Connect with us

អាជ្ញាធរជាតិ បើកការត្រួតពិនិត្យគ្រឿងញៀនទិសឦសាន ដែលតែងតែមានការនាំគ្រឿងញៀន ឆ្លងកាត់ពីប្រទេសជិតខាង

ខេត្តស្ទឹងត្រែង ៖ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានដឹកនាំការត្រួតពិនិត្យគ្រឿងញៀនទិសឦសាន និងការអនុវត្តផែនការភូមិ-ឃុំ/សង្កាត់ ស គ្មានគ្រឿងញៀន នៅខេត្តស្ទឹងត្រែង ដោយមានការចូលរួមពីមន្រ្តីមកពីប្រទេសថៃ វៀតណាម និង ឡាវ ។
បើតាមនាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ បានអោយដឹងថា ខេត្តស្ទឹងត្រែង និង ខេត្តព្រះវិហារ ជាខេត្តដែលពួកឧក្រិដ្ឋជនគ្រឿងញៀន បាននាំឆ្លងកាត់ញឹកញាប់ចូលមកកម្ពុជា នូវប្រភេទគ្រឿងញៀនមេតំហ្វេតាមីន(Ice-Wy) កេតាមីន ហេរ៉ូអ៊ីន និង កញ្ឆាក្រៀម ដោយកម្ពុជា បានបើកប្រតិបត្តិបង្រ្កាបបានជាច្រើនករណី ។


ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្រ្តី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានកោតសសើរ និងអរគុណចំពោះប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធទាំងអស់ នៃបណ្តាខេត្តភាគឦសាន ដែលបានចូលរួមចំណែកយ៉ាងធំធេង ក្នុងការទប់ស្កាត់លំហូរចូលគ្រឿងញៀនខុសច្បាប់ពីតំបន់ព្រំដែន ចូលក្នុងប្រទេស ដែលសកម្មភាពទាំងនេះ បានជួយដោះស្រាយបញ្ហាជាច្រើន គួរឱ្យកត់សំគាល់ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន ។
នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានបញ្ជាក់ថា កម្ពុជា មិនមែនជាប្រទេសផលិតគ្រឿងញៀននោះទេ តែជាប្រទេស មានការចរាចរគ្រឿងញៀនឆ្លងកាត់ពីប្រទេសនានាក្នុងតំបន់ ចូលមកក្នុងប្រទេសកម្ពុជា និង បន្តនាំចេញទៅប្រទេសទី៣ ។
តាមរបាយការណ៍របស់អាជ្ញាធរមានសមត្ថកិច្ច ពិនិត្យឃើញថា ខេត្តភាគឦសាន ជាពិសេស គឺខេត្តស្ទឹងត្រែង និង ខេត្តព្រះវិហារ ជាខេត្តដែលមានការចរាចរឆ្លងកាត់គ្រឿងញៀនពីតំបន់ព្រំដែនកម្ពុជា-ឡាវ ចូលក្នុងប្រទេស ក្នុងនោះ មួយចំនួន បន្តនាំទៅដល់ប្រទេសថៃ និងវៀតណាម ខណៈនៅសល់មួយចំនួន ប្រើប្រាស់ក្នុងប្រទេស ។


ជាងនេះទៅទៀត គោលដៅដែលប្រឈមមួយចំនួន មានដូចជា តំបន់ទេសចរណ៍ ក្នុងក្លិបកំសាន្ត ផ្ទះសំណាក់ និងសំណង់មិនរៀបរយ ដែលធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់យុវជន និងខាតបង់នូវធនធានមនុស្សសម្រាប់អភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ ។
គូសបញ្ជាក់ផងដែរថា ដោយសារតែភូមិភាគឦសានកម្ពុជា នៅតែជាទីតាំងប្រឈម និង ស្មុគស្មាញ ដែលឈ្មួញតែងតែយកធ្វើជាកន្លែងលបលួចចរាចរគ្រឿងញៀនឆ្លងកាត់ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានផ្តួចផ្តើមគំនិតដាក់ចេញនូវផែនការភូមិស គ្មានគ្រឿងញៀន ចំនួន ៥ភូមិ ជាប់ព្រំដែនកម្ពុជា-ថៃ កម្ពុជា-ឡាវ គឺ នៅខេត្តស្ទឹងត្រែង មានពីរភូមិ (ភូមិខាំផាន់ ភូមិលើ) និង ខេត្តព្រះវិហារ មានបីភូមិ (ភូមិកំពង់ស្រឡៅ១ ភូមិអានសេះ និងភូមិឈើទាលគង) ៕

    Loading...

    ពេញនិយម