Connect with us

តាមពិត Miss Global កម្ពុជា កញ្ញា ហង្ស សុរិយាន់ ជាអតីតបេក្ខជន Top 5 ក្នុងកម្មវិធី Cambodia’s Next Top Model របស់ MYTV សោះ

កាលពីពេលថ្មីៗនេះ MYTV Plus បានចុះផ្សាយពីកញ្ញា ហង្ស សុរិយាន់ ដែលជាបវរកញ្ញាតំណាងអោយកម្ពុជាក្នុងកម្មវិធីប្រកួតសម្រស់លំដាប់ថ្នាក់ពិភពលោក Miss Global នៅប្រទេសហ្វីលីពីន។ ពេលនេះ MYTV Plus សូមលើកយកជីវប្រវត្តិរបស់ សុរិយាន់ មកជម្រាបជូនប្រិយមិត្ត។

កញ្ញា ហង្ស សុរិយាន់ មានអាយុ ២៣ឆ្នាំ ដែលជាកូនស្រីទី២ ក្នុងចំណោមបងប្អូន៤នាក់នៅក្នុងក្រុមគ្រួសាររបស់នាង។ សុរិយាន់ បានសិក្សាផ្នែកច្បាប់នៅឯសកលវិទ្យាល័យន័រតុន ហើយកញ្ញាបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្ររបស់ខ្លួននៅឆ្នាំ២០១៥។ សុរិយាន់ បានឈានជើងចូលក្នុងវិស័យសិល្បៈដំបូងក្នុងឆ្នាំ ២០១៤ តាមរយៈការចូលរួមប្រកួតក្នុងកម្មវិធី Cambodia’s Next Top Model របស់ស្ថានីយទូរទស្សន៍ MYTV ។

សុរិយាន់ បានប្រាប់មកកាន់ MYTV Plus ថា កញ្ញាស្រលាញ់ការដើរម៉ូតតាំងតែពីអាយុ ១០ ឆ្នាំមកម្លេះ។ កញ្ញាបានប្រាប់ឪពុករបស់នាងថា នាងចង់ក្លាយជាតារាបង្ហាញម៉ូត ហើយឪពុករបស់នាងបាន ផ្តល់ដំបូន្មានវិញឱ្យនាងជឿជាក់លើខ្លួនឯង។ កញ្ញា សុរិយាន់ បានបន្តទៀតថា ខ្លួនតែងតែចង់ចូលរួមប្រកួតក្នុងកម្មវិធីនានា ប៉ុន្តែមិនមានកម្មវិធីណា ដែលខ្លួនចាប់អារម្មណ៍នោះទេ លុះដល់ឆ្នាំ ២០១៤ នៅពេលដែលកញ្ញាបានឃើញ កម្មវិធី Cambodia’s Next Top Model ដែលជាកម្មវិធីលំដាប់ថ្នាក់ពិភពលោក ដែល MYTV បានទិញសិទ្ធិក្នុងការផលិតនោះមក កញ្ញាក៏ចាប់អារម្មណ៍យ៉ាងខ្លាំងហើយក៏សម្រេចចិត្តដាក់ពាក្យចូលរួមប្រកួតតែម្តង។

កញ្ញា សុរិយាន់ បានប្រាប់ទៀតថា នៅពេលនោះកញ្ញាមិនទាន់មានបទពិសោធន៍ខាងបង្ហាញម៉ូតនៅឡើយទេ។ កញ្ញាបានឆ្លងកាត់ការជម្រុះដ៏ច្រើនលើកច្រើនសា ចាប់ពីជម្រុះក្នុងចំណោមបេក្ខជនចំនួន៣០០០នាក់ ដល់១៥០០នាក់ បន្ទាប់មកដល់ត្រឹម៥០នាក់ និងពី៥០នាក់ដល់២៥នាក់ រហូតដល់១៥នាក់ចុងក្រោយដែលកញ្ញាមិននឹកស្មានថាខ្លួនអាចឈានមកដល់វគ្គ១៥នាក់ចុងក្រោយនេះឡើយ។ សុរិយាន់ បានខិតខំយ៉ាងខ្លាំងក្នុងកម្មវិធីប្រកួតព្រោះខ្លួនមិនមានបទពិសោធន៍ទាល់តែសោះរហូតទទួលបានជ័យលាភីលេខ៤ ក្នុងកម្មវិធី Cambodia’s Next Top Model របស់ស្ថានីយទូរទស្សន៍ MYTV។ កញ្ញា សុរិយាន់បានបន្តទៀតថា គ្រាន់តែចប់កម្មវិធីភ្លាម កញ្ញាចាប់ផ្តើមទទួលបានការងារក្នុងវិស័យសិល្បៈភ្លាម ដោយកម្មវិធី Cambodia’s Next Top Model បានធ្វើអោយកញ្ញាមានប្រជាប្រិយភាពជាខ្លាំង៕

 

Loading...

ពេញនិយម