Connect with us

សកម្មជនការពារធម្មជាតិនៅសហគមន៍តាបស បានទទួលការគាំទ្រពេញទំហឹងពីរាជរដ្ឋាភិបាល និង រដ្ឋសភា

ព្រះវិហារ ៖ លោក បេន ដេវីស (BEN DEVIS) និងសហគមន៍តាបស ក្នុងភូមិសាស្រ្តខេត្តព្រះវិហារ បានទទួលការគាំទ្រពីរាជរដ្ឋាភិបាល ជាពិសេសក្រសួងបរិស្ថាន និង រដ្ឋសភា ព្រមទាំងទទួលបានការលើកទឹកចិត្តពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ។
លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានប្រកាសទទួលស្គាល់កិច្ចខិតខំប្រឹងប្រែង និងលើកទឹកចិត្តដល់លោក បេន ដេវីស និងសហគមន៍តាបស ក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការការពារ និងអភិរក្សធនធានធម្មជាតិ ក្នុងដែនជម្រកសត្វព្រៃភ្នំត្នោត-ភ្នំពក ។


លោក រដ្ឋមន្រ្តី បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការលើកស្ទួយជីវភាពសហគមន៍មូលដ្ឋាន នៅតាមតំបន់ការពារធម្មជាតិ ដើម្បីធានាលើការការពារ ថែរក្សាវប្បធម៌ ប្រពៃណី ក៏ដូចជាការការពារ អភិរក្ស និងការប្រើប្រាស់ធនធានធម្មជាតិ ប្រកបដោយនិរន្តរភាព ។ លោក រដ្ឋមន្រ្តី ក៏បានអំពាវនាវឲ្យសហគមន៍ និងប្រជាពលរដ្ឋ សហការគ្នា និងមានការឯកភាពគ្នា ក្នុងការប្រើប្រាស់ធនធានធម្មជាតិ ព្រោះ «ធនធានធម្មជាតិ ជារបស់យើងទាំងអស់គ្នា»។
ជាមួយគ្នានេះ លោក រដ្ឋមន្រ្តី បានលើកទឹកចិត្តដល់ប្រជាសហគមន៍តំបន់ការពារធម្មជាតិ គ្រួសារមន្រ្តីឧទ្យានុរក្ស គ្រួសារកងទ័ពនៅក្បែរតំបន់ការពារធម្មជាតិ អាចទទួលបានការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធសហគមន៍ សម្រាប់បង្កើនជីវភាពបន្ថែម ដែលអាចកាត់បន្ថយពីការដាក់សំពាធលើធនធានធម្មជាតិ។


សូមបញ្ជាក់ថា នៅថ្ងៃម្សិលមិញនេះ រថយន្ត១គ្រឿង និងម៉ូតូ ២គ្រឿង ជាអំណោយរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ត្រូវបានប្រគល់ជូនលោក បេន ដេវីស និងសហគមន៍តាបស ខេត្តព្រះវិហារ តាមរយៈប្រតិភូរដ្ឋសភា ដឹកនាំដោយលោក ជា វ៉ាន់ដេត ប្រធានគណៈកម្មការទី៣ និង លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន ។
តាមរបាយការណ៍ បានឲ្យដឹងថា ក្រសួងបរិស្ថាន តាមរយៈមូលនិធិបរិស្ថានសង្គម បានជួយដល់សហគមន៍តាបស ដែលមានលោក បេន ដេវីស និងក្រុមគ្រួសារ ចូលរួមក្នុងគម្រោងអភិវឌ្ឍន៍ទេសចរណ៍ធម្មជាតិ និងការពារ និងអភិរក្សធនធានធម្មជាតិ ក្នុងដែនជម្រកសត្វព្រៃភ្នំត្នោត-ភ្នំពក ខេត្តព្រះវិហារ ក្នុងមួយឆ្នាំចំនួន ២០០០០ដុល្លារអាមេរិក ហើយក្រសួងបរិស្ថាន នឹងគិតគូរបង្កើនថវិកាថែមទៀត នៅពេលគម្រោងមានប្រសិទ្ធភាពនៅឆ្នាំខាងមុខ ។ ជាមួយគ្នានេះ រាជរដ្ឋាភិបាល ក៏បានបំពាក់មេដាយកិត្តយសជូនដល់ លោក បេន ដេវិស និងភរិយាគាត់ផងដែរ។


ក្នុងឱកាសនោះដែរ លោក ជា វ៉ាន់ដេត ក៏បានប្រគល់ថវិការបស់សមាជិករដ្ឋសភា ចំនួន ១៦លានរៀល បន្ថែម ជូនដល់លោក បេន ដេវីស តំណាងឱ្យសហគមន៍តាបស សម្រាប់ចូលរួមចំណែកក្នុងការការពារ និងអភិរក្សធនធានធម្មជាតិផងដែរ ។
គួររំលឹកថា កន្លងមកអនុវត្តតាមអនុសាសន៍របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្រសួងបរិស្ថាន បានអនុវត្តគម្រោងលើកកម្ពស់ជីវភាពសហគមន៍តំបន់ការពារធម្មជាតិនៅឆ្នាំ ២០១៧ និង ឆ្នាំ២០១៨ ដោយផ្តល់ជូនសហគមន៍បានចំនួន២០ ក្នុងនោះ មានប្រជាពលរដ្ឋចំនួន ៥២៥គ្រួសារ បានទទួលមេគោ ពូជជ្រូកឦសាន ពូជមាន់ក្នុងស្រុក និង សម្ភារៈបម្រើទេសចរណ៍ធម្មជាតិ ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម