Connect with us

អនុក្រឹត្យបញ្ចប់តួនាទីកាំកុងត្រូលតាមព្រំដែនអន្តរជាតិ ត្រូវបានចុះហត្ថលេខារួចហើយ

ភ្នំពេញ ៖ អនុក្រឹត្យបញ្ចប់តួនាទីកាំកុងត្រូលតាមព្រំដែនអន្តរជាតិ ត្រូវបានចុះហត្ថលេខារួចហើយ ខណៈអ្នកប្រកបអាជីវកម្មផ្នែកឯកជន បានសាទរចំពោះដំណើរឆ្ពោះទៅរកការកាត់បន្ថយថ្លៃដើម ក្នុងការធ្វើជំនួញគ្រប់ប្រភេទជាមួយបណ្តាប្រទេសនានាជុំវិញពិភពលោក តាមរយៈការកាត់បន្ថយលើការចំណាយមិនចាំបាច់នានា ។


ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃនេះ បានបញ្ជាក់ថា សម្តេច បានចុះហត្ថលេខារួចហើយលើអនុក្រឹត្យ ដែលបញ្ចប់តួនាទីរបស់សមត្ថកិច្ចកាំកុងត្រូល នៅតាមច្រកទ្វារព្រំដែនអន្តរជាតិ ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានលើកឡើងថា ការបញ្ចប់តួនាទីរបស់កាំកុងត្រូលនៅតាមច្រកព្រំដែនអន្តរជាតិ គឺជាការកាត់បន្ថយនូវឧបសគ្គ និងនិតីវិធីស្មុគ្រស្មាញ ក្នុងការត្រូតពិនិត្យទំនិញនាំចេញ-នាំចូល ដែលបង្កការរំខានដល់អ្នកប្រកបអាជីវកម្ម ។
សម្តេច នាយករដ្ឋមន្ត្រី បានបន្ថែមថា បើទោះបីជារាជរដ្ឋាភិបាល ត្រូវខាតចំណូលជាតិប្រមាណ៣០លានដុល្លារក្នុងមួយឆ្នាំ ប៉ុន្តែផលចំណេញបានទៅលើផ្នែកឯកជនមានទំហំធំជាង ដែលផ្នែកឯកជន នឹងសប្បាយចិត្តក្នុងការបង្កើនកិច្ចខិតខំប្រឹងប្រែងប្រកបអាជីវកម្ម ។
លោក ស៊ិន ចន្ធី ប្រធានសមាគមភ្នាក់ងារបញ្ជូនទំនិញកម្ពុជា ហៅកាត់ថា (CAMFFA) បានគាំទ្រដល់ការសម្រេចចិត្តរបស់រដ្ឋាភិបាល ហើយចាត់ទុកការសម្រេចចិត្តនេះជាការលើកទឹកចិត្តដល់ផ្នែកឯកជនដែលទទួចសុំជាយូរមកហើយ។
លោក ម៉ី កល្យាណ ទីប្រឹក្សាជាន់ខ្ពស់នៃឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ និងជាប្រធានក្រុមប្រឹក្សាភិបាលសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានគាំទ្រចំពោះចំណាត់ការរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី ហើយថា វិធានការនេះ នឹងជួយពង្រឹងសមត្ថភាពផលិតកម្មក្នុងស្រុក ជាពិសេស កាត់បន្ថយការចំណាយរបស់ពាណិជ្ជករ និង វិនិយោគិន។


ក្រោយពីសម្តេចតេជោនាយករដ្ឋមន្ត្រី បានប្រកាសឲ្យដកស្ថាប័នជំនាញមួយចំនួនចេញពីបណ្តាច្រកទ្វារដឹកជញ្ជូនទំនិញរបស់កម្ពុជា សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) ក៏បានចេញសេចក្តីថ្លែងការណ៍គាំទ្រចំពោះការសម្រេចនេះ ដោយលើកឡើងថា កន្លងមករាល់ការអធិការកិច្ចរបស់កាំកុងត្រូល ត្រូវចំណាយប្រមាណ ២៥ម៉ឺនរៀល ក្នុងមួយទូកុងតឺន័រ (តែតម្លៃធ្លាក់ចុះ នៅកុងតឺន័រទី ២និងទី ៣) ខណៈការចំណាយសម្រាប់អធិការកិច្ចរបស់គយអស់ប្រមាណ ៦ម៉ឺនរៀល ក្នុងមួយកុងតឺន័រ ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម