Connect with us

គិតត្រឹមឆ្នាំ២០១៨ កម្ពុជា នៅពឹងផ្អែកប្រភពថាមពលអគ្គិសនីពីខាងក្រៅ ត្រឹមតែជាង ១៤ភាគរយប៉ុណ្ណោះ

ភ្នំពេញ ៖ អាជ្ញាធរអគ្គិសនីកម្ពុជា បានអះអាងថា ប្រភពនាំចូលថាមពលអគ្គិសនីពីប្រទេសជិតខាង ត្រូវបានកាត់បន្ថយមកនៅត្រឹមតែ ១៤.៥៥% ប៉ុណ្ណោះនៅឆ្នាំ២០១៨ ដែលបានថយចុះជាបន្តបន្ទាប់ពី ៤០.០៦% នៅឆ្នាំ២០១៤ ។
ថ្លែងក្នុងសន្និបាតប្រចាំឆ្នាំរបស់អាជ្ញាធរអគ្គិសនីកម្ពុជា កាលពីពេលថ្មីៗនេះ លោក យឹម វិសិដ្ឋ ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា បានបញ្ជាក់ថា នៅចុងឆ្នាំ២០១៨ ប្រភពផលិតអគ្គិសនីក្នុងស្រុកមានអានុភាព ២,២០៧.៧៦ មេហ្គាវ៉ាត់ ដោយនៅអាណត្តិទី៥ (២០១៤-២០១៨) ការអភិវឌ្ឍន៍ប្រភពអគ្គិសនី បានបន្ថែមអានុភាព ១០៩៩.២មេហ្គាវ៉ាត់ ។ ទន្ទឹមនឹងនេះ អាជ្ញាធរ ក៏បានបញ្ឈប់ដំណើរការប្រភពអគ្គិសនីប្រើប្រេងខ្មៅ ៥២.៧មេហ្គាវ៉ាត់ និងលុបបំបាត់ការផលិតអគ្គិសនីប្រើម៉ាស៊ីនម៉ាស៊ូតរបស់អ្នកកាន់អាជ្ញាបណ្ណអស់ ៣៦.២៣មេហ្គាវ៉ាត ។


លោក យឹម វិសិដ្ឋ ក៏បានអោយដឹងថា នៅចុងឆ្នាំ២០១៨ បរិមាណថាមពលអគ្គិសនី ដែលបានផ្តល់សរុបមាន ៩,៣០៧.៤៤លានគីឡូវ៉ាត់ម៉ោង គឺ កើនឡើង ១.៩១ដងក្នុងអំឡុងឆ្នាំ២០១៤ ដល់ឆ្នាំ២០១៨ ។
ជាមួយគ្នានេះ គិតត្រឹមចុងឆ្នាំ២០១៨ អាជ្ញាធរអគ្គិសនីកម្ពុជា បានផ្តល់ដែនអាជ្ញាបណ្ណឲ្យក្រុមហ៊ុនរដ្ឋ និង ឯកជនចំនួន ១៤,០៧២ភូមិ ស្មើ ៩៩.៣២% នៃចំនួនភូមិសរុប ១៤,១៦៨ ខណៈការសាងសង់បណ្តាញចែកចាយអគ្គិសនី បានទៅដល់ភូមិចំនួន ១២,៣០៥ ស្មើ ៨៦.៨៥% ។
ទន្ទឹមនឹងនេះ នៅចុងឆ្នាំ២០១៨ វឌ្ឍនភាពនៃការភ្ជាប់ចរន្តអគ្គិសនី ឲ្យអ្នកប្រើប្រាស់គ្រប់ប្រភេទមានចំនួន ២,៦៤៥,៦៣០កន្លែង ដែលក្នុងនោះ លំនៅដ្ឋានមានចំនួន ២,៥៣៧,២៨២ខ្នងផ្ទះ អាជីវកម្ម និងឧស្សាហកម្មមានចំនួន ១០២,៣៧៦ កន្លែង និងស្ថាប័នរដ្ឋមានចំនួន ៥,៩៧២កន្លែង ។


លោក យឹម វិសិដ្ឋ ក៏បានបញ្ជាក់ផងដែរថា នឹងបន្តដោះស្រាយបញ្ហាដែលនៅសេសសល់មួយចំនួនទៀត ក្នុងនោះ អាជ្ញាធរអគ្គិសនីកម្ពុជា នឹងសហការជាមួយអគ្គិសនីកម្ពុជា ដើម្បីសិក្សាលម្អិតរកដំណោះស្រាយសមរម្យ ចំពោះតំបន់ ៩៦ភូមិ ឬ ស្មើ ០.៦៨% ដែលមិនទាន់មានអ្នកទទួលចែកចាយ ដោយតំបន់ទាំងនេះ ស្ថិតក្នុងដែនអាជ្ញាបណ្ណឯកជន និង មានលក្ខខណ្ឌពិបាកក្នុងការពង្រីកការផ្គត់ផ្គង់ទៅដល់ ។
ក្រៅពីនេះ អាជ្ញាធរ នឹងបន្តត្រួតពិនិត្យ និងចាត់វិធានការ បញ្ហាយកថ្លៃលើសការកំណត់ ទាំងថ្លៃអគ្គិសនី ថ្លៃភ្ជាប់ចរន្ត ប្រាក់កក់ បង្ខំឲ្យអ្នកប្រើប្រាស់ទិញខ្សែដែលមានថ្លៃខ្ពស់ និងការបំភ័ន្តអ្នកប្រើប្រាស់អំពីកម្លាំងភ្ជាប់អគ្គិសនី ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម