្ជើញជាអធិបតីសម្ពោធបើកការដ្ឋានសាងសង់ផ្លូវក្រវាត់ក្រុងទី៣ ដែលតភ្ជាប់រាជធានីភ្នំពេញ និងខេត្តកណ្តាល ដែលមានប្រវែងសរុបប្រមាណជា ៥២.៩៨៣គីឡូម៉ែត្រ ។ ក្រសួងសាធារណការ និងដឹកជញ្ជូន បញ្ជាក់ថា ផ្លូវនេះគឺជាផ្លូវក្រវាត់ក្រុងដ៏ធំ បម្រើដល់ការដឹកជញ្ជូនដែលតភ្ជាប់ពីផ្លូវជាតិលេខ ១ ផ្លូវជាតិលេខ ៥ ផ្លូវជាតិលេខ ៤ ផ្លូវជាតិលេខ ៣ ផ្លូវជាតិលេខ ២ ផ្លូវជាតិលេខ ២១ ផ្លូវជាតិលេខ ១ និងតទៅដល់ចំណតផែកុងតឺន័រថ្មី របស់កំពង់ផែស្វយ័តភ្នំពេញ នៅក្នុងស្រុកកៀនស្វាយ។ ផ្លូវក្រវាត់ក្រុងទី ៣ នេះ គ្រោងនឹងបញ្ចប់ការសាងសង់នៅក្នុងខែធ្នូ ឆ្នាំ ២០២១ ដែលការសាងសង់ នឹងត្រូវប្រើប្រាស់ហិរញ្ញប្បទានសម្បទានពីរដ្ឋាភិបាលចិន ប្រមាណ ២៧៣លានដុល្លារអាមេរិក ៕

 

    Loading...

    ពេញនិយម