Connect with us

វិនិយោគិនចិន បោះទុនជាង ៣៦០០លានដុល្លារ សម្រាប់គម្រោងនានានៅកម្ពុជា ក្នុងឆ្នាំ២០១៨

ភ្នំពេញ ៖ កម្ពុជា ទទួលបានគម្រោងវិនិយោគក្នុងទំហំទឹកប្រាក់ប្រមាណ ៦ ៨០០ លានដុល្លារ ក្នុងឆ្នាំ ២០១៨ បានកើនឡើងប្រមាណ ៧ភាគរយ បើធៀបឆ្នាំ ២០១៧ ក្នុងនោះ ប្រទេសចិន បន្តស្ថិតនៅជាប្រទេសនាំមុខ ដែលបានបណ្តាក់ទុនវិនិយោគធំជាងគេបង្អស់នៅកម្ពុជា ។
យោងតាមរបាយការណ៍រាជរដ្ឋាភិបាល បង្ហាញថា ក្នុងឆ្នាំ ២០១៨កន្លងទៅនេះ ទំហំទុនវិនិយោគរបស់ចិនសរុបប្រមាណ ៣ ៦០០ លានដុល្លារ ស្មើនឹង ៥៣% នៃទំហំវិនិយោគសរុបនៅកម្ពុជា ពោលគឺ កើនឡើងប្រមាណ ៥៤% ធៀបនឹងឆ្នាំ ២០១៧។ កម្ពុជា រំពឹងថា វិនិយោគិនរបស់ចិន នឹងបន្តដាក់ទុនវិនិយោគបន្ថែមទៀត នៅកម្ពុជា សម្រាប់ឆ្នាំ២០១៩ និងឆ្នាំបន្តបន្ទាប់ ដោយសារ ប្រទេសទាំងពីរ មានទំនាក់ទំនងយ៉ាងល្អប្រសើរ តាំងពីយូរណាស់មកហើយ ។
ថ្លែងសុន្ទរកថាគន្លឹះក្នុងពិធីបើកវេទិកាស្តីពីការជំរុញ និងវិនិយោគកម្ពុជា-ចិន នាទីក្រុងប៉េងកាំង ប្រទេសចិន សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន បានមានប្រសាសន៍ថា រយៈពេលជាង២ ទស្សវត្សរ៍កន្លងមកនេះ កម្ពុជា ត្រូវបានគេទទួលស្គាល់ថា មានការផ្លាស់ប្តូរយ៉ាងប្រសើរ ទាំងទិដ្ឋភាពនយោបាយ សន្តិសុខ សេដ្ឋកិច្ច និងសង្គម ជាមួយអាត្រានៃកំណើនសេដ្ឋកិច្ច ប្រចាំឆ្នាំជាមធ្យម ៧%។


សម្តេចតេជោ បានបន្តថា កំណើនសេដ្ឋកិច្ចខ្ពស់នេះ បានធ្វើឲ្យកម្ពុជាសម្រេចបានឋានៈជាប្រទេស មានចំណូលមធ្យមកម្រិតទាបនៅឆ្នាំ២០១៥ និងស្ថិតនៅលើគន្លងនៃការឈានទៅសម្រេចបាននូវឋានៈជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅត្រឹមឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ២០៥០ ។
រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញ និងកំពុងអនុវត្ត គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា ឆ្នាំ២០១៥-២០២៥ ដែលជាយុទ្ធសាស្រ្តកំណើនសេដ្ឋកិច្ចថ្មី សំដៅធ្វើពិពិធកម្មសេដ្ឋកិច្ច និងកែប្រែរចនាសម្ព័ន្ធឧស្សាហកម្មកម្ពុជា ពីឧស្សាហកម្មអតិពលកម្ម ទៅជាឧស្សាហកម្មផ្អែកលើជំនាញ ត្រឹមឆ្នាំ២០២៥ ដែលគោលនយោបាយនេះ មានភាពស៊ីសង្វាក់គ្នា ជាមួយគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់មួយ ផ្លូវមួយ ។
សម្តេច តេជោសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាល សម្រេចធ្វើកំណែទម្រង់ស៊ីជម្រៅលើប្រព័ន្ធសេដ្ឋកិច្ចផ្ទៃក្នុង តាមរយៈការដាក់ចេញ និងអនុវត្តនូវវិធានការថ្មីមួយ គឺការរក្សាទុកតែភ្នាក់ងារគយប៉ុណ្ណោះ ក្នុងការត្រួតពិនិត្យទំនិញនៅតាមច្រកទ្វារអន្តរជាតិ ច្រកទ្វារព្រំដែនអន្តរជាតិ ច្រកទ្វារព្រំដែនទ្វេភាគី ច្រកទ្វារព្រំដែនតំបន់ និងច្រកទ្វារកំពង់ផែសមុទ្រ តំបន់សេដ្ឋកិច្ចពិសេស ទីកន្លែងសន្និធិគយបណ្តោះអាសន្ន និងទីកន្លែងត្រួតពិនិត្យទំនិញនាំចេញ នាំចូលផ្សេងទៀត ។


សម្តេចបន្តថា ការសម្រេចបែបនេះ គឺជាការអនុវត្តនូវអភិក្រមវះកាត់ ដែលជាការកែទំរង់ដ៏ធំសម្បើមមួយរបស់កម្ពុជា ដើម្បីកាត់បន្ថយភាពស្មុគស្មាញ និងថ្លៃដើម ក្នុងការធ្វើពាណិជ្ជកម្ម សំដៅធ្វើឲ្យកាន់តែល្អប្រសើរនូវបរិយាកាសអំណោយផលសម្រាប់ធុរកិច្ច និងការវិនិយោគ និងការលើកកម្ពស់សមត្ថភាពប្រកួតប្រជែងរបស់កម្ពុជា។
សម្តេច តេជោ នាយករដ្ឋមន្ត្រីបន្ថែមទៀតថា ទំនិញផលិតនៅកម្ពុជា អាចផ្គត់ផ្គង់ទីផ្សារក្នុងស្រុក ទីផ្សារអនុតំបន់មេគង្គ ទីផ្សារអាស៊ាន និងទីផ្សារដទៃទៀត ក្នុងពិភពលោក៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម