Connect with us

ក្រសួងសុខាភិបាល អះអាងថា មិនមានករណីពលរដ្ឋ ឈឺដោយសារហូបសាច់មាន់ សាច់ជ្រូក និងសាច់ក្រកនោះទេ

ភ្នំពេញ ៖ កន្លងមកថ្មីៗនេះ មានការផ្សព្វផ្សាយតៗគ្នា អំពីករណីហូបសាច់មាន់ សាច់ជ្រូក សាច់ក្រក បណ្តាលអោយប៉ះពាល់សុខភាពធ្ងន់ធ្ងរ ឬ អាចប៉ះពាល់ដល់អាយុជីវិត ជាច្រើននាក់ថែមទៀតផង ។ ឆ្លើយតបបញ្ហានេះ លោកវេជ្ជបណ្ឌិត លី សូវ៉ាន់ ប្រធាននាយកដ្ឋានប្រយុទ្ធជំងឺឆ្លង អះអាងថា ក្រសួងសុខាភិបាល ពុំបានទទួលរបាយការណ៍ ឬ រកឃើញដូចករណីរៀបរាប់នេះទេ ។
ទោះយ៉ាងណា ដោយសារតែពិធីបុណ្យចូលឆ្នាំចិន ខិតចូលមកដល់ ក្រសួងសុខាភិបាល ក៏បានចេញសេចក្ដីណែនាំមួយ ដោយអំពាវនាវដល់សាធារណជនទាំងអស់ បង្កើនការយកចិត្តទុកដាក់អំពីការបង្ការករណីពុលស្រា និងចំណីអាហារ រួមទាំងការបង្ការការឆ្លងជំងឺគ្រុនផ្ដាសាយបក្សី ។ ការណែនាំនេះ ដោយមើលឃើញថា មាន់ទារាប់ម៉ឺនក្បាល កំពុងត្រូវបានគេនាំចូលពីបណ្ដាខេត្ត និង ប្រទេសជិតខាងមួយចំនួន សម្រាប់ផ្គត់ផ្គង់ក្នុងរដូវកាលនៃពិធីបុណ្យចូលឆ្នាំចិន ។

យោងសេចក្ដីណែនាំរបស់ក្រសួងសុខាភិបាល ប្រទេសកម្ពុជាធ្លាប់មានករណីជំងឺផ្តាសាយបក្សី ប្រភេទ H5N1 ចំនួន ៥៦ ករណី ដែលក្នុងនោះ ៣៧ ករណី បានស្លាប់ក្នុងអំឡុងឆ្នាំ ២០០៥ ដល់ឆ្នាំ ២០១៤។
ចំណែកករណីពុលចំណីអាហារ និងស្រា ត្រូវបានគេពិនិត្យឃើញ កើតមានឡើងជាញឹកញាប់នៅកម្ពុជា ពិសេសនៅតាមតំបន់ទីប្រជុំជននៃបណ្ដាខេត្តមួយចំនួន ដែលបង្កឲ្យមានផលប៉ះពាល់ជាអវិជ្ជមានដល់សុខភាព និងថវិកា ទាំងក្នុងគ្រួសារ និងសង្គមជាតិ។


ក្រសួងសុខាភិបាល បានណែនាំថា បើគ្មានភារកិច្ច សូមកុំចូលទៅក្នុងកសិដ្ឋាន ឬ ប៉ះពាល់បក្សីរស់ ឬ ងាប់ដោយគ្មានការត្រួតពិនិត្យពីបសុពេទ្យ។
ជាមួយនេះ ក្រសួង ក៏បានក្រើនរំលឹកពលរដ្ឋ កុំបរិភោគស្រាសដែលមានសារធាតុមេតាណុលខ្ពស់ លើសពីកម្រិតធម្មតា ០,១៥% និងមិនត្រូវបរិភោគបន្លែ ដែលមានសារធាតុគីមីពុល និងត្រី សាច់ដែលមិនឆ្អិនល្អ ឬ ម្ហូបអាហារដែលមានលក្ខណៈជូរផ្អូមឡើយ ។ ទន្ទឹមគ្នានេះ ក្រសួងសុខាភិបាល ក៏បានអំពាវនាវដល់ស្ថាប័ន និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ត្រូវចូលរួមទប់ស្កាត់ នូវបញ្ហាទាំងនេះ ដោយចុះត្រួតពិនិត្យ និងផ្សព្វផ្សាយអប់រំ ដល់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋានជាប្រចាំ ជាពិសេសអ្នកផលិត និងអ្នកចែកចាយបន្តនូវបន្លែផ្លែឈើទាំងអស់ មិនត្រូវប្រើសារធាតុគីមីពុលដែលត្រូវបានហាមឃាត់ដោយច្បាប់ជាដាច់ខាត ។
ក្រៅពីនេះ ក្រសួង ក៏បានហាមការផលិត ការចែកចាយ និងការធ្វើចរាចរនូវប្រភេទស្រា ដែលគ្មានអត្តសញ្ញាណច្បាស់លាស់ ពិសេសប្រភេទស្រាស ដែលផលិតមិនបានត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស ៕

    Loading...

    ពេញនិយម