Connect with us

ពលរដ្ឋ ៤០ភាគរយ អាស្រ័យផលនៅបឹងសំរោង នៅមិនទាន់យល់ព្រម រុះរើស៊ង និងស្រះ ចិញ្ចឹមត្រី

ភ្នំពេញ ៖ ការរុះរើស៊ង និងស្រះចិញ្ចឹមត្រីទាំងអស់នៅក្នុងបឹងសំរោង ស្ថិតក្នុងខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ នៅមិនទាន់សម្រេចជាស្ថាពរ បើទោះបីជាហួសថ្ងៃឱសានវាទទៅហើយ ។


បើយោងតាមលោក ស៊ឹម សុផង់ នាយករដ្ឋបាល ខណ្ឌព្រែកព្នៅ បានថ្លែងប្រាប់សារព័ត៌មានក្នុង ស្រុកអោយដឹងថា រហូតមកទល់ពេលនេះ ទើបតែមានពលរដ្ឋប្រមាណ ៦០ ភាគរយ ក្នុងចំណោម ៣០២ គ្រួសារ ដែលអាស្រ័យផលដោយការចិញ្ចឹមត្រីក្នុងបឹងសំរោង បានព្រមទទួលយកសំណងទូទាត់តាមគោលនយោបាយ ។ ជាមួយគ្នានេះ អាជ្ញាធរ ក៏បានចាប់ផ្តើមប្រតិបត្តិការដាក់គ្រឿងចក្រចូល បង្ហូរទឹកចេញដើម្បីធ្វើការស្តារបឹងនេះ ។
លោក បន្តថា សំណងនោះ គឺដោះស្រាយទៅលើចំនួនកូនត្រីដែលពួកគាត់មាន ដោយមិនរាប់បញ្ចូលការខូចខាតសម្ភារ ដូចជា ស៊ង និងស្រះចិញ្ចឹមត្រីនោះទេ។ ដោយឡែក ពលរដ្ឋដែលមិនព្រមទទួលយកសំណង បានអះអាងថា នៅបន្តអាស្រ័យផលដដែល ដើម្បីរង់ចាំសំណងដែលខ្លួនអាចទទួលយកបាន ។


គួររំលឹកថា អាជ្ញាធរខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ បានអះអាងថា នឹងធ្វើការស្តារបឹងសំរោងឡើងវិញ និងបានតម្រូវអោយម្ចាស់ស៊ង និងស្រះចិញ្ចឹមត្រីទាំងអស់ ត្រូវរុះរើចេញអោយអស់ ក្នុងរយៈពេល១០ថ្ងៃ ខណៈម្ចាស់ស្រះចិញ្ចឹមត្រី និយាយថា ការដាក់ឱសានវាទ ដូចជាលឿនពេក។
សេចក្តីជូនដំណឹងរបស់រដ្ឋបាលខណ្ឌព្រែកព្នៅ ចុះថ្ងៃទី ១៤ មករា លើកឡើងថា ដើម្បីការពារផ្ទៃបឹងសំរោងទំហំ ៣៣៦ ហិកតា ជាសម្បត្តិសាធារណៈរបស់រដ្ឋ និងថែរក្សាមុខងារបឹងជាអាងស្តុកទឹក ដែលជាប្រព័ន្ធរំដោះទឹកជន់លិច ១ភាគពីក្នុងរាជធានីភ្នំពេញ និង ១ភាគ ពីបណ្តាខេត្តនានានោះ អាជ្ញាធរ នឹងចាត់ឲ្យមន្ត្រីជំនាញពាក់ព័ន្ធ ធ្វើការស្តារបឹងនេះ ឡើងវិញ។
យោងតាមលិខិតនេះ ក៏បានលើកឡើងថា កន្លងមក បឹងនេះ ត្រូវបានរងនូវការទន្ទ្រានកាន់កាប់ ការសាងសង់ទំនប់លើផ្ទៃបឹង ធ្វើឲ្យផ្ទៃបឹងគោករាក់ និងរួមតូចទៅៗ លែងបំពេញមុខងាររបស់ខ្លួនតទៅទៀតបាន ។ ក្នុងករណីដែលមិនអនុវត្តតាមការណែនាំនេះ អាជ្ញាធរ មិនទទួលខុសត្រូវចំពោះការខូចខាតឡើយ ។


តាមអនុក្រឹត្យលេខ៦៥ ចុះថ្ងៃទី ៩ ខែមិថុនា ឆ្នាំ ២០០៨ បានកំណត់ផ្ទៃបឹងសំរោង ដែលពីមុនស្ថិតក្នុងឃុំសំរោង ស្រុកពញាឮ ខេត្តកណ្តាល ក្រោយមកផ្ទៃបឹងនេះ ត្រូវបានកាត់ចេញពីខេត្ត កណ្តាលឲ្យស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញវិញ នៅឆ្នាំ ២០១៤ ថា ទុកជាសម្បត្តិសាធារណៈរបស់រដ្ឋ ៕

    Loading...

    ពេញនិយម