Connect with us

អ្នកនាំចេញអង្ករ អះអាងថា កម្ពុជា អាចនាំចេញអង្ករគ្រប់កូតា ដែលចិនអោយក្នុងឆ្នាំ ២០១៩នេះ ចំនួន ៤០ម៉ឺនតោន

ភ្នំពេញ ៖ សហព័ន្ធស្រូវអង្ករកម្ពុជា បានចេញមកសាទរចំពោះលទ្ធផលផ្លែផ្កានៃកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម គឺ ការនាំចេញអង្កររបស់កម្ពុជាទៅកាន់ទីផ្សារចិន ដែលត្រូវបានបង្កើនកូតារហូតដល់ ៤០ម៉ឺនតោន សម្រាប់ ឆ្នាំ ២០១៩នេះ ។


ឧកញ៉ា ហ៊ុន ឡាក់ អនុប្រធានសហ័ន្ធស្រូវអង្ករកម្ពុជាបានលើកឡើងថា ការប្រកាសបង្កើនការទិញអង្ករពីកម្ពុជារបស់រដ្ឋាភិបាលទីក្រុងប៉េកាំងនេះ វានឹងផ្តល់ឳកាសដល់កម្ពុជា ក្នុងការនាំចេញអង្ករទៅទីផ្សារក្រៅប្រទេស បន្ទាប់ពីសហភាពអឺរ៉ុប បានកំណត់ពន្ធនាំចូលអង្ករពីកម្ពុជា។
កាលពីឆ្នាំ ២០១៨កន្លងទៅនេះ ចិន បានបង្កើនកូតាទិញអង្ករពីកម្ពុជាចំនួន ៣០ម៉ឺនតោន ប៉ុន្តែជាលទ្ធផល ការផ្គត់ផ្គត់ទៅឲ្យទីផ្សារដ៏ធំមួយនេះ បានត្រឹមប្រមាណជាង ១៧ម៉ឺនតោនតែប៉ុណ្ណោះ ។
ជុំវិញបញ្ហានេះ ឧកញ៉ា ហ៊ុន ឡាក់ បានពន្យល់ថា មណ្តាលមកពីក្រុមហ៊ុននាំចេញអង្ករក្នុងស្រុកខ្លួនឯង ដែលមិនបានផ្គត់ផ្គង់អង្ករទៅឲ្យភាគីចិន ទៅតាមការបញ្ជាទិញ ដោយសារតែក្រុមហ៊ុនទាំងនោះ រវល់តែផ្គត់ផ្គង់ទៅទីផ្សារសហភាពអឺរ៉ុប ដែលលក់បានតម្លៃខ្ពស់ជាងទីផ្សារចិន ។
ទោះបីជាយ៉ាងនេះ ក្នុងឆ្នាំនេះ ឧកញ៉ា ហ៊ុន ឡាក់ បានបង្ហាញពីក្តីសង្ឈឹមច្រើន ក្នុងការផ្គត់ផ្គង់អង្ករទៅទីផ្សារចិន ឲ្យដល់ផែនការកំណត់ចំនួន ៤០ម៉ឺនតោន ព្រោះថា តាមរយៈភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ ចិននឹងជួយអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា រួមទាំងវិស័យស្រូវអង្ករកម្ពុជាថែមទៀត ។


បើតាមឧកញ៉ា ហ៊ុន ឡាក់ បានឲ្យដឹងថា ប្រភេទអង្ករដែលកម្ពុជា នាំចេញទៅចិន រួមមាន អង្ករសរ ថ្លៃជាមធ្យមប្រមាណជាង ៤០០ដុល្លារ ក្នុងមួយតោន, អង្ករក្រអូបថ្លៃជាង ៧០០ដុល្លារ ក្នុងមួយតោន និង អង្ករក្រអូបប្រណិតជាង ៨០០ដុល្លារ ក្នុងមួយតោន។
សួមរំលឹកថា ក្នុងជំនួបពិភាក្សាការងារជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាទីក្រុងប៉េកាំង ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានសន្យាថា នៅក្នុងឆ្នាំ២០១៩នេះ ចិននឹងបន្តនាំចូលអង្ករចំនួន ៤០ម៉ឺនតោន ពីប្រទេសកម្ពុជា និងខិតខំជំរុញទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីរកើនដល់ ១០ពាន់លានដុល្លានៅឆ្នាំ ២០២៣ ក្នុងនោះ ចិននឹងបន្តលើកទឹកចិត្តដល់វិនិយោគិនចិន ទៅវិនិយោគនៅកម្ពុជា ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម