Connect with us

មិនគួរអោយជឿ កម្ពុជា ចំណាយរាប់សិបលានដុល្លារ នាំចូលអង្ករដំណើបពីវៀតណាម និងថៃ ខណៈការផលិតក្នុងស្រុក មានតិចតួច

ភ្នំពេញ ៖ អ្នកជំនាញក្នុងវិស័យកសិកម្ម បានអះអាងថា កម្ពុជាបានចំណាយលុយរាប់សិបលានដុល្លារ ក្នុង១ឆ្នាំៗ ដើម្បីនាំចូលអង្ករដំណើប មកពីប្រទេសជិតខាងសម្រាប់ការផ្គត់ផ្គង់ទីផ្សារក្នុងស្រុក ខណៈមានកសិករកម្ពុជាតិចតួចនៅឡើយ បង្កបង្កើនផលស្រូវដំណើប ។
អ្នកជំនាញមួយរូប ដែលស្នើមិនឲ្យបញ្ចេញឈ្មោះ បានអះអាងថា ក្នុងមួយឆ្នាំៗ ប្រជាជនកម្ពុជាទំនងជាអាចប្រើប្រាស់អង្ករដំណើបនានា ប្រហែល ១៣ ម៉ឺនតោន ដែលមានតម្លៃប្រហែល១៣០លានដុល្លារ សហរដ្ឋអាមេរិក ។

បើតាមក្រុមហ៊ុននាំអង្ករចេញដ៏ធំមួយនៅកម្ពុជា បានអះអាងថា គ្មានតួលេខណាមួយដែលបញ្ជាក់បានថា កម្ពុជានាំចូលអង្ករដំ​ណើបក្នុងបរិមាណប៉ុន្មានជាក់លាក់ឡើយ ព្រោះការនាំចូលអង្ករដំណើប ធ្វើឡើងតាមរបៀបគេចពន្ធ មកពីប្រទេសថៃ និង វៀតណាម ។

ដោយមើលឃើញសក្តានុពលនៃការផលិតអង្ករដំណើប វិទ្យាស្ថានស្រាវជ្រាវ និង អភិវឌ្ឍន៍កសិកម្មកម្ពុជា ហៅកាត់ថា កាឌី បានកំពុងខិតខំជំរុញ និងអភិវឌ្ឍទីផ្សារអង្ករ “ដំណើបស្បៃមង្គល” ដោយបញ្ចេញពូជស្រូវដំណើបស្បៃមង្គលដំបូង កាលពីចុងឆ្នាំ២០១៣ ។ ទោះយ៉ាងនេះក្តី រយៈពេល៥ឆ្នាំទៅហើយ កម្ពុជា នៅតែពឹងផ្អែកយ៉ាងច្រើនលើការនាំចូលអង្ករដំណើបនេះ ។


យោងតាមការផ្សព្វផ្សាយរបស់វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្ម ពូជស្រូវ ”ដំណើបស្បៃមង្គល” ជាពូជស្រូវដែលបានសម្រិតសម្រាំងតាមបចេ្ចកទេសរុក្ខជម្រើសវិទ្យា ពីពូជស្រូវប្រពៃណីដែលបានប្រមូលយកមករក្សាទុកនៅក្នុងវិទ្យាស្ថាន។
លោកបណ្ឌិត អ៊ុក ម៉ាការា នាយកវិទ្យាស្ថានស្រាវជ្រាវនិងអភិវឌ្ឍន៍កសិកម្មកម្ពុជា បានអះអាងក្នុងពេលថ្មីៗនេះថា រហូតមកដល់ពេលនេះ ពូជស្រូវដំណើបស្បៃមង្គល ត្រូវបានកសិករគោលដៅមួយចំនួនតូច ទទួលយកទៅដាំដុះ ដែលមិនទាន់បានទូលំទូលាយនោះទេ ។
លោកបណ្ឌិត អ៊ុក ម៉ាការា បន្តថា ពូជស្រូវដំណើបស្បៃមង្គល ជាពូជសមស្របសម្រាប់ការបង្កបង្កើនផលតាមស្រែទំនាបដែលរំពឹងទឹកភ្លៀងទាំងអស់នៅកម្ពុជា ដែលមានប្រមាណ ៥សែនហិកតា ។
លោកបណ្ឌិត បញ្ជាក់ថា៖ «យើងបញ្ចេញនេះ ដើម្បីឲ្យប្រជាជនប្រើប្រាស់ក្នុងស្រុក ប្រមូលផល និង លក់ ដែលមានប្រភពនៅក្នុងស្រុក ទប់ស្កាត់ការនាំចូលអង្ករដំណើបពីប្រទេសជិតខាង។ ពូជស្រូវដំណើបស្បៃមង្គល ជាពូជស្រូវធ្ងន់» ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម