Connect with us

រាជរដ្ឋាភិបាល នឹងផ្ទេរថវិកាប្រមាណ ១០២ ពាន់លានរៀលបន្ថែមទៀត ជូនដល់មូលនិធិគន្ធបុប្ផាកម្ពុជា

ភ្នំពេញ ៖ រាជរដ្ឋាភិបាល នឹងផ្ទេរថវិកាចំនួនប្រមាណ ១០២ ពាន់លានរៀលបន្ថែមទៀត ជូនដល់មូលនិធិគន្ធបុប្ផាកម្ពុជា នេះបើតាម លោក អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាបរធនបាលនៃមូលនិធិគន្ធបុប្ផាកម្ពុជា ។


ថ្លែងក្នុងកិច្ចប្រជុំក្រុមប្រឹក្សាបរធនបាល លើកទី១ លោក ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បានជម្រាបក្រុមប្រឹក្សាបរធនបាល ថា នៅក្នុងអំឡុងខែមករា ឆ្នាំ២០១៩នេះ រាជរដ្ឋាភិបាល បាននិងកំពុងរៀបចំនីតិវិធីផ្ទេរថវិកាចំនួនប្រមាណ ១០២ ពាន់លានរៀល ជូនមូលនិធិគន្ធបុប្ផាថែមទៀត បន្ថែមលើវិភាគទានដំបូងរបស់រាជរដ្ឋាភិបាល ចំនួនជាង ៤០ ពាន់លានរៀល ដែលបានប្រគល់ជូនមូលនិធិគន្ធបុប្ផាកម្ពុជាកន្លងមក ។ ដូច្នេះ ថវិកាដែលរដ្ឋ បានប្រគល់ជូនមូលនិធិគន្ធបុប្ផាកម្ពុជា គិតត្រឹមខែមករាឆ្នាំ២០១៩ នេះ មានចំនួន សរុប ១៤២ ពាន់លានរៀល ។
ជាមួយនេះ លោកអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានណែនាំឲ្យលេខាធិការដ្ឋាន ខិតខំបំពេញការងារបន្ថែមទៀត ក្នុងការផ្សព្វផ្សាយឲ្យសាធារណជនទូទៅ បានយល់ដឹងអំពីគោលដៅចម្បងនៃការបង្កើត “មូលនិធិគន្ធបុប្ផាកម្ពុជា” នេះឡើង ដើម្បីកៀរគរធនធានហិរញ្ញវត្ថុត្រៀមបម្រុងសម្រាប់ទ្រទ្រង់និរន្តរភាពរបស់មន្ទីរពេទ្យគន្ធបុប្ផាទាំង៥ទីតាំង ដោយរក្សាបាននូវគោលការណ៍ផ្តល់សេវាដោយឥតគិតថ្លៃ និងប្រកបដោយគុណភាពខ្ពស់។


លោក ឧបនាយករដ្ឋមន្រ្តី បានលើកឡើងថា ការចូលរួមបរិច្ចាគធនធានចូលទៅក្នុងមូលនិធិគន្ធបុប្ផា គឺជាកាយវិការសប្បុរសដ៏ប្រពៃរបស់ជនជាតិកម្ពុជា ដើម្បីជួយសង្គ្រោះកុមារកម្ពុជា ដែលជាទំពាំងស្នងឬស្សីរបស់ប្រទេសជាតិ នៅក្រោមពាក្យស្លោក “ភាពញញឹមរបស់កុមារគឺជាអនាគតដ៏ភ្លឺស្វាងរបស់កម្ពុជា”។
បើតាមរបាយការណ៍ពីក្រុមប្រឹក្សាបរធនបាល បានអោយដឹងថា គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨កន្លងមក មូលនិធិគន្ធបុប្ផាកម្ពុជា ទទួលបានមូលនិធិបរិច្ចាគ ជាសាច់ប្រាក់ ក្នុងនោះ ប្រាក់រៀលចំនួន ៤៤,៤៦៩,០៣៣,៦៨៧ រៀល និង ប្រាក់ដុល្លារចំនួន ៧,១៦៩,២៦៤ដុល្លារ ព្រមទាំងជាទ្រព្យសកម្ម ដីមួយកន្លែងទំហំ ១,៣៧២ ម៉ែត្រក្រឡា ដែលមានតម្លៃប្រមាណ ៨ លានដុល្លារ ។
តាមរយៈកិច្ចប្រជុំក្រុមប្រឹក្សាបរធនបាល លើកទី១ ក៏បានអនុម័តលើផែនការសកម្មភាពឆ្នាំ២០១៩ ដែលរួមមាន ការពង្រឹងការរៀបចំប្រព័ន្ធគ្រប់គ្រងសមាជិក និងការគ្រប់គ្រងមូលនិធិ,រៀបចំបង្កើតព្រឹត្តិការណ៍ និងសកម្មភាពនានា ដើម្បីធ្វើការកៀរគរការបរិច្ចាគឲ្យបានកាន់តែច្រើន រួមទាំងការបង្កើនការផ្សព្វផ្សាយ និងទំនាក់ទំនងសាធារណៈអំពីមូលនិធិ ឲ្យបានកាន់តែទូលំទូលាយ ៕

    Loading...

    ពេញនិយម