Connect with us

ឆ្នាំ២០១៩នេះ ការផលិតអំបិលក្នុងស្រុក នឹងអាចឆ្លើយតបតម្រូវការទីផ្សារឡើងវិញ

កំពត ៖ ផលិតកម្មអំបិលរបស់កម្ពុជា ទំនងជាមិនខ្វះខាតសម្រាប់ផ្គត់ផ្គង់តម្រូវការក្នុងស្រុកនោះទេ សម្រាប់ឆ្នាំ២០១៩ ដោយប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានអះអាងថា តាមការព្យាករអាកាសធាតុ ក្នុងឆ្នាំនេះ រយៈពេលនៃការធ្លាក់ភ្លៀង នឹងត្រូវអូសបន្លាយរយៈពេលយូរជាងឆ្នាំកន្លងទៅ ។
កាលពីឆ្នាំ២០១៨ កម្ពុជា បានសម្រេចនាំចូលអំបិលពីបរទេសចំនួន ៣ ម៉ឺនតោន សម្រាប់ផ្គត់ផ្គង់តម្រូវការក្នុងស្រុក ក្រោយការផលិតអំបិលរងការខកចិត្ត មិនបានដល់គោលដៅនៃផែនការផលិត ប្រចាំឆ្នាំ ដែលមានប្រមាណ១២ម៉ឺនតោន ដោយសារអាកាសធាតុប្រែប្រួល ពោលគឺរដូវភ្លៀងបានអូសបន្លាយរយៈពេលយូរ ដល់ខែធ្នូ និង រដូវប្រាំងមានរយៈពេលខ្លី ។


ក្នុងពិធីសំណេះសំណាលជាមួយកម្មករ កម្មការិនី ប្រមាណ ១១,៧៣៨នាក់ មកពីរោងចក្រ សហគ្រាស ចំនួន១២ ដែលមានមូលដ្ឋាននៅស្រុកកំពង់ត្រាច ខេត្តកំពត នៅថ្ងៃទី ២៥ ខែមករា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានលើកឡើងថា ការផលិតអំបិលសម្រាប់ឆ្នាំ២០១៩ នឹងឆ្លើយតបចំពោះតម្រូវការប្រើប្រាស់របស់ប្រជាជនកម្ពុជា ដោយសារអាកាសធាតុឆ្នាំនេះ នឹងរាំងស្ងួតរយៈពេលយូរជាងឆ្នាំមុន។
សម្តេចតេជោ បានលើកឡើងថា ឆ្នាំ២០១៨ ការផលិតអំបិល មានការលំបាក ដោយសារភ្លៀងច្រើន ហើយឆ្នាំនេះ អំបិលរបស់យើង អាចមិនមានបញ្ហាទេ ដោយសារព្យាករអាកាសធាតុ បង្ហាញថា ការធ្លាក់ភ្លៀងប្រហែលជាត្រូវយឺត ដូចនេះ ការផលិតអំបិលដើម្បីផ្គត់ផ្គង់ទូទាំងប្រទេស នឹងមិនមានបញ្ហានោះទេ ។


ប្រភពពីថ្នាក់ដឹកនាំជាន់ខ្ពស់នៃក្រសួងឧស្សាហកម្ម និង សិប្បកម្ម ដែលជាក្រសួងគ្រប់គ្រង់សិប្បកម្មផលិតអំបិលនៅកម្ពុជា ធ្លាប់បានលើកឡើងថា កាលពីរដូវផលិតអំបិលក្នុងឆ្នាំ២០១៨ គឺមានភ្លៀងធ្លាក់ជាប់ជាប្រចាំ ធ្វើអោយកសិករផលិតអំបិល បានតែប្រមាណ ២ ទៅ ៣ពាន់តោន ប៉ុណ្ណោះ នៃផែនការផលិតប្រចាំឆ្នាំប្រមាណ១២ម៉ឺនតោន ដើម្បីផ្គត់ផ្គង់តម្រូវការទីផ្សារ។
ការផ្គត់ផ្គង់អំបិល ត្រូវបានធានាមួយផ្នែកធំពីការផលិតកាលពីឆ្នាំ២០១៦ និង ឆ្នាំ២០១៧ ហើយ សេសសល់មួយចំនួន ត្រូវបញ្ជាទិញពីប្រទេសចិន ។
ផលិតកម្មអំបិល ក្នុងខេត្តកំពតនិងខេត្តកែប មានសហគមន៍ផលិតអំបិលចំនួន ៧ ដែលគ្របដណ្តាប់លើដីស្រែអំបិលជាង ៤ពាន់ហិកតា ហើយត្រូវបានបែងចែកជាក្រុមផលិតតូចៗ ជិត ២០០ ក្រុមផ្សេងទៀត ។
តាមរបាយការណ៍ កម្ពុជា មានតម្រូវការអំបិលប្រមាណ ១ម៉ឺនតោន ក្នុងមួយខែ សម្រាប់ការប្រើប្រាស់ជាគ្រឿងផ្សំនៃម្ហូបអាហារ និងក្នុងវិស័យឧស្សាហកម្ម៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម