Connect with us

និយោជក ប្រទេសចំនួន ១៧ ចូលរួមវេទិកានៅកម្ពុជា ដើម្បីចែករំលែកស្ថានភាពការងារ និងការប្រកួតប្រជែងទីផ្សារ

ភ្នំពេញ ៖ សហព័ន្ធនិយោជក និងសមាគមពាណិជ្ជកម្មកម្ពុជា (CAMFEBA) រួមទាំងសមាគមសម្រាប់កិច្ចសហប្រតិបត្តិការបច្ចេកទេសក្រៅប្រទេស និងភាពជាដៃគូប្រកបដោយនិរន្តរភាព (AOTS) បានរួមគ្នារៀបចំនូវវេទិកាមួយ ដោយមានការចូលរួមពីនិយោជកមកពីប្រទេសចំនួន ១៧ ដើម្បីធ្វើការសិក្សា និងពិភាក្សា ស្តីពីសាកលភាវូបនីយកម្ម និងបច្ចេកវិទ្យាថ្មី ក្នុងការផ្លាស់ប្តូរបរិយាកាសប្រកួតប្រជែងរបស់ទីផ្សារ ។
ថ្លែងក្នុងវេទិកានោះ លោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានវាយតម្លៃខ្ពស់ចំពោះការរៀបចំឲ្យមានវេទិកាដ៏មានសារៈសំខាន់នេះ ដើម្បីសិក្សាស្វែងយល់ ប្រៀបធៀប និងធ្វើការចែករំលែកស្ថានភាពការងាររបស់ប្រទេសនីមួយៗ ដើម្បីឲ្យអ្នកចូលរួម អាចមានចំណេះដឹងអំពីទំនាក់ទំនងវិជ្ជាជីវៈ ការគ្រប់គ្រងធនធានមនុស្ស និងប្រព័ន្ធគ្រប់គ្រងការងារត្រីភាគី ។


លោក រដ្ឋមន្ត្រី បានចាត់ទុកវេទិកានេះ ថា បានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការបង្កើតនូវឱកាសដល់ការទាក់ទាញអ្នកវិនិយោគអន្តរជាតិ ព្រមទាំងរឹតបន្តឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អរវាងសមាគមនិយោជកនៅក្នុងតំបន់ សហព័ន្ធនិយោជក និងសមាគមពាណិជកម្មកម្ពុជា ។ វេទិការនេះ ទៀតសោត ក៏នឹងផ្តល់ឱកាសអោយម្ចាស់អាជីវកម្មកម្ពុជា អាចកសាងបណ្តាញទំនាក់ទំនង និងស្វែងរកដៃគូសហការវិនិយោគ នាពេលអនាគតពីបណ្តាប្រទេសចូលរួមទាំងនេះផងដែរ ។
លោក រដ្ឋមន្រ្តី បានបញ្ជាក់ថា បច្ចុប្បន្នកម្ពុជា កំពុងបន្តអភិវឌ្ឍប្រទេសជាតិឆ្ពោះទៅពេលខាងមុខប្រកបដោយសុទិដ្ឋិនិយម ដោយផ្អែកលើកត្តាមួយចំនួន រួមមាន ៖

  • ទី១-កត្តាខាងក្នុង សន្តិភាព និងស្ថេរភាព ជាគន្លឹះសម្រាប់ការវិនិយោគ និងជំរុញដោយកត្តាផលិតកម្ម។
  • ទី២- ការបន្តធ្វើឱ្យប្រសើរឡើងនូវលក្ខខណ្ឌការងារ និងទំនាក់ទំនង វិជ្ជាជីវៈ ក៏ជាកត្តាទាក់ទាញវិនិយោគទុនបរទេស និងការឈោងចាប់យក ចំណែកទីផ្សារសកលលោក ដែលនិយមប្រើប្រាស់ផលិតផលចេញពីប្រភព ពីប្រទេសដែលគ្មានការរំលោភបំពានសិទ្ធកម្មករ តាមបទដ្ឋានអន្តរជាតិ។
  • ទី៣- កត្តាខាងក្រៅ ស្ថានភាពសេដ្ឋកិច្ចពិភពលោកដែលបន្តមានភាពមិនប្រាកដប្រជា និងកាន់តែមានភាពស្មុគស្មាញ និងប្រែប្រួលឆាប់រហ័សដោយសារការកើតឡើងនូវសង្គ្រាមពាណិជ្ជកម្ម ការដំឡើងអត្រាការប្រាក់ការកើនឡើងថ្លៃប្រេង និងកំណើនយឺតនៅក្នុងប្រទេសអភិវឌ្ឍន៍ជាដើម។

ក្នុង បរិការណ៍នេះ រាជរដ្ឋាភិបាលកម្ពុជា បានកែទម្រង់នូវកិច្ចសម្រួលពាណិជ្ជកម្ម តាមរយៈការកាត់បន្ថយបែបបទពាណិជ្ជកម្ម ថ្លៃសេវារដ្ឋបាល និងថ្លៃអគ្គិសនី ជាដើម។

ទន្ទឹមនេះ ការកើតមានឡើងនូវបដិវត្តន៍ឧស្សាហកម្មទី៤ ដោយសារការរីកចម្រើនបច្ចេកវិទ្យាថ្មីយ៉ាងឆាប់រហ័ស កំពុងជះឥទ្ធិពលដល់ការផ្លាស់ប្តូរយ៉ាងខ្លាំងទៅលើរបៀបរបបនៃប្រតិបត្តិការអាជីវកម្ម និងការងារគ្រប់ប្រភេទ។
ស្ថិតក្នុងបរិការណ៍នេះ ដើម្បីបន្តរក្សាបាននូវភាពប្រកួតប្រជែង កម្ពុជា ប្តេជ្ញាខិតខំអនុវត្តឲ្យបានជោគជ័យនូវគោលនយោបាយជាតិដែលបានដាក់ចេញកន្លងមក ជាពិសេសគោលនយោបាយជាតិស្តីពីការអភិឌ្ឍន៍ឧស្សាហកម្ម គោលនយោបាយជាតិស្តីពីមុខរបរ និងការងារ និងគោលនយោបាយជាតិស្តីពីការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ សំដៅសម្រេចឱ្យបាននូវក្តីប្រាថ្នារបស់កម្ពុជា ក្នុងការប្រែក្លាយ ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ ។
សូមបញ្ជាក់ថា និយោជក ដែលបានចួលរួមក្នុងវេទិកា គឺមកពីប្រទេសចិន ឥណ្ឌា ឥណ្ឌូនេស៊ី សាធារណៈរដ្ឋកូរ៉េ ឡាវ ម៉ាឡេស៊ី ម៉ិចស៊ិក ម៉ុងហ្គោលី មីយ៉ាន់ម៉ា នេប៉ាល់ បង់ក្លាដេស ប៉ាគីស្ថាន ស្រីលង្ការ ហ្វីលីពីន សិង្ហបុរី ថៃ និងវៀតណាម ៕

 

    Loading...

    ពេញនិយម