Connect with us

ក្រសួងពាណិជ្ជកម្ម ៖ សហរដ្ឋអាមេរិក ជាទីផ្សារធំទី២ សម្រាប់ការនាំចេញទំនិញរបស់កម្ពុជា

ភ្នំពេញ ៖ ទំហំពាណិជ្ជកម្មសរុបរវាងកម្ពុជា និងសហរដ្ឋអាមេរិក នៅក្នុងឆ្នាំ២០១៨ មានទឹកប្រាក់ប្រមាណ ៣ពាន់ ៣១០ លានដុល្លារអាមេរិក បានកើនឡើង ២៧% ធៀបឆ្នាំ២០១៧ ដែលមានត្រឹមតែ ២ពាន់ ៦១០ លានដុល្លារអាមេរិក ។ ក្នុងនោះ ការនាំចេញរបស់កម្ពុជា មានតម្លៃ ២ពាន់ ៨៨០ លានដុល្លារ និងការនាំចូលមានតម្លៃ ៤២៦លានដុល្លារ ធ្វើឱ្យសហរដ្ឋអាមេរិក ក្លាយជាទីផ្សារធំលំដាប់ទីពីរ របស់កម្ពុជា ។


នៅក្នុងពិធីបើកកិច្ចប្រជុំក្រុមប្រឹក្សាចម្រុះ លើកទី៥ ស្តីពីកិច្ចព្រមព្រៀងក្របខណ្ឌវិនិយោគ និងពាណិជ្ជកម្មរវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលសហរដ្ឋអាមេរិក (5th TIFA) ដែលរៀបចំឡើងនៅ ខេត្តសៀមរាប នៅថ្ងៃម្សិលម៉ិញនេះ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម កម្ពុជា បានថ្លែងអំណរគុណសហរដ្ឋអាមេរិក ដែលបានផ្តល់ប្រព្រឹត្តិកម្មអនុគ្រោះ GSP សម្រាប់ទំនិញកាបូបដាក់សម្ភារៈធ្វើដំណើរ និងជំនួយបច្ចេកទេសដល់កម្ពុជា ក្នុងការអភិវឌ្ឍន៍ច្បាប់ស្តីពីឧបាស្រ័យពាណិជ្ជកម្ម, ការសិក្សាលទ្ធភាពអនុវត្តកិច្ចព្រមព្រៀងស្តីពីកិច្ចសម្រួលពាណិជ្ជកម្ម និង កម្មវិធីកសាងសមត្ថភាពផ្សេងទៀត។
លោក បានលើកឡើងអំពីវឌ្ឍនភាពនៃកំណើនសេដ្ឋកិច្ចដ៏រឹងមាំរបស់កម្ពុជា និងការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការបន្តអនុវត្តគោលនយោបាយបើកចំហរ និងការធ្វើសមាហរណកម្មសេដ្ឋកិច្ច នៅគ្រប់កម្រិត ដើម្បីទាក់ទាញការវិនិយោគ សំដៅធ្វើពិពិធកម្មឱកាសការងារ និងប្រាក់ចំណូលជូនប្រជាជន ព្រមទាំងប្រែក្លាយកម្ពុជា ទៅជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសដែលមានចំណូលកម្រិតខ្ពស់ នៅឆ្នាំ២០៥០។


ទន្ទឹមគ្នានោះដែរ លោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ ក៏បានបង្ហាញជំនឿមុតមាំថា ប្រទេសទាំងពីរ ត្រូវការពង្រឹងកិច្ចសហប្រតិបត្តិការថែមទៀត ស្របពេលដែលពិភពលោក មានការផ្លាស់ប្តូរមិនទៀងទាត់ នៅក្នុងរបៀបវារៈពាណិជ្ជកម្មអន្តរជាតិ ហើយតាមរយៈកិច្ចប្រជុំក្រុមប្រឹក្សា TIFA លើកទី៥ នេះ គឺជាឱកាសដ៏សំខាន់មួយ សម្រាប់ភាគីទាំងពីរ ធ្វើការតាមដាន និងធ្វើបច្ចុប្បន្នភាពបញ្ហាដែលនៅសេសសល់ រួមជាមួយបញ្ហាថ្មីៗផ្សេងទៀត ដើម្បីបម្រើឧត្តមប្រយោជន៍ប្រទេសទាំងពីរ ដូចដែលមានចែងនៅក្នុងរបៀបវារៈនៃកិច្ចប្រជុំ ។
សូមជម្រាបថា នៅក្នុងឆ្នាំ២០១៨ វិស័យពាណិជ្ជកម្មរបស់កម្ពុជា មានវឌ្ឍនភាពគួរឱ្យកត់សម្គាល់ នៅក្នុងនោះ ការនាំចេញទំនិញសរុបរបស់កម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ មានទឹកប្រាក់ជាង ១២ ពាន់លានដុល្លារអាមេរិក ដែលបានកើនឡើង ១០% ធៀបឆ្នាំ២០១៧ ហើយទឹកប្រាក់នេះ ត្រូវបានគេព្យាករណ៍ ថា អាចនឹងកើនឡើងដល់ប្រមាណ ១៣ពាន់លានដុល្លារអាមេរិក ក្នុងឆ្នាំ២០១៩ ខាងមុខ៕

    Loading...

    ពេញនិយម