Connect with us

សហរដ្ឋអាមេរិក សន្យាជួយបណ្តុះបណ្តាលមន្ត្រីកម្ពុជា ពាក់ព័ន្ធទៅនឹងការដោះស្រាយវិវាទការងារ

ភ្នំពេញ៖ នៅថ្ងៃទី ២២ ខែមករានេះ លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអនុញ្ញាតឱ្យលោកសាស្ត្រាចារ្យ Richard D. Fincher រួមជាមួយគណៈប្រតិភូមជ្ឈមណ្ឌលអាមេរិកាំង សម្រាប់សាមគ្គីភាពការងារអន្តរជាតិ (ACILS) ចូលជួបផ្លាស់ប្តូរបទពិសោធន៍ និងទស្សនៈក្នុងការដោះស្រាយវិវាទការងារ ។


លោក អ៊ិត សំហេង បានលើកឡើងថា កន្លងមកកម្ពុជា ធ្លាប់មានទំនាក់ទំនងកិច្ចសហប្រតិបត្តិការក្នុងវិស័យការងារជាច្រើនជាមួយសហរដ្ឋអាមេរិក ហើយកម្ពុជា ជាប្រទេសមួយដែលបានផ្សារភ្ជាប់ខ្លួនទៅនឹងបទដ្ឋានអន្តរជាតិ ។ ក្នុងនោះ កម្ពុជា បានផ្តល់សច្ចាប័នអនុសញ្ញាអង្គការអន្តរជាតិខាងការងារ បានចំនួន១៣ ដែលមានអនុសញ្ញាស្នូល៨ផងដែរ ។ កម្ពុជា ក៏ជាប្រទេស ទី១ ដែលហ៊ានផ្សារភ្ជាប់កិច្ចព្រមព្រៀងពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិកក្នុងឆ្នាំ១៩៩៩។
ទន្ទឹមនឹងនេះ លោក អ៊ិត សំហេង បានគូសបញ្ជាក់ថា កំណើននៃឧស្សាហកម្ម ធ្វើឱ្យមានការកើនឡើងនូវអង្គការវិជ្ជាជីវៈជាច្រើន ដែលនេះធ្វើអោយមានការបង្កើតឡើងនូវក្រុមប្រឹក្សាអាជ្ញា កណ្តាល ដែលជាយន្តការសម្របសម្រួលត្រីភាគី រួមមាន ភាគីរដ្ឋាភិបាល សហជីព និងនិយោជក ក្នុងការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ។
កន្លងមក មជ្ឈមណ្ឌលអាមេរិកាំងសម្រាប់សាមគ្គីភាពការងារអន្តរជាតិ ក៏បានចូលរួមការងារជាច្រើនជាមួយក្រសួង ក្នុងដោះស្រាយបញ្ហានានានៅក្នុងវិស័យការងារ ហើយតាមរយៈអនុស្សរណៈ យោគយល់គ្នា ដែលបានចុះហត្ថលេខាកន្លងទៅ នឹងកាន់តែបង្កើននូវកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរកាន់តែប្រសើថែមទៀត។


បើតាមលោក រដ្ឋមន្រ្តី មកទល់បច្ចុប្បន្ន ក្រុមប្រឹក្សាអាជ្ញាកណ្តាលនេះ នៅតែយន្តការប្រកបដោយប្រសិទ្ធភាព និងតម្លាភាព ក្នុងការដោះស្រាយវិវាទការងារ ។ ជាមួយភាពជោគជ័យទាំងអស់នេះ ក៏មានបញ្ហាប្រឈមផងដែរ គឺយន្តការត្រីភាគីនេះ កំពុងតែខិតខំរកមធ្យោបាយ ក្នុងការធានានូវនិរន្តភាពរបស់ខ្លួន ជាពិសេស និរន្តភាពផ្នែកហិរញ្ញវត្ថុ ក្នុងការបន្តដំណើរការងារតទៅមុខទៀត ។
តបតាមសំណើររបស់លោករដ្ឋមន្ត្រី លោកសាស្ត្រាចារ្យ Richard D. Fincher បានសំដែងនូវក្តីរីករាយក្នុងការត្រៀមខ្លួនជួយបណ្តុះបណ្តាលមន្ត្រីពាក់ព័ន្ធទៅនឹងការដោះស្រាយវិវាទការងារនៅពេលដែលក្រសួង បង្កើតវិទ្យាសា្ថនជាតិការងារ នាពេលខាងមុខឆាប់ៗនេះ ។
លោកសាស្រ្តាចារ្យ រួមប្រតិភូ ដែលជាសន្ធានការី និងអាជ្ញាកណ្តាល បានលើកពីបទពិសោធន៍របស់លោកនៅអាស៊ី ដែលលោកបានផ្តោតការយកចិត្តទុកដាក់ និងបង្រៀន តាមមហាវិទ្យាល័យ ដូចជា នៅវៀតណាម ចិន និងមីយ៉ាន់មា លើការបណ្តុះបណ្តាលជំនាញប្រព័ន្ធដោះស្រាយលើវិវាទការងារ ។
លោកសាស្ត្រាចារ្យ បានទទួលស្គាល់ថា មិនថាប្រទេសណាទេ ប្រព័ន្ធក្រុមប្រឹក្សាអាជ្ញាកណ្តាល តែងមានបញ្ហាប្រឈមក្នុងការរក្សានិរន្តភាព ដែលប្រទេសខ្លះមានជំនួយមូលនិធិពីតែភាគីរដ្ឋាភិបាល និងប្រទេសខ្លះទៀតពីខាងភាគីនិយោជក និងខាងសហជីព៕

    Loading...

    ពេញនិយម