Connect with us

សពខេមរៈ ស្រីពៅ នឹងត្រូវបូជានៅរសៀលថ្ងៃនេះ បន្ទាប់ពីដឹកមកដល់កម្ពុជាវិញ កាលពីយប់ម៉ិញ

ភ្នំពេញ ៖ សពខេមរៈ ស្រីពៅ នឹងដង្ហែចេញពីគេហដ្ឋាននៅវេលាម៉ោង១២ និង៦នាទី ថ្ងៃច័ន្ទ ទី២៨ មករា ២០១៩នេះ ទៅកាន់វត្តសំរោងអណ្តែត សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ នៅជិតគេហដ្ឋានរបស់តារាចម្រៀង ខេមរៈ សិរីមន្ត ដែលជាបងប្រុស ។ តាមការគ្រោងទុក សព នឹងត្រូវបូជា នៅវេលាម៉ោង ១ និង១៥នាទី រសៀល ថ្ងៃទី ២៨ ខែមករានេះ ។


លោក ខេមរៈ សិរីមន្ត ក៏បាននិយាយថា ប្រសិនបើជាអ្នកគាំទ្រទាំងអស់គ្នា ស្រលាញ់ ចង់មានការចូលរួមហែសពរបស់ប្អូនស្រីរបស់គាត់ អាចមកចូលរួមជាមួយបាន ដែលនេះ ការជូនដំណើរចុងក្រោយ ។
គួររំលឹកថា កញ្ញា ខេមរៈ ស្រីពៅ បានទទួលមរណភាពនៅមន្ទីរពេទ្យប្រទេសឥណ្ឌា កាលពីថ្ងៃទី២៥ ខែមករា ដែលបានធ្វើឲ្យគ្រប់គ្នា ពិសេស គឺអ្នកគាំទ្រនាង មានការភ្ញាក់ផ្អើល និងអាឡោះអាល័យខ្លាំងណាស់ ។
សពរបស់កញ្ញា ខេមរៈ ស្រីពៅ ត្រូវបានដឹកពីឥណ្ឌា មកដល់កម្ពុជាវិញ កាលពីយប់ថ្ងៃទី២៧ មករា ដោយមានការចូលរួមពីមហាជនជាច្រើននាក់ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ។


បើតាមក្រុមគ្រួសារ បានប្រាប់អ្នកយកព័ត៌មានថា កន្លងមកក្រុមគ្រួសារទាំងមូល បានព្យាយាមលាក់ពីជំងឺពិតរបស់ ខេមរៈ ស្រីពៅ ក្នុងបំណងលើកទឹកចិត្ត ដើម្បីកុំឱ្យនាងអស់សង្ឃឹមក្នុងជីវិត។ នាង ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យក្នុងប្រទេសថៃ ជាង៣ឆ្នាំ ហើយចុងក្រោយ គឺនៅប្រទេសឥណ្ឌានេះ មានរយៈពេលជាង៣ខែមកហើយ ដោយមានជំងឺសួត និងក្រលៀន ។
តារាចម្រៀង ខេមរៈ ស្រីពៅ ដែលជាប្អូនស្រីបង្កើតរបស់តារាចម្រៀង ខេមរៈ សិរីមន្ត បានទទួលមរណភាពក្នុងអាយុ២៦ឆ្នាំ នាថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩ នាមន្ទីរពេទ្យក្នុងប្រទេសឥណ្ឌា ៕

Loading...

ពេញនិយម