Connect with us

អ្នកជំនាញសេដ្ឋកិច្ច ៖ កម្ពុជា គួរជំរុញការដឹកជញ្ជូនទំនិញតាមផ្លូវទឹក ដែលធូរថ្លៃជាងគេបំផុត

ភ្នំពេញ ៖ លោក ចាន់ សុផល អ្នកជំនាញផ្នែកសេដ្ឋកិច្ច បានអោយដឹងថា ប្រទេសថៃ និងវៀតណាម បានធ្វើការដឹកជញ្ជូនទំនិញ ដូចជាស្រូវ-អង្ករ និងទំនិញធ្ងន់ៗជាច្រើន តាមដងទន្លេ និងព្រែកជីក ដែលធ្វើឱ្យវិស័យស្រូវ-អង្កររបស់គេ មានភាពប្រជែងឈ្នះខ្លាំង ។
លោក បានលើកឡើងថា កន្លងមក កម្ពុជា ក៏បាននាំចេញអង្ករមួយចំនួនធំ តាមច្រកទន្លេ ឆ្លងកាត់ប្រទេសវៀតណាម ដែលធូរថ្លៃជាងតាមឡាន ដឹកទៅកំពង់ផែ ខេត្តព្រះសីហនុ។ ប៉ុន្តែ ឥឡូវពាណិជ្ជករ បានប្រាប់លោកថា វៀតណាម បានបង្កើនរបាំងរដ្ឋបាលច្រើន ដែលធ្វើឱ្យកម្ពុជាពិបាកប្រើប្រាស់ផ្លូវទន្លេនេះ តទៅទៀត ។


លោក ចាន់ សុផល ក៏បានលើកឡើងថា ធ្លាប់ឮគំនិតមួយ កម្ពុជា គួរពិនិត្យមើលលទ្ធភាពសាងសង់ព្រែកជីកផ្នែកខាងក្រោមនៃប្រទេស ដោយភ្ជាប់ពីទន្លេបាសាក់ ទៅខេត្តកំពត ដើម្បីបង្កើតផ្លូវទឹកដឹកជញ្ជូនបាន ដោយមិនចាំបាច់ពឹងពាក់លើទន្លេនៅវៀតណាម ។
គួររំលឹកថា ខណៈដែលសហភាពអឺរ៉ុប ដាក់ចេញវិធានការការពារលើការនាំចូលអង្ករកម្ពុជានោះ ប្រទេសមហាអំណាចសេដ្ឋកិច្ចដ៏ធំ គឺប្រទេសចិន បានសន្យាថា នៅក្នុងឆ្នាំ២០១៩នេះ ចិន នឹងបន្តនាំចូលអង្ករចំនួន ៤០ម៉ឺនតោន ពីប្រទេសកម្ពុជា និងខិតខំជំរុញទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីរកើនដល់ ១០ពាន់លានដុល្លានៅឆ្នាំ ២០២៣ ក្នុងនោះ ចិននឹងបន្តលើកទឹកចិត្តដល់វិនិយោគិនចិន ទៅវិនិយោគនៅកម្ពុជា ។
ទោះជាមានការសន្យាបែបនេះក្តី ក្រុមអ្នកនាំចេញអង្ករមួយចំនួន បានលើកឡើងថា អង្ករកម្ពុជា ប្រឈមការប្រកួតប្រជែងជាមួយអង្ករវៀតណាម និងប្រទេសថៃ ដែលតម្លៃអង្ករគេ មានតម្លៃទាបជាងអង្ករកម្ពុជា ។
ក្រុមអ្នកនាំចេញអង្ករកម្ពុជា បានបញ្ជាក់ថា អង្ករកម្ពុជា ផលិតដោយប្រើថ្លៃដើមខ្ពស់ ហើយការដឹកជញ្ជូនមានតម្លៃខ្ពស់ បូករួមទាំងតម្លៃអគ្គិសនីនៅខ្ពស់ ដូចនេះ ពិបាកប្រកួតប្រជែងជាមួយប្រទេសវៀតណាម និងថៃ ។


តាមរបាយការណ៍ បង្ហាញថា ការនាំចេញអង្ករកម្ពុជា ក្នុងឆ្នាំ ២០១៨ មានប្រមាណ ៦២ម៉ឺនតោន ពោល គឺធ្លាក់ចុះជាង ១ភាគរយ បើធៀបរយៈពេលដូចគ្នា កាលពីឆ្នាំ២០១៧ ។
ក្នុងចំណោមប្រទេសជាង៦០ ដែលទិញអង្ករពីកម្ពុជា គឺប្រទេសចិន ជាប្រទេសដែលទិញអង្ករពីកម្ពុជាច្រើនជាងគេ មានចំនួនជាង ១៧ម៉ឺនតោន តាមពីក្រោយដោយប្រទេសបារាំង ចំនួនជាង៧ម៉ឺនតោន និងម៉ាឡេស៊ី មានចំនួនជិត ៤ម៉ឺនតោន ។ ដោយឡែក សហភាពអឺរ៉ុប បាននាំចូល អង្ករពីកម្ពុជា ជិត ២៧ម៉ឺនតោន ៕

    Loading...

    ពេញនិយម