Connect with us

សមត្ថកិច្ច នឹងចុះធ្វើការដកហូតផាវ និង កាំជ្រួច ដើម្បីកុំអោយមានការបង្កសម្លេងផ្ទុះ អំឡុងបុណ្យចូលឆ្នាំចិន

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានហាមការដុតផាវ កាំជ្រួច និងការបង្កសម្លេងផ្ទុះគ្រប់ប្រភេទ ចាប់ពីថ្ងៃទី០៤ ដល់ថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៩ ដែលជាអំឡុងពេលនៃពិធីបុណ្យចូលឆ្នាំ ប្រពៃណីចិន ។
ការចេញសេចក្តីជូនដំណឹងនេះ គឺដើម្បីរក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ហើយជនណាបំពានលើសេចក្តីណែនាំនេះ ឬ ប្រព្រឹត្តល្មើសបង្កឱ្យមានចលាចលក្នុងសង្គម ត្រូវទទួលទោសតាមច្បាប់ជាធរមាន។


សាលារាជធានីភ្នំពេញ ក៏បានបញ្ជារឲ្យអាជ្ញាធរមានសមត្ថកិច្ចគ្រប់ថ្នាក់ ត្រូវចាត់វិធានការឱ្យម៉ឺងម៉ាត់បំផុត កុំឲ្យមានការនាំចូលផាវ កាំជ្រួច ជាតិផ្ទុះគ្រប់ប្រភេទ តាមច្រកចូលរាជធានីភ្នំពេញ និងត្រូវត្រួតពិនិត្យដកហូតវត្ថុទាំងនេះ ដែលមានតាំងលក់នៅគ្រប់ទីកន្លែងក្នុងរាជធានីភ្នំពេញ ។
ជាមួយគ្នានេះ សាលារាជធានីភ្នំពេញ ក៏បានហាមដាច់ខាត មិនឱ្យលេងល្បែងគ្រប់ប្រភេទដែលមានលក្ខណៈស៊ីសង និងរាល់ការហែក្បួនផ្សេងៗទាំងបែបសាសនា ឬប្រពៃណីដែលគ្មានការអនុញ្ញាត ត្រូវបានហាមឃាត់ ។
ដោយឡែក នៅគ្រប់ទីកន្លែងកម្សាន្តសប្បាយនានា មន្ទីរអង្គភាព រោងចក្រ សហគ្រាស គេហដ្ឋាន ត្រូវរក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ សេចក្តីថ្លៃថ្នូរ និងត្រូវប្រុងប្រយ័ត្នក្នុងការអុជទៀនធូប ក្រដាសសែន ភ្លើងចង្ក្រាន ចរន្តអគ្គិសនី ដែលអាចបង្កឱ្យមានគ្រោះអគ្គិភ័យកើតឡើងជាយថាហេតុ។ ទន្ទឹមគ្នានេះ ការដុតក្រដាសសែន ត្រូវប្រើធុងដែក ឬឆ្នាំងដី ដើម្បីដុត ដោយហាមដាច់ខាតមិនឱ្យដុត លើចិញ្ចើមផ្លូវ ឬ ទ្រូងផ្លូវសាធារណៈ។
ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងបញ្ជាការដ្ឋានយោធភូមិភាគពិសេស ត្រូវចេញបទបញ្ជាឱ្យបានម៉ឺងម៉ាត់ ដល់កម្លាំងរបស់ខ្លួន ដើម្បីអនុវត្តឱ្យមានប្រសិទ្ធភាព។


សូមបញ្ជាក់ថា ពិធីសែនចូលឆ្នាំប្រពៃណីចិន នឹងប្រារព្ធធ្វើឡើងនៅថ្ងៃទី ៤ ខែកុម្ភៈ ឆ្នាំ២០១៩ ហើយពិធីចូលឆ្នាំចិន នឹងចាប់ផ្តើមពីថ្ងៃទី ៥ ដល់ថ្ងៃទី ៧ ខែកុម្ភៈ ។ ជារៀងរាល់ឆ្នាំ នៅរាជធានី ភ្នំពេញ តែងតែសង្កេតឃើញមានការរៀបចំពិធីតាមប្រពៃណីចិនជាច្រើន សម្រាប់អ្នកដែលជាប់ ខ្សែរស្រឡាយចិន ។ ជាមួយគ្នានេះ នៅតាមទីផ្សារនានា ទំនិញ និងសម្ភារដែលបម្រើអោយការសែនព្រេននានា កំពុងត្រូវបានដាក់តាំងលក់ច្រើន ចាប់ពីថ្ងៃម្សិលម៉ិញ ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម