Connect with us

រូបសំណាក់កំពូលចាប៉ីដងវែងកម្ពុជា គឺ លោកតា ប្រាជ្ញ ឈួន បានសម្ពោធនៅស្រុកកំណើត

តាកែវ ៖ រូបសំណាកលោកតាព្រឹទ្ធាចារ្យ ភិរម្យវោហារ ប្រាជ្ញ ឈួន ដែលជាកំពូលវោហារស័ព្ទចម្រៀងចាប៉ីដងវែងរបស់កម្ពុជា ត្រូវបានសាងសង់រួចរាល់ក្នុងរយៈពេល៣ខែ និងត្រូវបានដឹកយកទៅដាក់តម្កល់ និងបង្ហាញសម្រាប់ប្រជាពលរដ្ឋ បានគោរពបូជា នៅក្នុងបរិវេណវត្តសម៉វត្តីយ៍ ឃុំខ្វាវ ស្រុកទ្រាំង ខេត្តតាកែវ ។


ពិធិសម្ពោធរូបសំណាកលោកតាព្រឹទ្ធាចារ្យ ប្រាជ្ញ ឈួន បានប្រារព្ធធ្វើឡើង នៅថ្ងៃទី២៩ ខែមករានេះ ក្រោមវត្តមានលោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងលោកស្រី ទេព រង្ស៉ី រួមនឹងថា្នក់ដឹកនាំក្រសួងព័ត៌មាន ។
បើតាមរបាយការណ៍ពីអាជ្ញាធរឃុំ បានអោយដឹងថា កាលពីលោកតាព្រឹទ្ធាចារ្យ ភិរម្យវោហារប្រាជ្ញ ឈួន នៅមានជន្មាយុ លោក បានគោរពស្នើសុំលោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងលោកស្រី ចង់បានរូបសំណាកលោកតាមួយ ទុកគ្រាន់ឲ្យកូនចៅជំនាន់ក្រោយ បានស្គាល់ និង គោរពបូជាទុកជាអ្នកប្រាជ្ញមួយរូប ផ្នែកវោហារស័ព្ទចម្រៀងចាប៉ីដងវែងរបស់ខ្មែរ ។
ដោយយោងទៅតាមសំណូមពររបស់លោក ភិរម្យវោហារ ប្រាជ្ញ ឈួន, លោក ខៀវ កាញារីទ្ធ និងលោកស្រី បានមានសមានចិត្តសប្បុរសធម៌ ក៏បានជូនតាមសំណើររបស់លោកតា នូវរូបសំណាកមួយ ដើម្បីដាក់តាំងតម្កល់នៅក្នុងទីអារាមវត្តសម៉វត្តីយ៍នេះ ទុកគ្រាន់កូនចៅនៅក្នុងស្រុក ក៏ដូចជាសម្រាប់ប្រជាជនទូទៅ បានស្គាល់ និងគោរពបូជា នៅទីនេះ ។


រូបសំណាកនេះ គឺ ឆ្លាក់អំពីថ្មភក់ ទំហំទទឹង 0.៨ ម៉ែត្រ និងកំពស់ ១.២0ម៉ែត្រ អង្គុយកាន់ចាប៉ីដងវែង ជាសកម្មភាពកំពុងតែសម្ដែងចម្រៀងចាប៉ី ជូនមហាជនស្ដាប់កម្សាន្ត ។ រូបសំណាកលោកតាព្រឹទ្ធាចារ្យ ភិរម្យវោហារ ប្រាជ្ញ ឈួន ចាប់ផ្ដើមកសាងឡើងនៅថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ ២០១៨ រហូតដល់ថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ ២០១៨ ទើបរួចរាល់ជាស្ថាពរ ដែលមានរយៈពេលជាងបីខែដោយចំណាយថវិកាផ្ទាល់របស់លោក រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ និងលោកស្រី ទេព រង្ស៉ី ។
សូមបញ្ជាក់ផងដែរថា កាលពីលោកតាព្រឹទ្ធាចារ្យ ភិរម្យវោហារ ប្រាជ្ញ ឈួន នៅមានជន្មាយុ បានគុណលោក ខៀវ កាញារីទ្ធ និងលោកស្រី ជួយសាងសង់ផ្ទះមួយខ្នង និងឧបត្ថម្ភថវិកាប្រចាំខែ ជួយលោកតា ប្រាជ្ញ ឈួន ជាបន្តបន្ទាប់ ដែលនេះ ជាមហាករុណាទិគុណដ៏ធំធេងណាស់របស់លោក រដ្ឋមន្រ្តី និងលោកស្រី ចំពោះលោកតា ប្រាជ្ញ ឈួន ៕

 

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម