Connect with us

អ្នកជំនាញ ៖ វិស័យអចលនទ្រព្យនៅកម្ពុជា នឹងបន្តមានកំណើនក្នុងរយៈពេល ១៥ឆ្នាំទៀត

ភ្នំពេញ ៖ អ្នកជំនាញ បានអះអាងថា វិស័យអចលនទ្រព្យនៅកម្ពុជា នឹងបន្តមានកំណើនក្នុងរយៈពេលជាង ១៥ឆ្នាំទៀត ទើបដល់ចំណុចមួយ ដែលអាចនឹងមានការធ្លាក់ចុះមកវិញ ។
ថ្លែងក្នុងវេទិកាជាមួយអ្នកសារព័ត៌មាន លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានលើកឡើងថា បើផ្អែកតាមបទពិសោធន៍ វិស័យអចលនទ្រព្យ មានកំណើនក្នុងរយៈពេលពី ២៥ ទៅ ៣០ឆ្នាំ ទើបមានការធ្លាក់ចុះមកវិញ ។ ដូចនេះ បើគិតចាប់ពីឆ្នាំ២០០៨ នៅពេលដែលវិស័យអចលនទ្រព្យនៅកម្ពុជា បានធ្លាក់ចុះ មកទល់ឆ្នាំ២០១៨ គឺទើបតែបាន ១០ឆ្នាំប៉ុណ្ណោះ ។
បើតាមលោក ច្រឹក សុខនីម នៅតំបន់កណ្តាលរាជធានីភ្នំពេញ តម្លៃដី បានហក់ឡើងដល់ ៧ពាន់ដុល្លារក្នុងមួយម៉ែត្រការ៉េ ប៉ុន្តែនៅតែមានតម្លៃទាប បើធៀបដីនៅកណ្តាលទីក្រុងហូជីម៉ិញ ដែលមានតម្លៃចន្លោះ ៨ពាន់ ទៅ១ម៉ឺនដុល្លារ ក្នុងមួយម៉ែត្រការ៉េ និងនៅកណ្តាលទីក្រុងបាងកក ដែលមានតម្លៃជាង ១ម៉ឺនដុល្លារ ក្នុងមួយម៉ែត្រការ៉េ ។
លោក ច្រឹក សុខនីម បានលើកឡើងទៀតថា នៅកម្ពុជា ទើបតែមានអាគារពាណិជ្ជកម្មដែលកម្ពស់ខ្ពស់ ប្រមាណ ៥០ទីតាំងតែប៉ុណ្ណោះ ដូចនេះ ការវិនិយោគទៅលើការសាងសង់អាគារបែបពាណិជ្ជកម្មនេះ នឹងមានកំណើនបន្ថែមទៀត ជាពិសេស គឺនៅរាជធានីភ្នំពេញតែម្តង ។
ពាក់ព័ន្ធវិស័យអចលនទ្រព្យនេះដែរ ឧកញ៉ា ចេង ខេង ប្រធានក្រុមប្រឹក្សាភិបាលសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានអះអាងថា ប្រសិនបើកម្ពុជា នៅតែរក្សាបាននូវកំ ណើនសេដ្ឋកិច្ចក្នុងរង្វង់ ៧ ភាគរយក្នុងមួយឆ្នាំ នោះវិស័យអចលនទ្រព្យកម្ពុជា នឹងនៅតែបន្ត មានកំណើន ដោយមិនមានហានិភ័យកើតឡើងនោះទេ ។
បើតាមឧកញ៉ា ចេង ខេង រហូតមកទល់ពេលនេះ មានគម្រោងសាងសង់អចលនទ្រព្យប្រមាណជាង ៤៣០០០គម្រោង បាន និងកំពុងត្រូវអនុវត្តនៅកម្ពុជា ដែលមានទុនវិនិយោគសរុបជាង ៤៣ ពាន់ លានដុល្លារអាមេរិក ។
ទោះយ៉ាងណា បើតាមរបាយការណ៍ពីក្រសួងដែនដី នគរូបនីយកម្ម និង សំណង់ បានអោយដឹងថា ទុនវិនិយោគលើវិស័យសំណង់ក្នុងឆ្នំា២០១៨កន្លងទៅ មានចំនួនត្រឹមជាង ៥ពាន់លានដុល្លារ អាមេរិក ថយចុះប្រមាណ ១៨ភាគរយ បើធៀបឆ្នាំ ២០១៧ ដែលមានរហូតដល់ជាង ៦ពាន់លាន ដុល្លារអាមេរិក ។
ឧកញ៉ា ចេង ខេង បានបញ្ជាក់ថា ការថយចុះទុនវិនិយោគនេះ គឺដោយសារគម្រោងសំណង់មួយចំនួន ត្រូវបញ្ចប់ក្នុងឆ្នាំ២០១៨ និង ឆ្នាំ២០១៩នេះ ៕

    Loading...

    ពេញនិយម