Connect with us

ពលរដ្ឋនៅស្រុកកោះសូទិន ជាង៣ពាន់នាក់ បានទទួលការពិនិត្យសុខភាព ខណៈជាង៩០នាក់ ត្រូវបានបញ្ជូនព្យាបាលបន្ត

កំពង់ចាម ៖ ពលរដ្ឋជាង ៣ពាន់នាក់ នៅស្រុកកោះសូទិន ខេត្តកំពង់ចាម បានទទួលការពិនិត្យសុខភាពដោយមិនគិតថ្លៃ ពីសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ក្នុងនោះ ជាង ៩០នាក់ ត្រូវបានបញ្ជូនមកព្យាបាលបន្តនៅមន្ទីរពេទ្យ ។
បេសកកម្មមនុស្សធម៌ លើកដំបូងប្រចាំឆ្នាំ២០១៩នេះ បានប្រព្រឹត្តទៅកាលពីចុងសប្តាហ៍មុន ក្រោមវត្តមានរបស់លោកស្រី ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត និង លោក គួច ចំរើន អភិបាលខេត្តកំពង់ចាម រួមទាំងយុវជន វេជ្ជបណ្ឌិត និងកម្លាំងស្ម័គ្រចិត្តជាច្រើននាក់ផ្សេងទៀត ។
តាមរបាយការណ៍ បានអោយដឹងថា នៅក្នុងបេសកកម្មមនុស្សធម៌នេះ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA) បានព្យាបាលប្រជាពលរដ្ឋ បានចំនួន ៣ ៣៦០ នាក់ ក្នុងនោះមានជំងឺទូទៅ ជំងឺមាត់ធ្មេញ ជំងឺត្រចៀក ជំងឺភ្នែក រោគស្ត្រី ជំងឺបេះដូង ជំងឺសើស្បែក អេកូសាស្រ្ត ជម្ងឺសន្លាក់ ជំងឺឬសដូងបាត និងបានបញ្ជូនព្យាបាលបន្ត ចំនួន៩១នាក់ ក្នុងនោះ មកព្យាបាលនៅភ្នំពេញ ចំនួន ១៥នាក់ ។


លោកស្រី ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានលើកឡើងថា សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ត្រូវបានផ្ដួចផ្ដើមគំនិត និងយកចិត្តទុកដាក់ដោយសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ចូលរួមជាមួយវិស័យសុខាភិបាល ក្នុងការចុះពិនិត្យ និងព្យាបាលប្រជាពលរដ្ឋតាមបណ្ដាខេត្តនានានៅទូទាំងប្រទេស ដើម្បីលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ ។
រហូតមកទល់ពេលនេះ សមាគម បានចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋ បានជាង២០ម៉ឺននាក់ និងបានបញ្ជូនទៅព្យាបាលបន្តនៅរាជធានីភ្នំពេញ ព្រមទាំងមាន ករណីវះកាត់បេះដូងជួយសង្គ្រោះជីវិតមនុស្សបានជាច្រើននាក់ផងដែរ ក្រោមការឧបត្ថម្ភគាំទ្រដ៏ថ្លៃថ្លារបស់សម្ដេចតេជោហ៊ុនសែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម