Connect with us

អណ្តូងទឹកស្អាត ៦ បានដោះស្រាយបញ្ហាកង្វះទឹករបស់ពលរដ្ឋជិត ២០០គ្រួសារនៅស្រុកចន្ទ្រា

ស្វាយរៀង ៖ ពលរដ្ឋជិត ២០០គ្រួសារ នៅឃុំចំនួន ៣នៃស្រុកចន្ទ្រា ខេត្តស្វាយរៀង ចាប់ផ្តើម មានទឹកប្រើប្រាស់ក្នុងជីវភាពប្រចាំថៃ្ង ជាប្រក្រតីឡើងវិញ ក្រោយពេលដែលអណ្តូងទឹកស្អាតចំនួន៦ ត្រូវបានជីករួចរាល់ និងបើកអោយប្រើប្រាស់ នៅថ្ងៃម្សិលម៉ិញនេះ ។
ឃុំចំនួន៣នៃស្រុកចន្ទា ដែលជួបការខ្វះខាតទឹកស្អាតប្រើប្រាស់យ៉ាងខ្លាំងនៅរដូវប្រាំងនេះ គឺ ឃុំចន្ទ្រា ឃុំទួលស្តី និងឃុំសំរោង ព្រោះរស់នៅឆ្ងាយពីប្រភពទឹក ដែលធ្វើអោយពលរដ្ឋនៅទីនេះ ពិបាកខ្លាំងណាស់ ក្នុងការស្វែងរកប្រភពទឹកស្អាតប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ ។ រហូតមកទល់ពេលនេះ ត្រពាំង បឹងបួរ មួយចំនួន ដែលនៅជិតភូមិដ្ឋានរបស់ពួកគាត់ ក៏ត្រូវរីងស្ងួត ហួតហែងអស់ផងដែរ ។
ក្នុងពិធីប្រគល់អណ្តូងទឹកនេះ លោកស្រី ពេជ ចន្ទមុនី្ន ហ៊ុនម៉ាណែត ប្រធានមូលនិធិអណ្តូងទឹកស្អាត បានអោយដឹងថា ដោយមើលឃើញពីការកង្វះខាតទឹកស្អាតប្រើប្រាស់របស់ប្រជាពលរដ្ឋនៅក្នុងតំបន់នេះ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ឋបណ្ឌិត បានចាត់អោយក្រុមការងារធ្វើអណ្តូងទឹកជូន ដើម្បីបានទឹកប្រើប្រាស់តាមតំរូវការ ។ អណ្តូងទាំងនេះ ជាអំណោយឪពុកម្តាយសម្តេចតេជោ និង សម្តេចកិត្តិព្រឹទ្ឋបណ្ឌិត ដោយក្នុងនោះ មានអណ្តូងលោកតា ហ៊ុន នាង និងលោកយាយ ឌីប៉ុក ចំនួន៣ អណ្តូងលោកយាយ ប៊ុន ស៊ាងលី និងលោកតា លីន គ្រី ចំនួន២អណ្តូង។
លោកស្រី ប្រធានមូលនិធិ ក៏បានសូមអោយលោកយាយ លោកតា ប្រជាពលរដ្ឋទាំងអស់នៅទីនេះ យកចិត្តទុកដាក់ថែរក្សាសុខភាពឲ្យបានល្អ មានអនាម័យខ្ពស់ក្នុងការរស់នៅ គឺ ត្រូវហូបស្អាត ផឹកស្អាត និងរស់នៅស្អាត ។
ក្នុងឱកាសនោះដែរ ក៏មានការពិនិត្យ និងផ្តល់ជាថ្នាំព្យាបាលជំងឺស្រាលៗ ពីសំណាក់ក្រុមគ្រូពេទ្យស្ម័គចិត្តយុវជនសម្តេចតេជោ រីឯអ្នកជំងឺ ដែលមានសភាពធ្ងន់ធ្ងរ ត្រូវបានបញ្ជូនមកភ្នំពេញដើម្បីព្យាបាល ដែលរាល់ការចំណាយទាំងអស់ គឺស្ថិតក្រោមការឧបត្ថម្ភទាំងស្រុងពីសម្តេចតេជោផ្ទាល់ ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម