Connect with us

ប្រធានកាកបាទក្រហមកម្ពុជា បានអំពាវនាវដល់ស្ដ្រីមានផ្ទៃពោះ ត្រូវទៅពិនិត្យសុខភាពអោយ បានទៀងទាត់

ប៉ៃលិន៖ ប្រធានកាកបាទក្រហមកម្ពុជា សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នៅថ្ងៃទី ២៣ ខែមករានេះ បានអំពាវនាវដល់ស្ដ្រីមានផ្ទៃពោះនៅខេត្តប៉ៃលិន សូមទៅពិនិត្យសុខភាពនៅមន្ទីរពេទ្យ ឲ្យបានទៀងទាត់ ដើម្បីសុវត្ថិភាពទាំងម្ដាយ និង កូនក្នុងផ្ទៃ ។
ការអំពាវនាវ បានធ្វើឡើងក្នុងឱកាសដែលសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត បានជួបសំណេះសំណាលសួរសុខទុក្ខដល់ប្រជាពលរដ្ឋ ចាស់ជរាគ្មានទីពឹង ស្ដ្រីមេម៉ាយ កុមារកំព្រារ ជនពិការ អ្នកផ្ទុកមេរោគអេដស៍ ចំនួន១,២៥១គ្រួសារ ដែលមកពី២៥ភូមិ ក្នុងស្រុកសាលាក្រៅ ខេត្ដប៉ៃលិន ។


សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត បានលើកឡើងថា តាមទំលាប់តាំងពីដើមឲ្យតែមានផ្ទៃពោះហើយ ស្រ្តី ជាម្តាយ ភាគច្រើនតែមិនទៅមន្ទីរពេទ្យពិនិត្យសុខភាពនោះទេ ដោយអ្នកខ្លះ យកក្បួនតាមបុរាណ។ ទោះជាយ៉ាងក៏ដោយ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត បានលើកទឹកចិត្តដល់ស្រ្តីមានផ្ទៃពោះ បើទោះមន្ទីរពេទ្យឆ្ងាយបន្ដិចពីផ្ទះក្ដី ក៏ត្រូវទៅពិនិត្យផ្ទៃពោះឲ្យបានទៀងទាត់ ព្រោះថា ពាក្យឆ្លងទន្លេនេះ គឺគ្រោះថ្នាក់ណាស់ ទោះអ្នកខ្លះ មានកូនពីរ ឬបីនាក់រួចក្ដី តែបើធ្វេសប្រហែស នោះកូនក្នុងផ្ទៃអាចមានគ្រោះថ្នាក់ដល់ជីវិត ។
ជាងនេះទៅទៀត សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ក៏បានផ្ដាំផ្ញើដល់ប្រជាពលរដ្ឋ សូមថែទាំសុខភាពឲ្យបានល្អ ដោយត្រូវបរិភោគទឹកស្អាត និងទឹកឆ្អិន ដើម្បីជៀសវាងជំងឺដង្កាត់ផ្សេងៗ, ចូលរួមគោរពច្បាប់ចរាចរណ៍ ដើម្បីកាត់បន្ថយនូវអត្រាស្លាប់ និងពិការភាព ដោយសារគ្រោះថ្នាក់ចរាចរណ៍ និងជៀសឲ្យឆ្ងាយពីគ្រឿងញៀន ដែលជាមូលហេតុឲ្យមានអំពើចោរកម្ម អំពើហិង្សាក្នុងគ្រួសារ សម្លាប់មនុស្ស ធ្វើឲ្យសង្គមស្អប់ខ្ពើម និងបំផ្លាញអនាគតរបស់ខ្លួន ជាពិសេស កុំប្រព្រឹត្ដល្បែងស៊ីសង ។


សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏បានសំណូមពរចំពោះអ្នកកើតជំងឺអេដស៍ សូមកុំចម្លងដល់អ្នកដទៃ និងក្រុមគ្រួសារ។ រីឯអ្នកដែលរស់នៅជាមួយមេរោគអេដស៍ សូមទៅពិនិត្យសុខភាព និងលេបថ្នាំពន្យារជីវិតឲ្យបានទៀតទាត់ ទៅតាមការកំណត់របស់គ្រូពេទ្យ។
ក្រៅពីនេះ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សូមអាជ្ញាធរគ្រប់ជាន់ថ្នាក់ បន្តយកចិត្ដទុក្ខដាក់ព្យាយាមដោះស្រាយបញ្ហាជីវភាព និងតម្រូវការនៃគ្រួសារនីមួយៗ ពិសេសសម្រាប់គ្រួសារ ដែលជួបឧបទ្ទវហេតុផ្សេងៗ ប្រកបដោយប្រសិទ្ធភាព និងទាន់ពេលវេលា ។
ព្រមជាមួយគ្នានោះ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ក៏បានពាំនាំនូវព្រះរាជបណ្តាំសួរសុខទុក្ខ និងក្តីអាណិតស្រឡាញ់ពីសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ដែលព្រះអង្គតែងតែយកព្រះទ័យទុកដាក់ពីសុខទុក្ខរបស់ប្រជានុរាស្រ្តគ្រប់ពេលវេលា។


សូមជម្រាបថា ក្នុងឱកាស សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញចុះសំណេះសំណាលសួរសុខទុក្ខ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ក៏បានចែកអំណោយមនុស្សធម៌ ក្នុងគ្រួសារនីមួយៗទទួលបាន ៖ អង្ករ ៣០គីឡូក្រាម មី១កេស ត្រីខ១០កំប៉ុង មុង១ ភួយ១ សារុង១ ក្រមា១ អាវយឺត១ ទឹកសុទ្ធ១ដប និងនំបុ័ង១ដើម ។ ជាមួយគ្នានេះ គ្រួសារនីមួយៗ នៅទទួលបាន ក្រណាត់ស ១ដុំ និងថវិកា១ម៉ឺនរៀលទៀត ជាអំណោយរបស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម