Connect with us

កំពង់ផែឡុងប៊ិច នឹងពិនិត្យលទ្ធភាពផ្តល់អាហារូបករណ៍ផ្នែកអប់រំ និងកសាងសមត្ថភាពដល់មន្រ្តីកម្ពុជា

ភ្នំពេញ ៖ ប្រតិភូកំពង់ផែទីក្រុងឡុងប៊ិច រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក នឹងពិនិត្យមើលលទ្ធ ភាពផ្តល់អាហារូបករណ៍ផ្នែកអប់រំ និងកម្មវិធីកសាងសមត្ថភាពដល់មន្រ្តីកម្ពុជា ពាក់ព័ន្ធនឹងផ្នែក ភស្តុភារកម្ម កំពង់ផែ និងនាវាចរណ៍ ។
ការសន្យានេះ បានធ្វើឡើងក្នុងជំនួបនៅថ្ងៃទី៣០ ខែមករានេះ រវាងប្រតិភូកំពង់ផែទីក្រុងឡុងប៊ិច ដឹកនាំដោយលោក Robert Garcia អភិបាលក្រុងឡុងប៊ិច ជាមួយនឹងលោក ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ។
ក្នុងជំនួប លោក ទេសរដ្ឋមន្រ្តី បានលើកឡើងអំពីការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ និងសមិទ្ធផលសម្រេចបាននានារបស់កម្ពុជា និងបានកត់សម្គាល់អំពីការអនុវត្តកំណែទម្រង់ស្ថាប័ននៅក្នុងវិស័យនានានៃរាជរដ្ឋាភិបាល ។


លោក ទេសរដ្ឋមន្រ្តី ក៏បានគូសបញ្ជាក់អំពីគំនិតផ្តួចផ្តើមកំណែទម្រង់ជាច្រើន ដែលកំពុងត្រូវបានអនុវត្ត ជាពិសេសដោយក្រសួងសាធារណការ និងដឹកជញ្ជូន, ការលើកទឹកចិត្តពីច្បាប់វិនិយោគ និងបានជម្រាបជូនព័ត៌មានបច្ចុប្បន្នភាព អំពីក្រុមហ៊ុនអាមេរិក ដែលកំពុងធ្វើធុរកិច្ចនៅកម្ពុជា។
ទាក់ទងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធភស្តុភារកម្ម លោក ទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានបង្ហាញអំពីការពង្រីកកំពង់ផែនៅក្រុងព្រះសីហនុ និងរាជធានីភ្នំពេញ ការបង្កើតផែនការមេភស្តុភារកម្មជាតិ គាំទ្រដោយធនាគារពិភពលោក និងទីភ្នាក់ងារJICA រួមទាំងគោលនយោបាយជាតិដ៏សំខាន់ៗផ្សេង ទៀតរបស់រាជរដ្ឋាភិបាលកម្ពុជា។


អភិបាលក្រុងឡុងប៊ិច លោក Robert Garcia បានសម្តែងនូវការកោតសរសើរដល់ការរីកចម្រើនរបស់កម្ពុជា និងបង្ហាញពីឆន្ទៈរបស់ខ្លួន ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងរវាងសហគមន៍កម្ពុជា និងសហគមន៍ធុរកិច្ចទីក្រុងឡុងប៊ិច។
សូមបញ្ជាក់ថា ទីក្រុងឡុងប៊ិច រដ្ឋកាលីហ្វ័រញ៉ា មានសហគមន៍ខ្មែរ ដែលធំជាងគេបង្អស់ និងចាស់ជាងគេនៅសហរដ្ឋអាមេរិក ដែលមានប្រជាជនកម្ពុជាយ៉ាងតិច ២០ ០០០នាក់ កំពុងរស់នៅទីនោះ ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម