Connect with us

អ្នកជំនាញ ៖ វិស័យអចលនទ្រព្យកម្ពុជា នឹងមិនរងផលប៉ះពាល់ពាល់ពីការវិវត្តន៍នានា លើពិភពលោកនោះទេ

ភ្នំពេញ ៖ អ្នកជំនាញក្នុងវិស័យអចលនទ្រព្យនៅកម្ពុជា ជឿជាក់ថា ក្នុងរយៈពេលមធ្យម វិស័យអចលនទ្រព្យ ដែលជាវិស័យស្នូលដឹកមុខមួយ នាំឲ្យមានការរីកចម្រើនផ្នែកសេដ្ឋកិច្ចជាតិទាំងមូល នឹងមិនរងផលប៉ះពាល់ណាមួយ ដោយកត្តាផ្សេងៗដែលទើបតែវិវត្តចុងក្រោយនេះ ព្រោះអ្នកវិនិយោគក្នុងវិស័យនេះ សុទ្ធតែបានផ្តោតលើការវិនិយោគរយៈពេលវែង ។


លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) បានអះអាងថា ការវិនិយោគក្នុងវិស័យអចលនទ្រព្យ មិនមែនប្រើរយៈពេលខ្លីទេ យ៉ាងហោចណាស់អ្នកវិនិយោគត្រូវប្រើរយៈពេលមធ្យម និង រយៈពេលវែង ក្នុងការសម្រេចគោលដៅវិនិយោគរបស់ខ្លួន ។ ដូចនេះ ក្នុងរយៈពេលខ្លី កម្រមានផលប៉ះពាល់លើវិស័យ ដែលមានទិសដៅវិនិយោគរយៈពេលវែងនេះណាស់ ។
លោក បានអះអាងថា ព្រឹត្តិការណ៍វិវត្តិថ្មីៗ នៅក្នុងពិភពលោក បានបណ្តាលឲ្យមានការលើកឡើងនូវក្តីកង្វល់មួយចំនួន ថា វិស័យអចលនទ្រព្យនៅកម្ពុជាប្រឈមបញ្ហានានា ។ ប៉ុន្តែក្តីកង្វល់ទាំងនោះ ទំនងមិនអាចក្លាយជាការពិតនោះទេ ព្រោះអ្នកវិនិយោគជាក់ស្តែង បានសិក្សាច្បាស់លាស់ មុនសម្រេចចិត្តដាក់ទុនវិនិយោគ ហើយមានភាគតិចណាស់ ដែលសម្រេចចិត្តវិនិយោគរយៈពេលខ្លី ។

បើយោងតាមរបាយការណ៍របស់ក្រសួងដែនដី នគរូបនីយកម្ម និង សំណង់ បានបង្ហាញឲ្យឃើញថា ការវិនិយោគក្នុងវិស័យអចលនទ្រព្យ ជាពិសេស វិស័យសំណង់នៅតែមានភាពខ្លាំង ហើយ ជាពិសេសបំផុតនោះ គឺ រាជធានីភ្នំពេញ។
ក្រៅពីរាជធានីភ្នំពេញ ខេត្តព្រះសីហនុ គឺជាទិសដៅវិនិយោគបន្ទាប់ ដោយទទួលបាននូវការវិនិយោគយ៉ាងខ្លាំងក្នុងរយៈពេលចុងក្រោយនេះ ។
បើតាមលោក ច្រឹក សុខនីម ការវិនិយោគវិស័យសំណង់ដែលប្រើប្រាស់ទុនក្នុងស្រុក នឹងមិនរងផលប៉ះពាល់នោះទេ ហើយ ស្ថានភាពរបស់កម្ពុជា កំពុងតែផ្តល់អំណោយផលដល់ការវិនិយោគរយៈពេលមធ្យម និង រយៈពេលវែង ៕

    Loading...

    ពេញនិយម